អាសិប(RCEP) នឹងក្លាយជាទីផ្សារធំបំផុតក្នុងតំបន់សម្រាប់ជម្រុញការនាំចេញ របស់កម្ពុជា

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថាកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប)ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេមួយក្នងតំបន់ដែលជាទីផ្សារថ្មីមួយរបស់កម្ពុជាក្នុងការជម្រុញការនាំចេញនិងទាក់ទាញវិនិយោពីបរទេស។

ការថ្លែងរបស់លោករដ្ឋមន្ត្រីរូបនេះបានធ្វើឡើងអំឡុងពេលដែលលោកបានបាន​ដឹក​​នាំ​គណៈ​ប្រតិភូអន្តរក្រសួង អញ្ជើញចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ចំនួន ៣ ៖ (១) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជា ដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) (២) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា-រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីការប្រកួត ប្រជែង ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា លើកទី៧ នីតិកាលទី៤ ក្រោមអធិបតីភាពលោក ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ។

លោកបានថ្លែងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេមួយក្នងតំបន់ ដោយក្នុងនោះមានការ​ចូលរួម​ពីប្រទេសជាសមាជិកអាស៊នចំនួន ១០ និងប្រទេសជាដៃគូពាណិជ្ជកម្ម​សំខាន់ៗ ចំនួន ៥ រួមមាន ចិន ជប៉ុន កូរ៉េ នូវែលហ្សេទ្បង់ និងអូស្រ្តាលី។

លោកថាកម្ពុជាអាចឈានដល់បង្កើតបានទីផ្សារចំនួន ២,២ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណ ២៦,២ទ្រីលានដុល្លាអាម៉េរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង​មានចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក​(ផ្អែកលើទិន្នន័យ​ឆ្នាំ២០១៩)។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖«កិច្ចព្រមព្រៀងអាសិប ជាកិច្ចព្រមព្រៀង​ដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍​សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់​ពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ ការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការ​គាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេស​ការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់​រហ័ស​ពីវិបត្តិសកូវីដ-១៩»។

យោងតាមតាមលទ្ធផលនៃការចរចា និងការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូ‍ព៌ា (ERIA) បានបង្ហាញថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀង​អាសិបនេះ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញចំនួន ៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន៕

Leave a Reply

Your email address will not be published. Required fields are marked *