អេស៊ីលីដាសហការជាមួយ Ria អនុញ្ញាត្តិឱ្យអតិថិជនខ្លួនអាចផ្ទេរប្រាក់បានជុំវិញពិភពលោក

ភ្នំពេញ៖​​ក្រុម​ហ៊ុន​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​ជា​សាកល​Ria Money Transfer​នៃ​វិស័យ​ឧស្សាហ​កម្ម​ និង​អាជីវ​កម្ម​ របស់​Euronet​ សហការជា​មួយ​ធនាគារ​អេស៊ីលីដា​ ដែល​គ្រប់​គ្រង​ដោយ​វិនិយោ​គិន​ក្នុង​ស្រុក​ ដើម្បីពង្រីក​សេវា​ផ្ទេរ​ប្រាក់​ឆ្លង​ទៅ​និង​មក​ពី​ប្រទេស​កម្ពុជា ​ដោយ​សារ​ចំនួន​ប្រជា​ជន​កម្ពុជា​ ជា​ច្រើន​កំពុង​រស់​នៅ ​និង​ធ្វើ​ការ​នៅ​បរទេស​។

​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​នេះ ​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៩​ខែ​មីនា ​ដែល​នឹង​ពង្រីក​បណ្តាញ​របស់​Ria​រួមមាន​សេវា​កម្ម​ងាយ​ស្រួល​ជា​ច្រើន​ ដូច​ជា​ការ​ទូទាត់​សាច់​ប្រាក់​ ការ​ប្រមូល​សាច់​ប្រាក់​ទាំង​ប្រាក់​រៀល ​(ប្រាក់​រៀល​កម្ពុជា)​ និង​ប្រាក់​ដុល្លារ​ (ដុល្លារ​អាមេរិក)​ និង​ប្រាក់​បញ្ញើ​ក្នុង​គណនី​។ ​ភាព​ជា​ដៃ​គូ​ជា​មួយ​ធនា​គារ​អេស៊ីលីដា ​ពង្រីក​វត្ត​មាន​របស់​Ria​នៅ​កម្ពុជា​ ដោយ​បន្ថែម​ទី​តាំង​ដក​ប្រាក់​ និង​ទូទាត់​ប្រាក់​ជិត​៣០០ដែល​មាន​ទីតាំង​សរុប​ចំនួន​៤ ៣១៨​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

​មាន​ប្រជា​ជន​កម្ពុជា​យ៉ាង​តិច​ ១,៣ ​លាន​នាក់​ដែល​កំពុង​រស់​នៅ​ និង​ធ្វើ​ការ​នៅ​បរទេស ​ហើយ​ច្រើន​ជាង​ ២/៣ ​នៃ​ពួក​គេ​ផ្ញើ​ប្រាក់​ទៅ​ផ្ទះ។​ កាល​ពី​ឆ្នាំ​មុន​ ពួក​គេ​បាន​ផ្ញើ​ប្រាក់​ចំនួន ​១,២៥​ពាន់​លាន​ដុល្លារ​មក​កម្ពុជា ​ពោល​គឺ ​៨ ភាគ​រយ​ច្រើន​ជាង​កាល​ពី​ឆ្នាំ ​២០​២១​។ ប្រាក់​បញ្ញើ​ទៅ​ផ្ទះ​ ផ្ញើ​មក​កម្ពុជា​មក​ពី​ប្រទេសបារាំង​ កាណាដា ​អាមេរិក​ អូស្ត្រាលី ​ថៃ ​ម៉ាឡេស៊ី ​កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន​ ក្នុង​ចំណោម​បណ្ដា​ប្រទេស​ជាច្រើន​ផ្សេង​ទៀត​។ នេះ​បើ​យោង​តាម​Ria​។

​Riaបន្ត​ថា៖​ «ប្រាក់​ដែល​ផ្ញើ​ដោយ​អតិថិ​ជន​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​តាម​រយៈ​បណ្តាញ​របស់​Ria ​ទៅកាន់​គណនី​ធនាគារ​កម្ពុជា ​ត្រូវ​បាន​បញ្ជូន ​តាម​ពេល​វេលា​ជាក់​ស្តែង ​ដោយ​មក​ដល់​ភ្លាមៗ​ បន្ទា​ប់ពី​អ្នកផ្ញើ​បាន​បញ្ចប់​ប្រតិ​បត្តិ​ការ​»។

​លោក ​Juan Bianchi ​អគ្គ​នាយក ​ផ្នែក​ផ្ទេរ​ប្រាក់​របស់ ​Euronet​បាន​ឱ្យ​ដឹង​ថា ​ភាព​ជា​ដៃ​គូនេះ​ អាច​ឱ្យក្រុម​ហ៊ុន​របស់​លោក​ បម្រើ​អតិ​ថិជន​របស់​ពួក​គេ​បាន​កាន់​តែ​ល្អ ​និង​ពង្រឹង​វត្ត​មាន​នៅ​ក្នុង​តំបន់។​

