សួនសត្វដែលមានតម្លៃ១៨លានដុល្លារនឹងបើកដំណើការស្វាគមន៍ភ្ញៀវទេចរនៅខេត្តសៀមរាបឆាប់ៗនេះ

 

សៀមរាប៖ ក្រុមហ៊ុន អង្គរ​វ៉ា​យ​ដ៏​ឡាយ​ហ្វ៍ និង អឹ​ឃ្វា​រៀម បាន​ចំណាយ​ថិ​វ​កា ១៨លាន​ដុល្លារ បង្កើត​សួនសត្វ​មួយ នៅ​ខេត្តសៀមរាប​ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ពី​ការអភិរក្ស​សត្វ​និង ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ គ្រោង​នឹង​បើក​ដំណើរការ​នៅ​ខែតុលា​ខាងមុខនេះ។

បច្ចុប្បន្ន ក្រុមហ៊ុន​នេះ កំពុង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ សម្រាប់​វា​រី​សត្វ និង​ថែរក្សា​សត្វព្រៃ​លើ​ផ្ទៃដី​ចំនួន ៦ហិកតា ក្នុងចំណោម​ផ្ទៃដី​សរុប​ទំហំ ២២ហិកតា ដែលមាន​ទីតាំង​ស្ថិតនៅក្នុង ភូមិ​ក្បូន ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប។ លោក ម៉េង ហៀ​ង នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​អង្គរ​វ៉ា​យ​ដ៏​ឡាយ​ហ្វ៍ និង អឹ​ឃ្វា​រៀម បានឱ្យដឹងថា  ក្នុង​ឆ្នាំ២០២១ ក្រុមហ៊ុន​បាន​សាង សង់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ដាក់តាំង និង​ថែរក្សា​វា​រី​សត្វ (ប្រភេទ​ត្រី​ទឹកសាប ត្រី​ទឹកប្រៃ និង​ពពួក​អណ្តើក​ជាដើម) និង​ពពួកសត្វ​នៅលើ គោក​សម្រេចបាន​ប្រមាណ ៧០%។

លោក​បាន​បន្តថា បច្ចុប្បន្ន ដំណើរការ​សាងសង់​កំពុង​ប្រព្រឹត្តទៅ​យ៉ាងសកម្ម ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ប្រភេទ​សត្វព្រៃធំៗដូចជា សត្វ​ខ្លា ដំរី ខ្លាឃ្មុំ​តូច ត្រី​ទឹកសាប និង​ត្រី​ទឹកប្រៃ និង​ក៏មាន​ត្រី​នាំ​មកពី​ទន្លេ​អា​ម៉ា​ហ្សូ​ន​ផងដែរ។ សួនសត្វ​ក៏បាន​សាងសង់​អគារ​បន្ទប់ពិសោធន៍ និង​ព្យាបាល​សត្វព្រៃ។ គម្រោង​បាន​ចំណាយ​ប្រមាណ​ជា ១៨លាន​ដុល្លារ​សម្រាប់ធ្វើ​ការវិនិយោគ ហើយ​គ្រោង​នឹង​បើ​សម្ពោធ​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ខែតុលា​ខាងមុខ។

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែងថា គម្រោង​សួនសត្វ​នេះ ពិត​ជាមាន​សារសំខាន់​ណាស់ ហើយក៏​ចាត់ទុកជា​គម្រោង​ដំបូង​គេ​ក្នុង​ខេត្តសៀមរាប ដែលជា​ខេត្ត​ប៉ូល​សេដ្ឋកិច្ចជាតិ​សម្រាប់​វិស័យ​ទេសចរណ៍។

 

លោក​បាន​បន្ថែមថា សួនសត្វ មិន​គ្រាន់តែ​ជា​ចំណី​ចក្ខុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​កន្លែង​ថែរក្សា ការពារ​ប្រភេទ​សត្វព្រៃ និង​មច្ឆជាតិ​កម្ពុជា​ដែល​ជិត​ផុត​ពូជ និង​ខ្លះ​មាន​ដោយ​កម្រ។ ម្យ៉ាងទៀត ជា​កន្លែង​ផ្សព្វផ្សាយ អប់រំ និង​យល់ដឹងបាន​ស៊ីជម្រៅ​អំពី​គ្រប់​ប្រភេទ​សត្វ​ដល់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ និង​បម្រើ​វិស័យ​ទេសចរណ៍​នាពេល​អនាគត​ដ៏​ខ្លី។

លោក​បាន​បញ្ជាក់ថា៖«យើង​បាន​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​ក្រុមការងារ​ជំនាញ​ដែល​កំពុង​បន្ត​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​សេសសល់ ឲ្យ​បាន​ទាន់ពេល ដើម្បី​ឲ្យ​គម្រោង​បើកសម្ពោធ​ដំណើរការបាន​ជោគជ័យ។ សួនសត្វ ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ និង​រដ្ឋបាល​ជលផល​ដើម្បី​ពិនិត្យ​លើ​ការងារ​អភិរក្ស​សត្វ ការថែរក្សា និង​បង្កាត់​ពូជ​ផងដែរ»។