អេ​ស៊ី​លី​ដា និងសមាគម​ជប៉ុន​-​កម្ពុជា រួមគ្នាគៀងគរវិនិយោគិនជប៉ុនមកកាន់កម្ពុជា

​ភ្នំពេញ ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី ​២៥ ខែមេសា ឆ្នាំ ​២០២២​ មកនេះ ធនាគារ អេ​ស៊ី​លី​ដា បាន​ប្រារព្ធ​ពិធី​ផ្គូផ្គង​អាជីវកម្ម​ជាមួយ JCA (​សមាគម​ជប៉ុន​-​កម្ពុជា​) នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ​អេ​ស៊ី​លី​ដា​ ផ្ទាល់ ដោយ​មានការ​​ចូលរួម​ពី​សំណាក់​លោក​បណ្ឌិត អ៉ិន ចាន់​នី និង​ឯកឧត្តម Takahashi, Fumiaki ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា (​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​) ​។

នៅ​ក្នុង​ពិធី​ផ្គូផ្គង​អាជីវកម្ម​ជាមួយ JCA (​សមាគម​ជប៉ុន​-​កម្ពុជា​) ឬ Business Matching with JCA (JAPAN-Cambodia Association) លោក​បណ្ឌិត អ៉ិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា​ ៖ «​ការ​ផ្គូផ្គង​អាជីវកម្ម​នា​ឱកាស​នេះ បាន​ជួយ​ឱ្យ​វិនិយោគិន​បរទេស ស្វែង​យល់​បន្ថែម​អំពី​ឱកាស​វិនិយោគ ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ និង​ទំនាក់ទំនង​ជាមួយ​អ្នក​វិនិយោគ​ក្នុងស្រុក ហើយ​នេះ​ក៏​ជា​វេទិកា​មួយ​សម្រាប់​វិនិយោគិន ក្នុង​ការ​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ទទួល​បាន​ព័ត៌មាន​អំពី​ស្ថានភាព​សេដ្ឋកិច្ច ហើយ​សំខាន់​បំផុត​គឺ​មក​មើល​ប្រទេស​កម្ពុជា​ដោយ​ផ្ទាល់​» ។

លោក​បណ្ឌិត អ៉ិន ចាន់​នី បាន​បន្ថែម​ថា ប្រទេស​កម្ពុជា គឺជា​គោលដៅ​វិនិយោគ​ដ៏​ទាក់ទាញ​មួយ ដោយសារ​ច្បាប់​វិនិយោគ​គាំទ្រ ការ​គ្រប់គ្រង​ល្អ​នៃ​ជំងឺ​កូ​វី​ដ​-១៩ អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់ និង​អត្រា​ឆ្លង​ទាប ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​ងើបឡើង​វិញ​កាន់តែ​រឹង​មាំ និង​ការ​ចល័ត​សង្គម​កាន់តែ​ច្រើន​ ។ សេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករណ៍​ថា ​នឹង​កើនឡើង​ក្នុង​អត្រា 5.3% ក្នុង​ឆ្នាំ 2022 និង 6.5% នៅ​ឆ្នាំ 2023 ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

ជាមួយនឹង​ការ​ព្យាករណ៍​សុទិដ្ឋិនិយម​នៃ​កំណើនសេដ្ឋកិច្ច និង​ការ​ចល័ត​សង្គម​កាន់តែ​ច្រើន លោក​បណ្ឌិត អ៉ិន ចាន់​នី ជឿជាក់​យ៉ាង​មុតមាំ​ថា វិនិយោគិន​នឹង​អាច​ស្វែងរក​ឱកាស​វិនិយោគ​សមរម្យ ​នៅ​ក្នុង​បរិយាកាស​ដែល​អំណោយផល​ដល់​កំណើន ហើយ​សហគ្រិន​ក្នុងស្រុក​អាច​ស្វែង​យល់​បន្ថែម​ពី​ភាគី​ក្រៅប្រទេស​របស់​ពួក​គេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​កម្មវិធី Business Matching with JCA (JAPAN-Cambodia Association) មានការ​អញ្ជើញ​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុនចម្រុះ​ខាង​កម្ពុជា ២៩ ក្រុមហ៊ុន និង​ខាង​ជប៉ុន ២៤ ក្រុមហ៊ុន​ផង​ដែរ ​។ ធនាគារ អេ​ស៊ី​លី​ដា និង​សមាគម​ជប៉ុន​-​កម្ពុជា បាន​សម្រេច​អោយ​មាន ​១​ ឆ្នាំ​ម្តង ប៉ុន្តែ​ដោយសារ​បញ្ហា​កូ​វី​ដ ពិធី​ជួបជុំ​នេះ​ត្រូវ​បាន​ផ្អាក ជិត ​២ ​ឆ្នាំ ។ ទើបតែ​ក្នុង​ឆ្នាំ ​២០២២ ​នេះ ជា​ការ​ជួបជុំ​លើក​ទី ​២ ​។ ការ​ជួប​គ្នា​នា​ពេល​នេះ​ផង​ដែរ គឹ​ដោយសារ​កម្ពុជា បាន​អនុវត្តន៍ នយោបាយ​ចាក់​វ៉ាក់សាំង​ជូន​ទាំង​ពលរដ្ឋ​កម្ពុជា​និង​ជនបរទេស​នៅ​កម្ពុជា ដែល​នេះ​ជា​អំណោយផល​ល្អ សម្រាប់​លំហូរ​វិនិយោគិន ជប៉ុន មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ៕