កម្ពុជា​បាន​នាំ​ចូល​ថ្នាំ​និង​ជី​កសិកម្ម​ចំនួនជាង៩០ ម៉ឺន​តោន​ក្នុង​រយៈ​ពេល ៥ ដំបូង​ឆ្នាំ​២០២១​នេះ

ភ្នំពេញ៖​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យដឹងថា​ កម្ពុជា​បាន​នាំ​ចូល​ថ្នាំ​និង​ជី​កសិកម្ម​ចំនួនជាង៩០ ម៉ឺន​តោន​ក្នុង​រយៈ​ពេល ៥ ដំបូង​ឆ្នាំ​២០២១​នេះ​ ដែ​ល​ចំនួននេះ​បាន​កើនឡើង​ខ្ពស់​បើធៀប​នឹង​ឆ្នាំទៅ​។​នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់ក្រសួង​កសិកម្ម​ បានផ្សាយ​កាលពី​ថ្ងៃទី ០៩ សីហា​។​

សេចក្តី​ប្រកាស​ព័ត៌មាន​ បាន​ឱ្យ​ដឹងថា គិត​ត្រឹម​ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន​នាន​បាន​នាំ​ចូល​ថ្នាំ​កសិកម្ម​មាន​ចំនួន​ ៤៧ ៤០៩ តោន និង​ជីកសិកម្ម​ចំនួន​ ៨៥៨​ ៦៣២​ តោន​។ផលិតកម្ម​ក្នុ​ងវិស័យ​កសិកម្ម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២១​​មាន​សន្ទុះកើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ដែល​នាំ​តម្រូវ​ការ​ថ្នាំ​កសិកម្ម​ និង​ជីកសិកម្ម​ដ៏​មាន​សន្ទុះ​កើន​ឡើង។​ការណ៍​នេះ​បាន​​នាំឱ្យ​តម្លៃ​ថ្នាំ​កសិកម្ម​និង​ជីកសិកម្ម​ក៏​ហក​ឡើង​ខ្ពស់​។​

ក្រសួង​ពន្យល់ថា តម្លៃជីកសិកម្ម​ឆ្នាំនេះ មាន​តម្លៃ​ថ្លៃ​ជាង​កាល​ពី​ឆ្នាំកន្លង​ទៅ​ដោយ​​សារកត្តា​សំខាន់ៗ​មួយចំនួន រួមមាន​ នៅ​បណ្តា​ប្រទេស​ផលិត​ថ្នាំ​កសិកម្ម​ និង​ជី​កសិកម្ម​នាំ​ចេញ ​មិន​អាច​ផលិត​ឆ្លើយ​តប​បាន​តាម​ការ​បញ្ជាទិញ​ពី​ប្រទេស​កម្ពុជា​។​វត្ថុ​ធាតុ​ដើម​មាន​ការ​ខ្វះខា​ត​ក្នុង​ការ​ផ្គត់​ផ្គង់​ពី​ប្រទេស​ផលិត​ធំៗ​មាន​ដូច​ជា​ ប្រទេស​ចិន​ ប្រទេស​ម៉ាឡេស៊ី​និង​ប្រទេស​អារ៉ាប់​។

សេចក្តីប្រកាស​ព័ត៌មាន បន្តថា ផលិត​កម្ម​ជីក​សិកម្ម​ត្រូវ​បាន​កាត់​បន្ថយ​កម្លាំង​ពលកម្ម​ដោយ​បញ្ហា​នៃកា​រ​រីករាល​ដាល​ជំងឺ​កូវីដ​-១៩​ ដូចជា​នៅ ក្នុង​ប្រទេស​ចិន​ ប្រទេស​ថៃ​ និ​ងប្រទេស​វៀតណាម​ ក៏​ជា​មូល​ហេតុ​នាំ​ឱ្យ​កើន​ឡើង​ ផងដែរ​ ខណៈ​ការ​ដឹក​ជញ្ជូន​ប្រើ​ពេលវេលា​យូរ​ដោយ​មាន​បញ្ហា​រីករាល​ដាលជំងឺ​កូវីដ-​១៩​ (មា​នកា​រប្រុងប្រយ័ត្ន​ទៅ (លើ​ផ្នែក​សុខ​ភាព​ និង​ត្រួត​ពិនិត្យ​តាម​វិធាន​សុខាភិបាល)​។

ទន្ទឹម​នឹង​នេះ ការ​បញ្ជា​ទិញ​ពី​ប្រទេស​កម្ពុជា​ នៅ​បណ្តា​ប្រទេស​ផ្សេងៗ​ក៏​បាន​បញ្ជា​ទិញ​ដែរ ​ដូច​នេះ​ការ​​ផ្គត់​ផ្គង់​មិន​គ្រប់​តាម​តម្រូវ​ការ​ ហើយ​ការ​ចំណាយ​លើការ​រៀបចំ​វេច​ខ្ចប់​ឡើង​វិញ​ ដែល​ត្រូវ​ការ​សំបក​វេច​ខ្ចប់​បោះ​ពុម្ព​ផ្សា​យ​ភាសា​ខ្មែរ ​ ព្រមទាំង​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ជី​-ថ្នាំ​កសិកម្ម​មួយ​ចំនួន​មិន​បាន​ទៅ​ទិញ​ដល់​រោង​ចក្រ​ផលិត​ផ្ទាល់​ដោយ​ឈ្មួញ​កណ្តាល ​ជា​ហេតុ​ធ្វើ​ឱ្យ​ជី​-ថ្នាំ​កសិកម្ម​ថ្លៃ​ជាង​តម្លៃ​នៅ​រោងច​ក្រផលិត​។

សេចក្តី​ប្រកាស​ព័ត៌មាន បន្ថែមថា​៖ «តម្រូវ​ការ​ជីក​សិកម្ម​ក្នុង​ស្រុក​មាន​ការ​កើន​ឡើង​ច្រើន​ ដោយសារ​អ្នក​វិនិយោគ​មួយចំ​នួន​​ប្តូរ​ពី​វិស័យ​ផ្សេងៗ​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​។​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​លទ្ធ​ភាព​អាច​ផលិត​ជី​កសិកម្ម​បា​ន​នៅ​ឡើយ​(មាន​លទ្ធភាព​ផលិត​ជី​ធម្ម​ជាតិ​ និង​ជី​សរីរា​ង្គ​តែ​ប៉ុណ្ណោះ​)»។

នៅ​ក្នុង​ឆ្នាំ២០២០​​ក្រុមហ៊ុន​នាំ​ចូល​ថ្នាំ​កសិកម្ម​ចំនួន ១០៣ ០០៥ តោន និង​ជីកសិកម្ម​ចំនួន ​១ ៤០៦ ៧៧៥ តោន​។នេះបើ​តាម​ក្រសួង​កសិកម្ម​៕

Leave a Reply

Your email address will not be published. Required fields are marked *