អង្គការប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) នឹងបន្តជួយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មកម្ពុជា

ហ្សឺណែវ,ស្វីស៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំជាមួយ លោកស្រី Shamikar Sirimane ប្រធានផ្នែកបច្ចេកវិទ្យា និងភស្ដុភារកម្ម នៃសន្និសីទប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ដ្រីបានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ UNCTAD លើវិស័យមួយចំនួន ព្រមទាំងបានថ្លែងអំណរគុណការគាំទ្រនៃអង្គការ UNCTAD ដែលមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តមបានជម្រាបជូនអំពី ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ដែលកម្ពុជាបានអនុម័តនៅឆ្នាំ២០១៩ កន្លងទៅ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់អង្គការ UNCTAD ដែលបានជួយគាំទ្រកម្ពុជាក្នុងវិស័យ E-Commerce តាមរយៈការបង្កើត eTrade Readiness Assessment ក្នុងឆ្នាំ២០១៧ ដែលផ្តល់ជូនដល់​កម្ពុជានូវយុទ្ធសាស្ត្រ E-Commerce ដែលត្រូវបានកំពុងអនុវត្តរួមគ្នាជាមួយ ក្របខណ្ឌគោលនយោបាយ​សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។ ទន្ទឹមនឹងនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់​ចំពោះការគាំទ្រដល់កម្ពុជា ក្នុងការពង្រឹងគោល​នយោបាយពាណិជ្ជកម្មពាក់ព័ន្ធនឹងភាពអនុគ្រោះពាណិជ្ជកម្ម និងវិធាន​ប្រភពដើមទំនិញ ព្រមទាំងបញ្ហាអនាម័យ និងភូតគាមអនាម័យផងដែរ។

លោករដ្ឋមន្ដ្រី បានថ្លែងអំពីសារសំខាន់នៃការគាំទ្ររបស់អង្គការ UNCTAD លើការអនុវត្តគម្រោង ASEAN LDC Trade Policy ដែលអាចជួយឱ្យកម្ពុជាអនុវត្តវិធានបន្ថែមក្នុងតំបន់ (regional cumulation) ដោយមិនមានឧបសគ្គ ជាពិសេសចំពោះមុនទំនិញវាយនភ័ណ្ឌ និងទោចក្រយាន ដែលស្ថិតក្នុងចំណោមទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមបានគូសបញ្ជាក់អំពី ការវិវត្តល្អប្រសើរនៃការច្របាច់បញ្ចូលគ្នានៃប្រព័ន្ធ ASYCUDA និង ប្រព័ន្ធប្រកាសពន្ធគយនៃប្រៃសណីយ៍កម្ពុជា ដែលគាំទ្រដោយអង្គការ UNCTAD, EIF និង Global Alliance for Trade Facilitation។

លោកដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ អង្គការ UNCTAD សម្រាប់ការឆ្លើយតបវិជ្ជមាន ចំពោះសំណើមួយ​ចំនួនរបស់កម្ពុជា ដែលក្នុងនោះពាក់ព័ន្ធនឹងកិច្ចការគាំទ្ររបស់អង្គការ UNCTAD លើការចាកចេញរបស់កម្ពុជា ពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច៕