7-Eleven នឹង​បើក​ដំណើការ​នៅ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​

​ភ្នំពេញៈ លោក អ៊ូ​ក សោ​ភ័​ណ្ឌ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​ថៃ បាន​ប្រាប់​PlusOne នៅ​ថ្ងៃទី​3 ខែមិថុនា​នេះ ថា ក្រុមហ៊ុន CP ALL Plc ដែលជា​ប្រតិបត្តិ​ករ​ហាង​ទំនិញ​លក់រាយ​ធំជាងគេ​នៅ​ប្រទេស​ថៃ​នឹង​បើក​ដំណើរការ​ផ្សារ 7-Eleven នៅ​ទីក្រុង​ភ្នំពេញ​ក្នុងពេល​ឆាប់ៗ ខាងមុខនេះ​។

​លោក​ឯកអគ្គរាជទូត​រូបនេះ​បាន​ពន្យល់ថា ការសម្រេច​ពង្រីក​ការវិនិយោគ​របស់​ក្រុមហ៊ុន CP ALL ថៃ​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​រឿង​ល្អ ដោយសារ​ទី​១ វា​ស្រប​នឹង​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ចកម្ពុជា ដែល​បាន​ផ្តួចផ្តើម និង​ដាក់ឱ្យអនុវត្ត​ដោយ​លោក ប្រាក់ សុខន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​មានការ​គាំទ្រ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

​ទី​២ ក្រុមហ៊ុន​នេះ​នឹង​ជួយផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាត់បង់​ការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩ និង​ទី​៣ ក្រុមហ៊ុន​នឹង​ទទួលយក​ផលិតផល​ខ្មែរ​មួយចំនួន​ពី​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​យ៉ាងតិច ៥០​ភាគរយ​ដើម្បី​ដាក់លក់​ប្រដំប្រសង​គ្នា​ជាមួយ​ផលិតផល​ថៃ ដូចដែល​ក្រុមហ៊ុន​ធ្លាប់បាន​សន្យា​ជាមួយ​លោក និង​លោក​អនុព័ន្ធពាណិជ្ជកម្ម​នាពេល​កន្លងមក​។​

​លោក​បាន​ថ្លែងថា​៖«​បើសិន​ផលិតផល​ខ្មែរ​មានគុណ​ភាព​ស្តង់ដារ និង​តម្រូវការ​ខ្ពស់ ក្រុមហ៊ុន​នឹង​ពិចារណា​នាំយកមក​លក់​នៅតាម​សាខា 7-Eleven ទូទាំងប្រទេស​ថៃ ដែលមាន​ចំនួន​ជាង ១២,០០០​ហាង​ថែមទៀត​។ ដូច្នេះ​នេះ​គឺជា​ឱកាស​សម្រាប់ SMEs កម្ពុជា​ក្នុងការ​ចាប់​ដៃគូ​សហកា​រ​ជាមួយ​ក្រុមហ៊ុន CP ALL ដែលមាន​បណ្តាញ​ហាង​លក់ទំនិញ​ធំ​បំផុត​លើ​ពិភពលោក​»​។​

​លោក សោ​ភ័​ណ្ឌ បាន​ញ្ជា​ក់ថា នៅ​ប្រទេស​ថៃ​មជ្ឈមណ្ឌល​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា (CBC) ទើបបាន​បង្កើតឡើង​ដើម្បី​បម្រើ​ជា​កន្លែង​ជំរុញ​ផ្សព្វផ្សាយ​សកម្មភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ ព្រមទាំង​ផ្លាស់ប្តូរ​ព័ត៌មាន និង​ចំណេះដឹង​ផ្សេងៗ​រវាង​សមាជិក​រាប់​តាំងពី​ការធ្វើ​អាជីវកម្ម ការលើកកម្ពស់​គុណភាព​ទំនិញ ឬ​សេវាកម្ម ការជំរុញ​ផលិតកម្ម និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​ថៃ និង​កម្ពុជា ព្រមទាំង​ការសម្របសម្រួល និង​ចរចា​ជាមួយ​ស្ថាប័នរដ្ឋ​នៅក្នុង​ប្រទេស​ទាំងពីរ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​របស់​វិស័យ​ឯកជន​ដែលជា​សមាជិក​ថែមទៀត​។​

​ក្រុមហ៊ុន CP ALL បាន​ជូនដំណឹង​ថា ក្រុមហ៊ុន​បាន​ពង្រីក​កិច្ចព្រមព្រៀង Master Agreement នៃ​ផ្សារ​ម៉ា​ត 7-Eleven នៅក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន PTT Oil and Retail Business Public Company Limited ក្នុង​រយៈពេល​១០ ឆ្នាំ​បន្តទៀត បន្ទាប់ពី​កិច្ចសន្យា​ចាស់​។​នេះ​បើតាម​សេចក្តីជូនដំណឹង​ផ្ញើ​ទៅ​ប្រធាន​ផ្សារ​ហ៊ុន​ថៃ កាលពី​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំនេះ​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​បាន​ដំណើរការ​ហាង 7-Eleven សរុប ១២ ២២៥ នៅ​ប្រទេស​ថៃ​។ ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា ខ្លួន​នឹង​វិនិយោគ​ចន្លោះ​ពី ១១,៥​ពាន់​លាន​បាត​ទៅ ១២​ពាន់​លាន​បាត​នៅ​ឆ្នាំ​២០២០ ក្នុងការ​បើកហាង​ថ្មី ជួសជុល​កែលម្អ​ហាង​ដែលមាន​ស្រាប់ និង​បើក​ដំណើរការ​គម្រោង​ថ្មីៗ​៕

Leave a Reply

Your email address will not be published. Required fields are marked *