
ភំពេញ៖ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងរដ្ឋសភាវៀតណាម បានបង្ហាញជំហរដូចគ្នា ដោយសន្យាថា នឹង គាំទ្រគ្នាទៅវិញទៅមក លើកិច្ច សហប្រតិបត្តិការនានា ដែលនឹងជួយដល់ការ ស្តារសេដ្ឋកិច្ច សង្គម ឱ្យមានការងើបឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។ នេះបើយោងតាមក្រសួងព័ត៌មាន។
ប្រភពដដែលបានឲ្យដឹងថា ការបញ្ជាក់ជំហរនេះ ធ្វើឡើងក្នុងជំនួបសន្ទនាការងាររវាងសម្តេចលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក វឿង ឌីញ ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភាវៀតណាម តាមប្រព័ន្ធវីដេអូពីចម្ងាយ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ។

លោក វឿង ឌីញ ហ្វេ លើកឡើងថា ភាគីវៀតណាម នឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាព ជាមួយកម្ពុជាឱ្យកាន់តែរឹងមាំឡើង ដើម្បីស្តារ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសទំាងពីរឱ្យ កាន់តែរីកចម្រើនឡើង នៅក្រោយវិបត្តិកូវីដ-១៩បានបញ្ចប់ទៅ។
លោក ហេង សំរិនឆ្លើយតបថា មរតកនៃមិត្តភាពយូរអង្វែងរវាងកម្ពុជានិង វៀតណាមបានធ្វើឱ្យមានកិច្ចសហប្រតិបត្តិការ ស្ទើរគ្រប់វិស័យ ដោយនៅក្នុងនោះបាន ជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ឱ្យនៅតែបន្តកើនឡើងខ្ពស់នាដើមឆ្នាំ២០២១ នេះ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩យ៉ាងណាក្តី។
លោក ហេង សំរិនក៏បានថ្លែងអំណរគុណដល់រដ្ឋសភាវៀតណាម ដែលបានផ្តល់ជំនួយថវិកា ប្រមាណ ២៥លានដុល្លារ ដល់រដ្ឋសភាកម្ពុជា ក្នុងកសាងអគាររដ្ឋបាល ដែលមកដល់ពេលនេះ គម្រោងបានមនិងកំពុងដំណើរការសិក្សាលើការងារបច្ចេកទេស និងរំពឹងថា នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ នឹងរៀបចំពិធីបើកការដ្ឋានសាងសង់៕