មជ្ឈត្តការ​ពាណិជ្ជ​កម្ម​កម្ពុជាទទួលបានពាក្យបណ្តឹងចំនួន២៧

ភ្នំពេញៈ បច្ចុប្បន្ន​មាន​ពាក្យ​បណ្តឹង​ចំនួន ២៧ ត្រូវ​បាន​វិនិយោគិន​ដាក់​មក​កាន់​មជ្ឈ​មណ្ឌល​ជាតិ​នៃមជ្ឈត្តការ​ផ្នែក​ពាណិជ្ជ​កម្ម​កម្ពុជា ដើម្បី​ឱ្យ​ជួយ​ដោះ​ស្រាយ​ទាក់​ទង​នឹង​វិវាទ​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ពាណិជ្ជ​កម្ម។

ក្នុង​ឱកាស​ចូល​រួម​ជា​គណៈអធិបតី​នៃ​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី «មជ្ឈត្តការ​ពាណិជ្ជ​កម្ម​នៅកម្ពុជា» ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​ពាណិជ្ជ​កម្ម និង​ស្រាវជ្រាវ សហការជាមួយ​មជ្ឈ​មណ្ឌល​ជាតិ​នៃ​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​វីដេអូ Zoom កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា​ លោកស្រី ចម និម្មល រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ស្ថេភាពនយោបាយ និង​ភាព​អំណោយ​ផល​នៃ​បរិយាកាស​វិនិយោគ​បាន​ធ្វើ​ឱ្យ​សកម្មភាព​ពាណិជ្ជ​កម្ម និងការ​បណ្តាក់​ទុន​នៅ​កម្ពុជា​កើន​ឡើង​ជា​បន្ត​បន្ទាប់។ ទន្ទឹម​នឹង​ភាព​វិជ្ជមាន​ទាំង​នេះ បញ្ហា​ជម្លោះ​ផ្នែក​ពាណិជ្ជ​កម្ម​ក៏​បាន​កើន​ឡើង​ផង​ដែរ ដោយ​រហូត​មក​ដល់​ពេល​នេះ​មជ្ឈ​មណ្ឌល​ជាតិ​នៃ​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជ​កម្ម បាន​ទទួល​រឿង​ក្តី​ប្រមាណ​ជិត ៣០ ករណី​មក​ហើយ។

លោក​ស្រី​ថ្លែង​ថា៖​«​កត្តា​សន្តិភាព ស្ថេរ​ភាព​នយោបាយ​ក្នុង​ប្រទេស បរិយា​កាស​វិនិយោគ​មាន​ភាពទាក់​ទាញ និង​លក្ខ​ខណ្ឌ​អំណោយ​ផល​ពី​កត្តា​ខាង​ក្នុង និង​ក្រៅ បាន​ធ្វើ​ឱ្យ​សកម្ម​ភាព​ពាណិជ្ជ​កម្ម និង​ការ​វិនិយោគ​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ចំណែក​វិវាទ​ពាណិជ្ជ​កម្ម​ក៏​កើន​ឡើង​ដែរ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​មជ្ឈ​មណ្ឌល​ជាតិ​នៃ​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជកម្ម​បាន​ទទួល​រឿង​ក្តីចំនួន ២៧ ករណី»។

លោកស្រីបាន​លើក​ឡើង​ទៀត​ថា ប្រសិន​បើ​ធៀប​ទិន្នន័យ​នៃ​ការ​បង្កើត​ក្រុម​ហ៊ុន​ថ្មី នៅ​ឆ្នាំ​២០០៧ មាន​ត្រឹម​តែ ២ ៥៣៥​ក្រុមហ៊ុន​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៩ ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​ថ្មី​មាន​រហូត​ទៅ ១៦ ២០៨​ក្រុម​ហ៊ុន។ ការ​កើន​ឡើង​នៃ​ចំនួន​ក្រុមហ៊ុន​ចុះ​បញ្ជីថ្មី​នេះ​បាន​បង្ហាញ​ពី​ភាព​រីកចម្រើន​នៃសេដ្ឋ​កិច្ច​របស់​កម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *