ស្វីស​បាន​សន្យា​ផ្ត​ល់​ហិរញ្ញ​ប្បទាន​ឥត​សំណង ​១៤៨​លាន​ដុល្លារដល់កម្ពុជា

ភ្នំពេញៈ​ ​រដ្ឋាភិបាល​សហព័ន្ធ​ស្វីស​បាន​សន្យា​ផ្ត​ល់​ហិរញ្ញ​ប្បទាន​ឥត​សំណង ​១៤៨​លាន​ដុល្លារ​ដើម្បី​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​៤ ឆ្នាំ​បន្ទាប់​។​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​CDC។​

នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​ភាគី​កម្ពុជា​និង​ភាគី​ស្វីស​លើ​សេចក្តី​ព្រាង​កម្ម​វិធី​សហ​ប្រតិបត្តិការ​ស្វីស​សម្រាប់​តំបន់​មេគង្គ​ឆ្នាំ​២០២២-២០២៥​កាលពី​ថ្ងៃ​ទី ​៣ ​មិថុនា​ តាម​វីដេអូ​ខនហ្វ្រិន រវាងភាគី​កម្ពុជា​ដឹកនាំ​ដោយ ​លោក ​ឈៀន ​យ៉ាណារ៉ា​ រដ្ឋមន្ត្រី​ប្រតិភូអម​នាយក​រដ្ឋ​មន្ត្រី ​អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ​នីតិ​សម្បទា​និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​និង​ លោក ​ម៉ាកឈឹស ​ប៊ឺលី​(Markus Buerli)​នាយក​ទីភ្នាក់​ងារ​ស្វីស​សម្រាប់​កិច្ច​អភិវឌ្ឍន៍​និង​សហ​ប្រតិបត្តិការ​(SDC)​ប្រចាំ​នៅ​កម្ពុជា​ និង​មន្រ្តី​ជំនាញ​នៃ​ទី​ភ្នាក់ងារ​SDC​ប្រមាណ​ ៦០ ​នាក់​។

សេចក្តី​ប្រកាស​ព័ត៌មាន​ ឱ្យ​ដឹងថា ​តាម​រយៈ​កម្ម​វិធី​សហ​ប្រតិបត្តិការ​ស្វីស​សម្រាប់​តំបន់​មេគង្គ​ឆ្នាំ ​២០២២-២០២៥​ភាគី​ស្វីស​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​ ១៣៣ ​លាន​ហ្វ្រង់​ស្វីល​(១៤៨​ លាន​ដុល្លារ​) ដែល​ជំនួយនេះ​បែក​ចែង​ជា​ ២ ​កម្រិត​គឺ​កម្រិត​ប្រទេស​​(កម្ពជា និ​ងឡាវ)​ និង​កម្រិត​តំបន់​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ​ក្នុងនោះ ​ស្វីល​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​ ៥២ លាន​ដុល្លារ​សម្រាប់​រយៈ​ពេល​ ៤​ ឆ្នាំ​(២០២២-២០២៥)​ ឬ​ប្រមាណ ​១៣ ​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ដើម្បី​គាំទ្រ​ការ​អនុវត្ត​កម្ម​វិធី​សហ​ប្រតិបត្តិការ​ថ្មីនេះ​នៅ​កម្ពុជា​។​

យោង​តាម​ប្រព័ន្ធ​ទិន្នន័យ​ហិរញ្ញប្បទាន​សហ​ប្រតិបត្តិការ​កម្ពុជា​ចន្លោះ​ពីឆ្នាំ ​២០០០-២០២០ ​ស្វីល​បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​សរុប​ ១៤២ ​លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នានានៅ​កម្ពុជា​។​នេះ​បើ​តាម​ CDC៕

Leave a Reply

Your email address will not be published. Required fields are marked *