ធនាគារអេស៊ីលីដារក​ប្រាក់​ចំណេញ​បាន​ជាង ៨១​លាន​ដុល្លារ

ភ្នំពេញៈ ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទី​១ ​ចុះ​បញ្ជី​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា (CSX) នៅ​តែ​រក្សា​បាន​នូវ​កំណើន​ប្រាក់​ចំណេញ​ប្រមាណ​ជិត​ ៣០​ភាគ​រយ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​នេះ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០​។

របាយការណ៍​ផ្ញើ​ទៅ CXS កាល​ពី​ថ្ងៃ​ទី ៦ ខែ​សីហា បង្ហាញ​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ ធនាគារ​អេស៊ីលីដា រក​ចំណូល​បាន​ ២០៩,៧៦៥​លាន​ដុល្លារ កើន​ឡើង ១១,៩​ភាគ​រយ ពី​ចំនួន ១៨៧,៤៥៦ កាល​ពី​ឆមាស​ទី១ ឆ្នាំ​២០២០។ ដោយ​ឡែក​ប្រាក់​ចំណេញ មាន​ចំនួន​ជាង ៨១,១៩៧​លាន​ដុល្លារ កើន​ឡើង ២៧,៣៨​ភាគ​រយ ពី​ចំនួន ៦៣,៧៤៤​លាន​ដុល្លារ។

កាល​ពី​ឆ្នាំ​២០២០ អេស៊ីលីដា រក​ចំណូល​បាន​ជាង ៣៨៧លាន​ដុល្លារ កើន​ជាង ១០ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដែល​មាន​ចំនួន​ជាង ៣៥១​លាន​ដុល្លារ និង​ទទួល​បាន​ប្រាក់​ចំណេញ​ជាង ១៤១លានដុល្លារ។

ជាមួយ​នឹង​បទ​ពិសោធន៍​ជាង ២៧ ឆ្នាំ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ចាប់​ផ្តើម​ក្នុង​នាម​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​កាល​ពី​ឆ្នាំ ១៩៩៣ ជាមួយ​ដើម​ទុន​វិនិ​យោគ ៦០០ ០០០ ដុល្លរ។ បច្ចុប្បន្ន​ដើម​ទុន​របស់​ធនាគារ​មួយ​នេះ បាន​កើន​ឡើង ៧០០ ដង ខណៈ​ទ្រព្យ​សកម្ម​សរុប​មាន​ចំនួន​ប្រហែល ៦ ពាន់​លាន​ដុល្លារ កើន​ឡើង​ជាង ៩ ០០០ ដង និង​ប្រាក់​ចំណេញ​សុទ្ធ​បាន​កើន​ឡើង​ជិត ២ ០០០ដង។ នេះ​បើ​យោង​តាម​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ អេស៊ីលីដា៕

Leave a Reply

Your email address will not be published. Required fields are marked *