អាជីវករ​ក្នុងស្រុក​អាច​ស្វែងរក​ដៃគូរ​ពាណិជ្ជកម្ម​តាមរយះ ពិព័រណ៍​ផលិតផល​កាហ្វេ និង​ភោជនីយដ្ឋាន​អាស៊ី ឆ្នាំ​២០២១

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​ប្រកាស​អំពាវនាវ​ដល់​អាជីវករ និង​ពាណិជ្ជករ​ក្នុងស្រុក​ចូលរួម​ពិព័រណ៍​ផលិតផល​កាហ្វេ និង​ភោជនីយដ្ឋាន​អាស៊ី ឆ្នាំ​២០២១ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៨-២០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍ ក្នុងប្រទេស​សិង្ហបូរី​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែមិថុនា​នេះ ការរៀបចំ​ពិព័រណ៍​ផលិតផល​កាហ្វេ និង​ភោជនីយដ្ឋាន​អាស៊ី ឆ្នាំ​២០២១ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៨-២០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍ Marina Bay Sands Singapore, Hall-B & C សិង្ហបូរី ដោយ​ក្រុមហ៊ុន​រៀបចំ​សេវា​សន្និសីទ និង​ពិព័រណ៍​ពាណិជ្ជកម្ម​របស់​សិង្ហបូរី (Conference & Exhibition Management Services Pte Ltd-CEMS)​។​

​ក្រសួង​បានឱ្យដឹង​ទៀតថា ការរៀបចំ​ព្រឹ​តិ្ត​ការណ៍​ពិព័រណ៍​ពាណិជ្ជ​កម្មនេះ ក្រុមហ៊ុន CEMS របស់​ប្រទេស​សិង្ហបូរី នឹង​រៀបចំ​ជា ២ ទម្រង់ ដើម្បី​ផ្តល់​ជម្រើស​ដល់​អ្នកចូលរួម​គឺ​៖

-​ទី​១៖ ការចូលរួម​ដោយផ្ទាល់​នៅ​សិង្ហបូរី ដោយ​អ្នករៀបចំ​កម្មវិធី​បានផ្តល់​ទីតាំង​ដល់​ប្រទេស​កម្ពុជា​ចំនួន ៣៦ ម៉ែត្រការ៉េ ក្នុងនោះ ៩ ម៉ែត្រការ៉េ ផ្តល់ជូន​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​សិង្ហបូរី ដោយ​ឥតគិតថ្លៃ​សម្រាប់​ផ្សព្វផ្សាយ​ផលិតផល​វប្បធម៌ និង​ទេសចរណ៍ និង ២៧ ម៉ែត្រការ៉េ ស្នើ​នឹង ៣ ស្តង់ ជូន​ក្រុមហ៊ុន​មកពី​កម្ពុជា សម្រាប់​ផ្សព្វផ្សាយ​ផលិតផល​កាហ្វេ និង​ផលិតផល​ផ្ទះបាយ​ដើម្បី​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម ដោយ​ត្រូវ​បង់​កម្រៃ​ស្តង់​ចំនួន ១៥,៦៦០ ដុល្លារ​សិង្ហបូរី ស្មើនឹង ១១,៦០០ ដុល្លារ​អាម៉េរិក (​ស្តង់​មួយ​មានតម្លៃ ៣,៨៦៦ ដុល្លារ​អាម៉េរិក​)​។​

-​ទី​២៖ ចូលរួម​តាម​ប្រព័ន្ធ​អន​ឡាញ (Virtual Platform) អ្នកចូលរួម​ត្រូវ​បង់​កម្រៃ​ជា​កញ្ចប់​ចំនួន ១,៥០០ ដុល្លារ​សិង្ហបូរី ស្នើ​នឹង​១,១១០ ដុល្លារ​អាម៉េរិក ក្នុង​មួយក្រុម​ហ៊ុន​។

​ក្រសួង​ថា លោក លោកស្រី​ដែលជា​ម្ចាស់​សហគ្រាស​ផលិត និង​កែច្នៃ​គ្រាប់​កាហ្វេ និង​ផលិតផល​ផ្ទះបាយ ដែលមាន​ចំណាប់អារម្មណ៍ និង​មានបំណង​ស្វែងរក​ដៃគូ​ផ្គត់ផ្គង់​នៅ​ទីផ្សារ​សិង្ហបូរី ឬ​ទីផ្សារ​ក្នុង​តំបន់ សូម​ទំនាក់ទំនង​ដោយផ្ទាល់​ទៅ​លោកស្រី Roberto Pozzi អ្នកគ្រប់គ្រង​ព្រឹត្តិការណ៍​តាមរយៈ​ទូរស័ព្ទ (៣៩) ៣៤៧ ១២៧ ២៥១២ ឬ​អ៊ី​ម៉ែ​ល roberta@cems.com.sg ឬ ធ្វើ​ទំនាក់ទំនង​មក​មន្ត្រី​សម្របសម្រួល កញ្ញា តុង រី​ត្តា ប្រធានការិយាល័យ នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម តាមរយៈ​ទូរស័ព្ទ​លេខ ០៨៧ ៧៥៥ ៥៥១ ឬ អ៊ី​ម៉ែ​ល ritatong19@gmail.com ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​រហូត ដល់​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១ ជា​កំណត់​៕

Leave a Reply

Your email address will not be published. Required fields are marked *