ខណះទីផ្សារថៃកំពុងជាប់គាំង កម្ពុជាសម្លឹងមើលទីផ្សារវៀតណាមសម្រាប់ការនាំចេញផ្លែមៀន

ភ្នំពេញៈ​ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានអំពាវនាវ​ដល់​អ្នក​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន​ឱ្យ​បង្វែរពី​ប្រទេស​ថៃ​ទៅ​កាន់​ប្រទេស​វៀត​ណាម​ ដើម្បី​ដោះ​ស្រាយ​ទីផ្សារ​មៀន​ក្នុង​រដូវ​ប្រមូល​ផល​ដែល​ជាប់​គាំង​ដោយ​សារ​ការ​បិទ​ព្រំ​ដែន​រវាងកម្ពុជា​-ថៃក្នុង​យុទ្ធ​នាការ​ទប់​ស្កាត់​ការរីក​រាល​ដាល​ជំងឺ​កូវីដ​១៩។នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួង​នេះបាន​ផ្សាយកាលពី​ថ្ងៃទី​១២ ខែ​សីហា បាន​ឱ្យដឹងថា ដើម្បី​ចូល​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហាទីផ្សារ​ផលិត​ផល​មៀន​ប៉ៃលិន​ដែល​កំពុង​ប្រឈម​នឹង​របាំង​ភូតគាម​អនាម័យ​ និ​ង​បញ្ហាប្រឈម​នានា​បង្ក​ឡើង​ដោយ​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺកូវីដ​១៩ ​ក្រសួងកសិកម្ម​សូម​ធ្វើការ​អំពាវ​នាវ​ដល់​អ្នកនាំចេញគួរបង្វែរទៅ​រក​ទីផ្សារ​ប្រទេសវៀតណាម ព្រោះ​ភាគី​ទាំង​២បាន​ឯកភាព​គ្នា​លើ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​រួច​ហើយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​៖ «បង​ប្អូន​ប្រជាពល​រដ្ឋ​គួរ​រួម​គ្នាគាំ​ទ្រ​ផលិត​ផល​ខ្មែរ​ ដោយ​​ជួយ​​ទិញ​​ផ្លែ​មៀន​​របស់យើង ​​ក្រោម​រូ​បភាព​ខ្មែរ ជួយ​ខ្មែរ​ ដោយ​ជួយ​ទិញ​ផ្លែមៀន​របស់​ប្រជា​កសិករ​យើង​ ពិសេស​សហគមន៍​កសិកម្ម​មៀន​ប៉ៃ​លិនក្នុង​កាលៈទេសៈ​ដ៏​លំបាកនេះ ហើយ​សូម​ឱ្យ​ម្ចាស់​ទីតាំង​ផ្សារ​ទំនើប​ ក្រុមហ៊ុន ​ឬសិប្បកម្ម​កែច្នៃ​កសិផល​ក្នុ​​ង​ស្រុកគួរ​នាំ​គ្នា​ជួយ​ប្រមូល​ទិញ​ផ្លែមៀន​ប៉ៃលិនមក​លក់​ចែក​ចាយ​ ឬ​ធ្វើការ​កែ​ច្នៃ​សម្រាប់​បម្រើ​ដល់​ការ​ហូប​ចុក​ក្នុង​ស្រុក​ជំនួស​ឱ្យ​ការ​នាំចូល​នូវ​ផ្លែមៀន​កំប៉ុងពីក្រៅ​ប្រទេសវិញ»។

ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ ​សង្ឃឹម​យ៉ាង​មុត​មាំថា ​សាធារណ​ជន​នឹង​ចូល​រួម​ចំណែក​ក្នុង​ស្មារតី​ ជួយ​លើក​កម្ពស់​ផលិត​ភាព​ និង​មោទក​ភាព​ផលិត​ផល​កសិកម្ម​ជាតិ​ជាក់​ជាមិន​ខាន​។

បច្ចុប្បន្ន កម្ពុជា​បាន​និង​កំពុង​ចរចា​បើក​ទីផ្សារ​សម្រាប់​ផែ្ល​មៀន​ប៉ៃលិន​ជាមួយ​ប្រទេស​ចិន​ ប៉ុន្តែ​មិន​ទាន់​ទទួល​បានការ​ឆ្លើយ​តប​ពីភាគី​ចិន​នៅឡើយទេ​រហូត​មក​ដល់​ពេល​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *