ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងសមាគមទាំងបី ដើម្បីលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា បរិយាបន្នហិរញ្ញវត្ថុ ការ
កសាងសមត្ថភាព និងការលើកកម្ពស់ប្រព័ន្ធអេកូ-បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា សម្រាប់ការធ្វើធុរកិច្ចក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ គឺជាតឹកតាងបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមរបស់សមាគមទាំងបី ក្នុងការលើកកម្ពស់បន្ថែមទៀតលើការអភិវឌ្ឍក្របខណ្ឌបច្ចេកវិទ្យាហិរញ្ញវត្ថុ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវគោលដៅនៃការអនុវត្តបច្ចេកវិទ្យា និងការធ្វើបរិវត្តិកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលរួមមាន ប្រជាជនឌីជីថល ធុរកិច្ចឌីជីថល និង រដ្ឋាភិបាលឌីជីថល។
លោក Raymond Siaប្រធានសមាគមធនាគារនៅកម្ពុជាមានប្រសាសន៍ថា៖«យើងចង់បញ្ជាក់ថា ឌីជីថលូនីយកម្ម នវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺនៅជុំវិញអតិថិជនរបស់យើង។ ឧស្សាហកម្មហិរញ្ញវត្ថុគឺឧស្សាហកម្មបម្រើដល់ប្រជាជន (people-centric industry) ហើយសេវាហិរញ្ញវត្ថុគឺជាសេវាចាំបាច់ដំបូងគេ។ ដើម្បីពង្រឹងប្រព័ន្ធ និងដើម្បីធានាថាសេវាហិរញ្ញវត្ថុបានទៅដល់ប្រជាជនកម្ពុជាគឺមានសារៈសំខាន់ណាស់ សម្រាប់ភាពជោគជ័យ និងនិរន្តរភាពនៃវិស័យនិងសេដ្ឋកិច្ច។
គួរបញ្ជាក់ដែរថា អនុស្សរណៈយោគយល់គ្នាទាំងបីភាគីនេះ និងក្លាយជានិមត្តិសញ្ញានៃការបន្តការប្តេជ្ញាចិត្តរវាងសមាគមទាំងបីទៅក្នុងវិស័យហិរញ្ញវត្ថុ និងប្រជាជនកម្ពុជា។ អនុស្សរណៈយោគយល់គ្នានេះមានរបៀបវារៈសំខាន់ៗរួមមាន៖ ការសហការដើម្បីបម្រើដល់ដៃគូនៅក្នុងឧស្សាហកម្ម ចំពោះវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ សហគមន៍ធុរកិច្ចបង្កើតថ្មីនៅកម្ពុជា, ចូលរួមអនុវត្តនិងតាមដាននូវការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងការសហការរួមគ្នាលើសកម្មភាពនៃការអនុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការកសាងសមត្ថភាព។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍នៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នានេះថា៖«ខ្ញុំបាទជឿជាក់ថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅកម្ពុជា(CAFT) នឹងចូលរួមចំណែកយ៉ាងសំខាន់ មិនត្រឹមតែជួយលើកស្ទួយប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសថ្មីមួយសម្រាប់ប្រជាជនកម្ពុជាបានសិក្សាស្វែងយល់បន្ថែមពី
បចេ្ចវិទ្យាថ្មីៗ ជាពិសេសវាជាឱកាសសម្រាប់អ្នកដែលមានអាជីវកម្មថ្មីក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងប្រតិបត្តិការរបស់ខ្លួននៅថ្ងៃអនាគត។
លោក ប៉ិល រ៉េម៉ីស៊ីសុផុនប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា មានប្រសាសន៍ថា៖ «អនុស្សរណៈយោគយល់គ្នានេះគឺជាស្មារតីនៃកិច្ចសហការដែលជាកម្លាំងចលករនិងមាគ៌ាដ៏ត្រឹមត្រូវសម្រាប់សមាគមទាំងបីដើម្បីរួមកម្លាំងគ្នាឱ្យកាន់តែរឹងមាំក្នុងការដោះស្រាយបញ្ហាតាមវិស័យដោយលើកកម្ពស់ការយល់ដឹងការអប់រំនិងសំខាន់បំផុតការបង្កើតថ្មីដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលយើងកំពុងជួបប្រទះនិងបង្ហាញថាយើងមិនប្រឈមមុខតែម្នាក់ឯងទេ»។»
មានប្រសាសន៍អបអរសាទរ នៅក្នុងពិធីចុះហត្ថលេខាខាងលើ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានអបអរសាទរចំពោះសមាគមទាំងបីដែលបានឈានដល់ការចុះអនុស្សរណៈយោគយល់គ្នានេះ។ លោកបញ្ជាក់ថា វាជាព្រឹត្តិការណ៍ដ៏សំខាន់និងសមិទ្ធិផលសម្រាប់ឧស្សាហកម្មហិរញ្ញវត្ថុទាំងមូល។
លោក គិត សុវណ្ណារិទ្ធ បានមានប្រសាសន៍បន្ថែមថាអនុស្សរណៈយោគយល់គ្នា រវាងសមាគមទាំងបី ក៏បានចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈការធ្វើឱ្យប្រសើរឡើងនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនិងនវានុវត្តន៍។
លោកអគ្គនាយករងត្រួតពិនិត្យទី១នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានបន្ថែមថាតួនាទីរបស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech)នៅក្នុងឧស្សាហកម្មធនាគារបាននិងកំពុងរីកចម្រើនយ៉ាងខ្លាំង ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការដាក់ឱ្យប្រើប្រាស់ផលិតផលនិងសេវាធនាគារប្រកបដោយភាពច្នៃប្រឌិតដូចជាកាតទូទាត់និម្មិតបច្ចេកវិទ្យាcontactless ការទូទាត់តាមទូរសព្ទដៃការទូទាត់QR Code និងការវាយតម្លៃឥណទានតាមអនឡាញជាដើម។ដូច្នេះជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុយើងជឿជាក់ថានឹងផ្តល់នូវភាពងាយស្រួលតម្លៃសមរម្យលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យមនិងប្រជាជនដែលពីមុនមិនមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ”៕