កម្ពុជាកំពុងចាប់ដៃជាមួយស្ថាប័នអន្តរជាតិនានាដើម្បីអភិវឌ្ឍន៍វិស័យមូលបត្រ

ភ្នំពេញ:​មន្រ្តី​ជាន់​ខ្ពស់​និយ័ត​ករមូល​បត្រ​​កម្ពុជា​(ន.ម.ក.)​បាន​ឱ្យដឹង​ថា​ បច្ចុប្បន្ន ​ន.ម.ក.​ កំពុង​ធ្វើ​ការ​ជាមួយ​ធនាគារ​អភិវឌ្ឍន​អាស៊ី​(ADB) និងធនាគារពិភពលោក​ដើម្បី​អភិវឌ្ឍន៍​ហិរញ្ញ​ប្បទាន​និរន្ត​ភាព​សម្រាប់​វិស័យ​មូល​បត្រ​កម្ពុជា​។

លោក​ ស៊ូ ​ សុជាតិ ​ប្រតិភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​ ន.ម.ក.​នៅ​ថ្ងៃ​ទី​៦​ ខែ​សីហា ​ឆ្នាំ​២០២១​ បាន​ដឹក​នាំ​មន្រ្តី​ជំនាញ​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​នឹង​អ្នក​ជំនាញ​ការ​នៃ​ធនាគារ​ពិភព​លោក​(World Bank)​ដែល​ដឹក​នាំដោយ​លោកស្រី​Ratchada ​Anantavrasilpa ​ដើម្បី​ពិភាក្សា​ទៅ​លើ ​“Toolkits​ for​ Policymakers ​to ​Green ​the ​Financial ​System​”។

លោក​ថ្លែង​ថា​៖ ​«កម្ពុជា​សូម​សម្តែង​នូវ​កា​រ​អរគុណ​ចំពោះ​ធនាគារ​ពិភ​ពលោក​ដែល​តែង​តែ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​មូល​បត្រ​នៅ​កម្ពុជា​ ក៏ដូចជា​ ប្រទេស​កម្ពុជា​ទាំង​មូល​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ ​លោក​ក៏បាន​បង្ហាញ​ថា​ បច្ចុប្បន្ន​ ន.ម.ក.​ ក៏​កំពុង​តែ​ធ្វើការ​ជា​មួយ​ធនាគារ​អភិវឌ្ឍ​អាស៊ី ​(ADB)​ ដើម្បី​អភិវឌ្ឍ​ហិរញ្ញប្ប​ទាន​និរន្ត​ភាព​សម្រាប់​វិស័យ​មូល​បត្រ​នៅ​កម្ពុជា​ ផង​ដែរ​។ ​

លោក​ថា​៖ ​«ក្នុង​ជំនួប​ពិភាក្សា ​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​ក្នុងការ​ជំរុញ​ការ​កសាង​សមត្ថ​ភាព​ដល់​មន្ត្រី​នៃ ​ន.ម.ក​.និង​អ្នក​ចូល​រួម​ក្នុង​ទីផ្សារ​មូល​បត្រ​កម្ពុជា​ដើម្បី​កសាង​នូវ​មូល​ដ្ឋាន​គ្រឹះ​រឹង​មាំ​សម្រាប់​អភិវឌ្ឍ​ហិរញ្ញ​វត្ថុ​បៃតង​នៅ​កម្ពុជា​នៅ​ថ្ងៃ​អនាគត​»។

អ្នក​ជំនាញ​ធនាគារ​ពិភព​លោក​បាន​ឯកភាព​លើ​សំណើរ​នេះ​ និង​មាន​ផែន​ការ​រៀប​ចំ​កម្ម​វិធី​ពង្រឹង​សមត្ថ​ភាព​នៅ​កម្ពុជា​នៅ​ឆ្នាំ ​២០២២។​នេះ​បើ​តាម​លោក ​ស៊ូ ​សុជាតិ​៕

Leave a Reply

Your email address will not be published. Required fields are marked *