សារមន្ទីរ ព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ នឹងតម្កល់បុរាណវត្ថុមរតកបុព្វបុរសខ្មែរ

ក្រុងសៀមរាប៖ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណៈ​សង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប មានថេរដីកាថា ដោយសារទឹកព្រះទ័យស្រឡាញ់ពេញចិត្តគ្រឿងបុរាណវត្ថុដែលជា​បេតិកភណ្ឌ​មានតម្លៃមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ មានអាយុកាលរាប់រយឆ្នាំមកហើយនោះ ព្រះអង្គបានខិតខំស្វែង ប្រមូលរក្សាទុកបុរាណវត្ថុទាំងនោះតាំងពីអំឡុងឆ្នាំ១៩៨០ រហូតដល់បច្ចុប្បន្ន។

បុរាណវត្ថុដែលព្រះអង្គបានប្រមូលរក្សាទុករួមមានជាវត្ថុសាងពី ថ្ម ស្ពាន់ សំរិទ្ធ ទង់ដែង លង្ហិន ទេពរូប ព្រះពុទ្ធ​រូប និងគ្រឿងកុល្លាលភាជន៍នានារក្សាទុកក្នុង​វត្តរាជបូណ៌ដើម្បីរក្សាទុកនិងតាំងបង្ហាញក្នុងអគារសារមន្ទីរនៅ​ក្នុង​វត្តរាជបូណ៌នេះ។ សារមន្ទីរនេះមានឈ្មោះថាសារមន្ទីរ ព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ ជាសារមន្ទី​រព្រះពុទ្ធសាសនា ដើម្បីឱ្យមនុស្សជាតិទាំងអស់នៅលើពិភពលោកបានឃើញនូវសា្នដៃសិល្បៈដែលបន្សល់​ពីបុព្វបុរសខ្មែរ។

ព្រះអង្គមានថេរដីកាបន្តថា ព្រះអង្គមានព្រះទ័យនេះយូរហើយទើបតែនៅក្នុងឆ្នាំ២០២១នេះ លោកជំទាវបណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិអប្សរា បានអញ្ជើញមកទស្សនកិច្ចក្នុងវត្តរាជបូណ៌ បានឃើញគ្រឿងបុរាណវត្ថុទាំងនោះ លោកជំទាវ ក៏សម្រេចចិត្តជ្រោមជ្រែងក្នុងការកសាងសារមន្ទីរដើម្បីសមតាមបំណងរបស់ព្រះអង្គ។

ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះអង្គមានថេរដីកាបន្តថា ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏បានចូលរួម​ជ្រោមជ្រែងក្នុងការងារសាងសង់សារមន្ទីរសម្រាប់តម្កល់បុរាណវត្ថុទាំងនេះ។ ក្រៅពីនេះ ក៏នៅមាន​សមិទ្ធផលចំនួនទៀត ដែលអាជ្ញាធរជាតិអប្សរាបានជួយមកកាន់វត្តរាជបូណ៌ រួមមាន៖ ការជួសជុលព្រះវិហារ និងសាលា​ឆាន់មួយខ្នង ដែលមានអាយុកាលជាយូរឆ្នាំណាស់មកហើយ។

ដំណើរការសាងសង់សារមន្ទីរព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ គ្រោងនឹងចំណាយថវិកាប្រមាណ​៩០ម៉ឺនដុល្លារ​សហរដ្ឋអាមេរិក ដែលអាចនឹងចាប់ផ្តើមការសាងសង់ក្នុងឆ្នាំ២០២២ខាងមុខ។ បច្ចុប្បន្ន​ព្រះមហាវិមលធម្ម ព្រះអង្គកំពុងប្រមែប្រមូលនូវបច្ច័យពីសប្បុរសជននានា ដើម្បីយកមកកសាងសារមន្ទីរ​មួយនេះ។

សូមជម្រាបថា កាលពីដើមខែធ្នូ ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានប្រគេននូវប្លង់ស្ថាបត្យកម្ម និងបច្ច័យ​សរុបចំនួន២ម៉ឺនដុល្លារ ដែលបានពីការចូលរួមរបស់លោកជំទាវផ្ទាល់ និងមន្រ្តីរាជការក្រោមឱវាទជូនទៅ​ព្រះមហា​វិមលធម្ម ពិន សែម សិរីសុវណ្ណោ ជាការរួមចំណែកកសាងសារមន្ទីរ និងដើម្បីព្រះអង្គចាប់ផ្តើម ប្រមែប្រមូលនូវបច្ច័យសប្បុរសនានាបន្ថែមទៀតក្នុងការកសាងសារមន្ទីរខាងលើ៕