IMF នឹងផ្តល់កម្ចី២៤០លានដុលារដល់កម្ពុជាដើម្បីស្តារសេដ្ឋកិច្ច

ភ្នំពេញ៖ កម្ពុជា​នឹង​ទទួលបាន​ទឹកប្រាក់​ចំនួន ០,២៤ ​ពាន់​លាន ដុល្លារ​សហរដ្ឋអាមេរិក​ (​ប្រមាណ​ ២៤០ ​លាន​ដុល្លារ​) ក្នុងចំណោម​ទឹកប្រាក់​សរុប​ប្រហែល ៦៥០ ​ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដែល​បានអនុម័ត​ផ្តល់​ដល់​កម្ពុជា​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ​ឡើងវិញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​អុកស្វាម ដែល​ភ្នំពេញ-ប៉ុស្តិ៍​ទទួលបាន​កាលពី​ថ្ងៃទី​ ១១ ខែសីហា​បានឱ្យដឹងថា​៖ «​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បានអនុម័ត​ការវិភាជ​ថវិកា​ទូទៅ​មួយ​ពី​គណនី​មូលនិធិ​ពិសេស (the largest Special Drawing Rights (SDRs)) ​ជា​ប្រវត្តិសាស្ត្រ ដែល​ស្មើនឹង ៦៥០ ​ពាន់​លាន​ដុល្លារ កាលពីដើម​ខែសីហា​នេះ ដើម្បី​ជំរុញ​លទ្ធភាព​ទូទាត់​ការចំណាយ​របស់​សកល​លោក​។ កម្ពុជា​នឹង​ទទួលបាន​ចំនួន ០,២៤ ​ពាន់​លាន​ដុល្លារ​»​។

លោកស្រី លីម សូលីន នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ​អុកស្វាម (Oxfam) ​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​ថវិកា SDRs ថ្មី​នេះ​នឹង​ជួយ​ប្រទេស​កំពុងអភិវឌ្ឍន៍ រួមទាំង​កម្ពុជា​ផងដែរ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ និង​ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ​»​។

លោកស្រី​ថ្លែងថា រហូតមកដល់​ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការងារ​ «​យ៉ាង​ល្អ​» ​ដើម្បី​ទប់ស្កាត់​ការចម្លង​មេរោគ​នេះ ព្រមទាំង​គាំទ្រ​ក្រុម​ប្រជាជន​ងាយ​រងគ្រោះ ក្នុង​ការដោះស្រាយ​ការបាត់បង់​មុខរបរ​របស់​ពួកគេ តាមរយៈ​ការអនុវត្ត​កម្មវិធី​ផ្ទេរ​សាច់ប្រាក់ ដោយ​ផ្អែកលើ​ប្រព័ន្ធ​ជំនួយ​សង្គម​របស់ខ្លួន​»​។

លោកស្រី លីម សូលីន អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​បន្ត​ធ្វើការ​ប្រកប​ដោយ​តម្លាភាព និង​រួមគ្នា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ដទៃទៀត ដើម្បី​ប្រើប្រាស់​ហិរញ្ញប្បទាន​ឥតសំណង​បន្ថែម​នេះ ឱ្យ​បានល្អ​បំផុត ឧទាហរណ៍ ដោយ​ផ្តល់​អាទិភាព​លើ​ការថែទាំ​សុខភាព​ជា​សកល និង​ការវិនិយោគ​លើ​កិច្ចគាំពារ​សង្គម ដែល​អាច​កាត់បន្ថយ​វិសមភាព​ដើម្បី​សម្រេច​បានការ​ងើបឡើងវិញ ពី​ជំងឺ​រាតត្បាត​ជា​សកល​នេះ ប្រកបដោយ​សមភាព និង​កាន់តែ​មាន​និរន្តរភាព​ថែមទៀត​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ដកស្រង់​ការរកឃើញ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ​ក្នុង​ឆ្នាំ​ ២០២១ ថា បច្ចុប្បន្ននេះ វិស័យ​សេដ្ចកិច្ច​ក្រៅ​ប្រព័ន្ធ​តំណាងឱ្យ​ប្រមាណ ៨៧ ​ភាគរយ​នៃ​សេដ្ឋកិច្ចកម្ពុជា និង​បាន​ដកស្រង់​ការរកឃើញ​របស់​ក្រសួង​ផែនការ​ដែល​បាន​លើកឡើងថា កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចំនួន​ ៦ លាន​នាក់ កំពុង​ប្រឈម​នឹង​ការបាត់បង់​មុខរបរ​របស់​ពួកគេ នៅ​ខណៈពេល​ដែល​ជំងឺ​រាតត្បាត​ជា​សកល​នេះ​នៅតែ​បន្ត​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា​៖ «​ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​ធានាថា កម្មវិធី​ផ្តល់ជំនួយ​សង្គ្រោះ​របស់ខ្លួន ផ្តោត​ការយកចិត្ត​ទុកដាក់​ ជាពិសេស​ទៅលើ​ការគាំទ្រ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អាជីវកម្ម​ធុន​តូច និង​មធ្យម ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចកម្ពុជា​»​។

SDRs គឺជា​ទម្រង់​នៃ​រូបិយប័ណ្ណ​សកល​មួយ ដែល​អាច​ចាក់​បញ្ចូល​ទៅក្នុង​សេដ្ឋកិច្ច​សកលលោក​ដោយ​ធ្វើការ​បែងចែក​ជំនួយ​ដោយ​មិនចាំបាច់​សង​វិញ ជូន​ដល់​ប្រទេស​ជា​សមាជិក​នីមួយៗ​របស់​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​។ ថវិកា​នេះ មិនមែន​ជា​កម្ចី​ដែល​ត្រូវ​ការសង​វិញ​នោះទេ ហើយ​ការប្រើប្រាស់​មូលនិធិ​នេះ គឺជា​ការសម្រេចចិត្ត​ដោយ​ប្រទេស​ដែល​ទទួល​មូលនិធិ​នេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *