សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​រើប​ឡើងវិញ ប៉ុន្តែ​នៅ​មិន​ប្រាកដប្រជា​

​ភ្នំពេញ៖ សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​រើប​ឡើងវិញ​បន្តិច​ម្តងៗ​ហើយ ជាមួយ​ការព្យាករណ៍​ទុក​ថា​វា​នឹង​ទទួលបាន​កំណើន​ជិត ៤​ភាគរយ ក្នុង​ឆ្នាំ​២០២១​បន្ទាប់ពី​រួញ​ទំហំ​អស់ ៣,១​ភាគរយ ក្នុង​ឆ្នាំ​២០២០​។ យ៉ាងណាក្តី ការ​រើប​ឡើងវិញ​នេះ​មាន​លក្ខណៈ​មិន​ដូចគ្នា​ទេ​នៅតាម​ផ្នែក​នានា​នៃ​សេដ្ឋកិច្ច ហើយ​វា​ក៏​ស្ថិតនៅក្នុង​សភាព​ផុយស្រួយ​នៅឡើយ​ដែរ មួយផ្នែក​ដោយសារតែ​វិធាន​ការបិទ​ខ្ទប់​ត្រូវ​បានដាក់​អនុវត្ត​ម្តងទៀត​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ការឆ្លង​វីរុស​កូ​វីដ​១៩​។ ធនាគារពិភពលោក​បាន​និយាយ​ដូច្នេះ​នៅក្នុង​របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ក្រោម​ចំណងជើង​ថា ដំណើរ​ឆ្ពោះទៅ​ការ​រើប​ឡើងវិញ​។
​យោងតាម​របាយការណ៍​របស់​ធនាគារ​នៅ​ចេញផ្សាយ​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ ខណៈដែល​វិស័យ​មួយចំនួន​មានការ​រីកចម្រើន ផ្នែក​ដទៃទៀត​នៅ​គាំង​ទ្រឹង ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​។ វិស័យ​កសិកម្ម​នៅ​រក្សា​ភាព​ធន់​បាន​គួរសម​ដោយសារ​តែមាន​តម្រូវការ​ខ្លាំង អមដោយ​ការនាំចេញ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា​និង​ចិន​បាន​ចុះហត្ថលេខា​ជាមួយគ្នា​។ ផ្នែក​ឧស្សាហកម្ម​ផលិត​ក៏បាន​រើប​ឡើងវិញ​ជា​បណ្តើរៗ​ដែរ ដោយ​ត្រូវ​សម្រប​ខ្លួន​ទៅតាម​លក្ខខណ្ឌ​ប្រែប្រួល​នៅ​ខាងក្រៅ​។
​សម្រាប់​អាជីវ​កម្មបោះ​ដុំ​និង​លក់រាយ​បាន​ប្រឹង​រើប​ឡើងវិញ​យឺតៗ​ដែរ​នៅពេលដែល​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ងើប​ឡើងវិញ​បន្តិច​ម្តងៗ​។ ផ្ទុយទៅវិញ​ផ្នែក​នានា​នៃ​វិស័យ​សេវា ដូចជា​ផ្នែក​ស្នាក់នៅ​, ភោជនីយដ្ឋាន និង​ផ្នែក​ដឹកជញ្ជូន នៅតែ​បន្ត​រង​ការប៉ះទង្គិច​ខ្លាំង​ពី​ការធ្លាក់ចុះ​នៃ​ទេសចរណ៍​ក្នុងស្រុក​និង​អន្តរជាតិ​។ ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​នៅតែ​ហូរ​ចូល​ឥត​ដាច់ ព្រមទាំង​ជួយ​ទ្រទ្រង់​ដល់​វិស័យ​ក្រៅប្រទេស​ផងដែរ​។
«​ទៅមុខទៀត ចក្ខុវិស័យ​សម្រាប់​កំណើន​របស់​កម្ពុជា​នៅតែ​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​ខ្លាំង​ក្នុងនោះ​ទ្រង់ទ្រាយ និង ល្បឿន​នៃ​ដំណើរ​រើប​ឡើងវិញ​នេះ​អាស្រ័យ​ស្ទើរតែ​ទាំងស្រុង​ទៅលើ​សភាព​របស់​វីរុស និង​ទៅលើ​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​»​។ នេះ​បើ​យោងតាម​ធនាគារ​នេះ​។
