អាស៊ាន​ប្រកាស​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ​ជា​ផ្លូវការ​

ព្រះសីហនុ​៖ រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ទេសចរណ៍​អាស៊ាន រួម​នឹង​អគ្គលេខាធិការ​អាស៊ាន នា​ល្ងាច​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ បានរួម​គ្នា​ប្រកាស​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ​ចេញពី​ខេត្ត​ព្រះសីហនុ​។​

​ប្រកាស​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ​នេះ​មាន​ក្នុង​ចក្ខុវិស័យ​លើ​ការស្តារ​សេដ្ឋកិច្ច​-​សង្គម​អាស៊ាន​ឡើងវិញ ដោយ​ឈរលើ​គោលការណ៍​ដូចតទៅ​៖

១៖ ចាប់ផ្តើម​បើក​ទេសចរណ៍​ផ្ទៃក្នុង​អាស៊ាន ធ្វើ​ឲ្យ​ចេញ​ជា​រូបរាង​នូវ​ច្រក​ធ្វើដំណើរ​អាស៊ាន និង​បង្កើត​នូវ​កាត​វ៉ាក់សាំង​ឌីជីថល​។​

២៖ កំណត់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជា​គន្លឹះ​ក្នុងការ​សម្រេចបាន​នូវ​ភាព​ស៉ាំ​ង​សហគមន៍​ឆ្ពោះទៅ​ការ​ដំណើរការ​ចង្វាក់​ឧស្សាហកម្ម​ទេសចរណ៍​ឡើងវិញ​។​

៣៖ ជំរុញ​លើកទឹកចិត្ត​ការរស់នៅ​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​ស្របតាម​វិធាន​សុខាភិបាល និង​ស្តង់ដា​ប្រតិបត្តិ​នៃ​ប្រទេស​សមាជិក​នីមួយៗ​។​

៤៖ ធានា​ឲ្យ​បាន​ថា​សេវាកម្ម និង​ធុរកិច្ច​ទេសចរណ៍​ដំណើរការ​ដោយ​អនុលោម​តាម​គោលការណ៍​អាស៊ាន​ស្តីពី​អនាម័យ និង​សុវត្ថិភាព​សម្រាប់​អ្នកជំនាញ​ទេសចរណ៍ និង​សហគមន៍​។​

៥៖ ជំរុញ​ភាពជឿជាក់ និង​ទំនុកចិត្ត​តាមរយៈ​ការលើកទឹកចិត្ត​ដល់​ប្រតិបត្តិ​ករ និង​អ្នកផ្តល់​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ក្នុង​តំបន់​អាស៊ាន​។​

​នាឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ប្រកាស​ដាក់ឱ្យ​ប្រើ​ប្រាស់​ឡូហ្គោ​ទេសចរ​ណ៌​អាស៊ាន​ថ្មី (New ASEAN Tourism Logo) និង​តែម​ការធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​អាស៊ាន (ASEAN Safe Travel Stamp “Safe and Warm”) ដែលជា​ផ្នែក​មួយ​នៃ​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​៕