​លោក​ថ្លែង​ថា៖ «​ប្រាក់​បញ្ញើ​ទៅ​ផ្ទះ ​នៅតែ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ប្រជា​ជន​ក្នុង​ប្រទេស​ជា​ច្រើន ហើយ​នៅ​Ria​យើង​ប្តេជ្ញា​ជួយ​ប្រជា​ជន​ដែល​កំពុង​រស់​នៅ ​និង​ធ្វើ​ការ​ឆ្ងាយ​ពី​ផ្ទះ ​ទទួល​បាន​សេវា​ផ្ទេរ​ប្រាក់ដែល​ពួក​គេ​ត្រូវ​ការ​ ដើម្បី​កសាង​ជីវិត​ប្រចាំ​ថ្ងៃ​កាន់​តែ​ប្រសើរ​ឡើង​។

​លោក​ អ៊ិន ​ចាន់​នី ​ប្រធាន​នាយក​ប្រតិ​បត្តិ​ធនាគារអេស៊ីលីដា ​បាន​ឱ្យ​ដឹង​ថា ​តាម​រយៈ​ការ​សម្រេច​បាន​នូវគោល​ដៅ​ទាំង​នេះ ​ប្រតិ​បត្តិ​ការ​នៃ​ការ​ក្លាយ​ជា​ភាគី​ទីបី​របស់ ​Ria Money Transfer ​នឹង​ធានា​បាន​នូវ​និរន្តរភាព ​និង​ការ​រីក​ចម្រើន​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ ម្ចាស់​ភាគ​ហ៊ុន​ បុគ្គលិក​ និង​សហគមន៍​នៅ​អេស៊ី​លីដា​ទាំង​មូល។​

​លោក​ថ្លែង​ថា៖​ «យើង​មាន​សេចក្តី​សោមនស្ស​រីក​រាយ​ជា​ខ្លាំង​ក្នុង​ការ​ចាប់​ដៃ​គូ​ជា​មួយ​ក្រុម​ហ៊ុន ​Ria Money Transfer ​ដើម្បី​បង្កើន​ការ​ផ្ដល់​សេវា​និង​បរិយា​ប័ន្ន​ហិរញ្ញ​វត្ថុ​សម្រាប់​អតិ​ថិជន​។ កិច្ច​សហ​ប្រតិ​បត្តិការនេះ​ នឹង​ផ្តល់​លទ្ធ​ភាព​ដល់​អតិថិ​ជន​គ្រប់​ប្រភេទ ​(ទាំង​ប្រជា​ជន​កម្ពុជា ​និង​ជន​បរទេស) ​ដែល​កំពុង​ធ្វើការ​ ធ្វើ​អាជីវ​កម្ម​ និង​/ឬ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​ជុំវិញ​ពិភព​លោក ​អាច​ផ្ទេរ​ប្រាក់​ចេញ​ពី​ និង​មកប្រទេស​កម្ពុជា​តាម​រយៈRia Money Transfer​ជា​មួយ​នឹង​ទីតាំង​លក់​រាយ​ជាង​៥០០ ០០០​ទូទាំង​ពិភព​លោក​»។

​Ria គឺ​ជា​ក្រុម​ហ៊ុន​ផ្ទេរ​ប្រាក់​ឈាន​មុខ​គេ​ទីពីរ​នៅ​លើ​ពិភព​លោក ​ដែល​មាន​ទីតាំង​លក់​រាយ​ជាង​៥០០ ០០០។ ​ធនាគារ​អេស៊ី​លីដា ​គឺ​ជាធនាគារ​ឈាន​មុខ​គេ​នៅ​កម្ពុជា​ ដែល​ផ្តល់​ជូន​អតិ​ថិជន​ និង​អ្នក​ទទួលប្រាក់​បញ្ញើ​មក​ផ្ទះ​ប្រមាណ ​៣០០​ ទីតាំង​ដ៏ងាយ​ស្រួល​ទូទាំង​ប្រទេស ​ដើម្បី​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​ជាសាកល​របស់​Ria។

​ធនាគារ​មួយ​នេះ ​មាន​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បួន​គឺ វិទ្យា​ស្ថាន​ពាណិជ្ជ​កម្ម​អេស៊ីលីដា ​ក្រុម​ហ៊ុន​អេស៊ីលីដា ស៊ីឃ្យួរឹធី ​ភីអិលស៊ី ​ធនាគារ​អេស៊ីលីដា ​ឡាវ​ និងACLEDA MFI Myanmar Co., Ltd​ព្រម​ទាំងការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហ​ភាព​មីយ៉ាន់ម៉ា​។ ​គិត​ត្រឹម​ដំណាច់​ខែ​ធ្នូ ​ឆ្នាំ ​២០​២២​ធនាគារអេស៊ីលីដា​មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន​៨,៩២ ​ពាន់​លាន​ដុល្លារ​អាមេរិក​ សម​តុល្យ​ឥណ​ទាន​សរុប​ចំនួន​៦,២៥ ​ពាន់​លាន​ដុល្លារ ​និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន​៦,២២​ពាន់​លាន​ដុល្លារ​ ដែល​មាន​អតិថិជន​ជាង​៣,៩៨8 ​លាន​នាក់​៕