អគ្គលេខាធិការ​នៃ​សន្និសីទ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍ (UNCTAD)​នឹង​បន្ត​ជួយ​កម្ពុជា​

​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​បានស្នើ​សុំ​ឲ្យ​អង្គការ UNCTAD បន្ត​ជួយ​ដល់​កម្ពុជា​ក្នុងការ​សិក្សា​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​កម្ពុជា ស្ដីពី​ការចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ទីផ្សារ​នាំចេញ កសាង​សមត្ថភាព​របស់​សហគ្រាស​កម្ពុជា ការ​ប្រែក្លាយ​ឌីជីថល​។​
​លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិកា​ក្រសួងពាណិជ្ជកម្ម បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ Rebeca Grynspan អគ្គលេខាធិការ​នៃ​សន្និសីទ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍ (UNCTAD) នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២១ ។
​លោក សុភ័ក្ត្រ បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ UNCTAD ដែល​បាន​ជួយ​គាំទ្រ​កម្ពុជា​កន្លងមក ជាពិសេស​ក្នុង​ដំណើរការ​នៃ​ការសុំ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កាលពី​ឆ្នាំ​២០០៤​។ ការគាំទ្រ​របស់​អង្គការ UNCTAD ក្នុង​ការងារ​នេះ បានអនុញ្ញាត​ឲ្យ​កម្ពុជា​ទាញយក​ផលប្រយោជន៍​ជាច្រើន​ពី​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​។
​លោក​បាន​ជម្រាបជូន​លោកស្រី Rebeca​ផងដែរ​ថា​៖« កម្ពុជា​កំពុងតែ​ត្រៀមខ្លួន​សម្រាប់​ចាកចេញ​ពី​ប្រទេស​អភិ​វ្ឍ​ន៍​តិចតួច (LDC) កម្ពុជា​ចាំបាច់​ត្រូវ​រៀបចំ​ជា​យុទ្ធសាស្ត្រ និង​គោលនយោបាយ​សម្រាប់​ប្រទេស ដើម្បី​ធានាបាន​ការអភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ក្រោយពី​បាត់បង់​ភាពអនុគ្រោះ​នានា​ដែល​កម្ពុជា​ធ្លាប់​ទទួលបាន​ក្នុងនាម​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​»​។
«​ក្នុងន័យនេះ កម្ពុជា​ស្នើសុំ​ឲ្យ​អង្គការ UNCTAD បន្ត​ជួយ​ដល់​កម្ពុជា​ក្នុងការ​សិក្សា​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​កម្ពុជា ស្ដីពី​ការចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច រួមមាន​ការ​ប្រែក្លាយ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច (Structural Transformation) ការពង្រឹង​ភាព​ប្រកួតប្រជែង ពិពិធ​កម្ម​ទំនិញ​នាំចេញ និង​ទីផ្សារ​នាំចេញ កសាង​សមត្ថភាព​របស់​សហគ្រាស​កម្ពុជា ការ​ប្រែក្លាយ​ឌីជីថល ។​ល​។
​លោកស្រី​អគ្គលេខាធិការ បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​របស់​ក​ម្ពុ​ជា ហើយ​អង្គការ UNCTAD ពិត​ជាមាន​មោទនភាព​ដែល​បាន​ចូលរួម​វិភាគទាន​ដល់​ការអភិវឌ្ឍន៍​នេះ​។ លោកស្រី​បានទទួល​យក​សំណើរ​របស់​កម្ពុជា ព្រមទាំង​សន្យាថា​នឹង​ប្រឹងប្រែង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​អង្គការ UNCTAD និង​កម្ពុជា​បន្តទៀត​៕