​លោកស្រី អ៊ិន​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​ការិយាល័យ​ធនាគា​ពិភពលោក​ប្រចាំ​កម្ពុជា មានប្រសាសន៍ថាៈ “​ដូច​ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​តំបន់​ដែរ កម្ពុជា​បាន​រង​ការប៉ះទង្គិច​ខ្លាំង​ពី​ការធ្លាក់ចុះ​នៃ​តម្រូវការ​លើ​សកលលោក​ដោយសារតែ​កូ​វីដ​១៩​។ ប៉ុន្តែ​ដំណឹង​ល្អ​នៅត្រង់ថា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ឱ្យ​មនុស្ស​ក្នុងប្រទេស​បាន​ជាង​៣​លាន​នាក់ រួចហើយ ដែលជា​អត្រា​ខ្ពស់​មួយ​នៅក្នុង​តំបន់​។​” លោកស្រី​បាន​បន្ថែមទៀតថា​៖ “​ធនាគារពិភពលោក​នៅ​តែ​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ជួយ​ប្រទេស​នេះ​បន្ថែមទៀត​ក្នុងការ​ប្រយុទ្ធ​នឹង​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូ​វីដ​១៩ និង​ជួយ​ស្តារ​សេដ្ឋកិច្ច និង​សង្គម​ឱ្យមាន​ភាព​ធន់​រឹងមាំ​ឡើងវិញ​។​”
​របាយការណ៍​ក៏បាន​ពិនិត្យមើល​សេណារីយោ​អវិជ្ជមាន​ដែរ​ដែល​ក្នុងនោះ​អាច​ថា​កម្មវិធី​ចាក់​វ៉ាក់សាំង​មាន​ភាពយឺតយ៉ាវ ហើយ​វិធាន​ការបិទ​ខ្ទប់​ទូទាំងប្រទេស​នៅតែមាន​ញឹកញាប់​និង​អូសបន្លាយ​យូរ​។ ក្រោម​លក្ខខណ្ឌ​បែបនេះ សេដ្ឋកិច្ច តាម​ការព្យាករណ៍ នឹងមាន​កំណើន​តែ ១​ភាគរយ ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០២១​។
​របាយការណ៍​បច្ចុប្បន្ន​ភាព​នេះ​ផ្តល់​អនុសាសន៍​ថា កម្ពុជា​គួរតែ​ចាត់វិធានការ​ភ្លាមៗ​ដើម្បី​លើកកម្ពស់​ភាពជឿជាក់រ​បស់​ទីផ្សារ តាមរយៈ​កា​រព​ន្លឿ​ន​កម្មវិធី​ចាក់​វ៉ាក់សាំង ទន្ទឹមគ្នា​នឹង​ការប្រឹងប្រែង​ទប់ស្កាត់​ការឆ្លង​វីរុស និង ការស្លាប់ ឱ្យមាន​ប្រសិទ្ធភាព​បន្តទៀត​។
«​ដោយសារតែ​កម្ពុជា​នៅមាន​សមត្ថភាព​ហិរញ្ញវត្ថុ​ល្មម​ដែរ រដ្ឋាភិបាល​អាច​បន្ត​ការគាំទ្រ​ដល់​កម្មវិធី​សង្គ្រោះ​, ស្តារឡើងវិញ និង​កំណើន ដោយ​ធ្វើការ​កែលម្អ​បរិយាកាស​ធុរកិច្ច​និង​វិនិយោគ​, ផ្តល់​កម្មវិធី​គាំពារ​សង្គម និង​ជំរុញ​ការវិនិយោគ​សាធារណៈ និង​កំណើនសេដ្ឋកិច្ច​ដែល​គិតគូរ​ដល់​អ្នកក្រីក្រ​។​ដើម្បី​រក្សាបាន​ស្ថិរភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ ជា​រឿង​សំខាន់​មួយ​ដែរ​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវ​បន្ត​តាមដាន​ឱ្យបាន​ដិតដល់​លើ​ភាព​ងាយ​រងគ្រោះ​ដែល​អាច​បណ្តាលមកពី​ការ​ពុះកញ្ជ្រោល​យូរពេក​របស់​វិស័យ​អចលនទ្រព្យ និង ការផ្តល់​ឥណទាន​កាន់តែ​ច្រើនឡើង​ចំពោះ​វិស័យ​សំណង​» នេះ​បើ​យោងតាម​ធនាគារពិភពលោក​៕

Leave a Reply

Your email address will not be published. Required fields are marked *