សមាគមបីសហការគ្នាលើក​កម្ពស់​ការ​យល់​ដឹង​លើ​ការ​ទទួល​បាន​ហិរញ្ញប្ប​ទានដល់សហគ្រិនស្រ្តី

ភ្នំពេញៈ​សមាគម​ធនាគារ​នៅ​កម្ពុជា ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ​និង​សមាគម​សហ​គ្រិន​ស្រ្តី​កម្ពុជា​បាន​ចុះ​អនុ​ស្សារណៈ​នៃ​កិច្ច​ព្រម​ព្រៀង​លើក​កម្ពស់​បរិយាបន្ន​ហិរញ្ញ​វត្ថុ​និង​លើក​កម្ពស់​ការ​យល់​ដឹង​លើ​ការ​ទទួល​បាន​ហិរញ្ញប្ប​ទាន​របស់​សហគ្រិន​ជា​ស្រ្តី។

កាល​ពី​ថ្ងៃទី​ ៦ ​ខែ​សីហា ​ឆ្នាំ​២០២១ ​អនុស្សរណៈ​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​សមាគម​ទាំង​៣​ខាងលើ​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ចូល​រួម​ចំណែក​គាំទ្រ​ដល់​ផែនការ​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្រ្ត​ជាតិ​ស្តីពី​បរិយាបន្ន​ហិរញ្ញ​វត្ថុ​ឆ្នាំ​២០១៩​-២០២៥ ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញ​វត្ថុ ​លើក​កម្ពស់​ផលិត​ផល​ឥណទាន​ប្រកប​ដោយ​នវានុវត្តន៍ ​តាម​រយៈ​ការ​ពង្រឹង ​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​គ្នា​ទៅ​វិញ​ទៅ​មក​ទាក់​ទង​នឹង​ការ​បណ្តុះ​បណ្តាល ​ការ​រៀបចំ​ព្រឹត្តិការណ៍ ​និង​ការ​រៀបចំ​សិក្ខា​សាលា​រួមគ្នា​ដើម្បី​លើក​កម្ពស់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ ​និង​បរិយាបន្ន​ហិរញ្ញ​វត្ថុ ​ក្នុង​ចំណោម​សហគ្រិន​ស្ត្រី ​និង​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា​។

ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សារណៈ​នៃ​កិច្ចព្រម​ព្រៀង ​លោក ​អ៊ិន ​ចាន់នី ​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ថា ​អនុស្សរណៈ​នៃ​កិច្ចព្រម​ព្រៀងនេះ​ នឹង​បង្ហាញ​ពី​សក្ខីភាព​នៃ​កិច្ច​ខិត​ខំប្រឹង​ប្រែង​រវាង​សមាគម​ទាំង​បី ​ក្នុង​ការលើក​កម្ពស់ ​និង​បញ្ជ្រាប​ការ​យល់​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​ទៅ​វិញ​ទៅ​មក​។

លោក​បន្ត​ថា ​ ភាគី​ទាំង ​៣ ​ក៏​នឹង​សហការ​គ្នា​លើការ​បណ្តុះ​បណ្តាល ​អភិវឌ្ឍ​ទៅ​គ្រប់​ទិដ្ឋ​ភាព​នៃ​វិស័យ​ធនាគារ​ជូន​ដល់​សមាជិក​ដែល​ជា​សហគ្រិន​ស្រ្តី ​ព្រ​ម​ទាំង​លើក​កម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​ទៅ​លើ​ផ្នែក​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ​ និង​ផលិត​ផល​ធនាគារ​ និង​ហិរញ្ញ​វត្ថុ​ ហើយ​លើក​កម្ពស់ការ​យល់​ដឹង​លើការទទួល​បាន​ហិរញ្ញប្ប​ទាន​របស់​សហគ្រិន​ស្រ្តី ​និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ពី​បណ្តា​គ្រឹះ​ស្ថាន​ធនាគារ​និង​ហិរញ្ញ​វត្ថុ​៕

Leave a Reply

Your email address will not be published. Required fields are marked *