អង្គការពាណិជ្ជកម្មពិភពលោកនឹងបន្តរួមចំណែកអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ នាល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា អញ្ជើញ​ជួប​ពិភាក្សាការងារជាមួយ លោកជំទាវ Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជ​កម្មពិភពលោក (WTO) តាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើងដោយលេខាធិការដ្ឋានអង្គការ WTO ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសឥណ្ឌូនេស៊ី ឯកឧត្តមរដ្ឋមន្ដ្រីពាណិជ្ជកម្ម​សហភាពអារ៉ាប់រួម និងលោកជំទាវរដ្ឋលេខាធិការនៃប្រទេសស្វីស។

តាមរយៈកិច្ចពិភាក្សានៃកិច្ចប្រជុំរដ្ឋមន្ដ្រីពាណិជ្ជកម្មនៅដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស កន្លងទៅថ្មីៗនេះ លោកជំទាវ​អគ្គនាយិកាអង្គការ WTO បានរៀបចំកិច្ចប្រជុំនេះឡើងក្នុងគោលបំណង ជម្រាបជូន​សមាជិកនៃអង្គការ WTO ដែលចូលរួម អំពីបច្ចុប្បន្នភាពពាក់ព័ន្ធនឹងសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ (MC12) ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី១២-១៥ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាពេលខាងមុខនេះ។

ជាកិច្ចចាប់ផ្តើម លោកជំទាវអគ្គនាយិកាអង្គការ WTO បានថ្លែងអរគុណ និងជម្រាបជូនអង្គប្រជុំអំពី​ទិដ្ឋភាពទូទៅនៃការរៀបចំសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២។ ក្នុងនោះ លោកជំទាវបានលើកឡើងអំពីបញ្ហា និងប្រធាន​បទសំខាន់ៗមួយចំនួននៃសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ ដែលមានដូចជា៖ សេចក្ដីព្រាងនៃ​កិច្ចព្រមព្រៀងឧបត្ថម្ភធនជលផល ការឆ្លើយតបនៃកិច្ចព្រមព្រៀង TRIPS ទៅនឹងជំងឺរីករាលដាល ការចរចាកសិកម្ម សន្ដិសុខស្បៀង និង កំណែទម្រង់អង្គការ WTO។

ជាមួយគ្នានេះ លោកជំទាវអគ្គនាយិកាបានស្នើដល់អង្គប្រជុំ ឱ្យព្យាយាមរកចំណុចឯកភាពគ្នាក្នុង​ចំណោម​ភាគីពាក់ព័ន្ធ និងសមាជិកអង្គការ WTO ដើម្បីជំរុញ និងពន្លឿនការចរចា និងសេចក្ដីសម្រេចសន្និសីទ MC12 ដើម្បីផ្ដល់ផលប្រយោជន៍ច្រើនជូនដល់ប្រទេសខ្លួន ក៏ដូចជាសមាជិកអង្គការ WTO ទាំងមូល។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់ លោកជំទាវអគ្គនាយិកា និងលេខាធិការដ្ឋានអង្គការ WTO ដែលបានជួយសម្របសម្រួល និងរៀបចំសន្និសីទ MC12 នាពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការចូលរួមដើម្បី​ពង្រឹងប្រព័ន្ធនេះឱ្យកាន់តែរឹងមំាំ តាមរយៈការធ្វើកំណែទម្រង់អង្គការ WTO យ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ដ្រីបន្ដថា សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងស្ដីពីឧបត្ថម្ភធនជល គួរផ្តល់នូវប្រព្រឹត្តកម្មពិសេស និងដោយ​ឡែក (Special and Differential Treatment – SDT) ដោយមានភាពបត់បែន ជូនប្រទេស​អភិវឌ្ឍន៍តិចតួច ក្នុងនោះមានប្រទេសកម្ពុជា។ ឯកឧត្តមបន្ថែមថា កម្ពុជាចង់ឃើញលទ្ធ​ផលសំខាន់ៗក្នុង​សន្និសីទ MC12 ចំនួនដូចជា ការលើកលែងក្នុងកិច្ចព្រមព្រៀង TRIPS (TRIPS waiver), ការឆ្លើយតបរបស់ WTO ទៅនឹងជំងឺរីករាលដាល -ល- ដើម្បីបញ្ជាក់ថា អង្គការ WTO និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី នៅតែអាច​ដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មពិភពលោក និងអាចបង្កើតនូវសមិទ្ធផល​ដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោក។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះ លោកជំទាវអគ្គនាយិកា និងអគ្គក្រុមប្រឹក្សា​អង្គការ WTO ដែលបានសម្របសម្រួល សំណើរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ពាក់ព័ន្ធនឹងការ​ស្នើសុំ​​ការរក្សាការអនុគ្រោះពន្ធក្នុងរយៈពេលកំណត់មួយបន្ទាប់ពីការចាកចេញពីចំណាត់ថ្នាក់ LDCs និងកញ្ចប់នៃវិធានការគាំទ្រ ក្នុងអនុគណៈកម្មការ LDC ។

ជាកិច្ចចុងក្រោយ លោកជំទាវអគ្គនាយិកា បានថ្លែងអំណរគុណចំពោះការចូលរួមពីអង្គប្រជុំនាថ្ងៃនេះ និងមានជំនឿថា សន្និសីទ MC12 ខាងមុខនេះ នឹងមានការចូលរួមយ៉ាងសកម្មពីបណ្ដាសមាជិក ព្រមទាំងទទួលបានលទ្ធផល និងអត្ថប្រយោជន៍យ៉ាងច្រើនដល់សមាជិកទាំងមូល៕