ការនាំចេញរបស់កម្ពុជាទៅទីផ្សារជប៉ុននៅបន្តកើនឡើងក្នុងឆមាសទី១ឆ្នាំនេះ

ភ្នំពេញៈកម្ពុជានាំចេញទៅទីផ្សារជប៉ុននៅតែបន្តកើនឡើងទោះបីប្រទេសទាំងពីកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៃការផ្ទុះសហគមន៍ដែលកំពុងញាំញីដល់សកម្មភាពសេដ្ឋកិច្ចនិងសុខភាពប្រជាជនក្តី។

​បើ​យោង​តាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​ជប៉ុន (Jetro) ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ជប៉ុន​ក្នុង​ឆមាស​ទី១ ឆ្នាំ​២០២១ ​មាន​តម្លៃ​ជិត​ ៨១៥​លាន​ដុល្លារ​ កើន​ឡើង​តិច​តួច​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទឹក​ប្រាក់​សរុប​ជាង ១,១​ពាន់​លាន​ដុល្លារ។

ទិន្នន័យ Jetro ​កាល​ពី​ចុង​សប្តាហ៍ បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ​២០២១ ទំនិញ​ដែល​កម្ពុជា​នាំ​ទៅ​ជប៉ុន​មាន​តម្លៃ ៨១៤,៥៣​លាន​ដុល្លារ កើន​ឡើង​ ២,៧​ភាគ​រយ​ពី​ចំនួន ៧៩៤,១៩​លាន​ដុល្លារ ចំណែក​ទំនិញ​ដែល​ប្រទេស​ជប៉ុន​នាំ​មក​កម្ពុជា​វិញ ​មាន​តម្លៃ ២៩៥,២៣​លាន​ដុល្លារ កើន​ឡើង ៣៥​ភាគ​រយ​ពី​ចំនួន ២១៨,៦១​លាន​ដុល្លារ។ ជា​មួយ​កំណើន​ទឹក​ប្រាក់​នាំ​ចេញ និង​នាំ​ចូល​ក្នុង​រយៈ​ពេល​ខាង​លើ​ បាន​ធ្វើ​ឱ្យ​ទឹក​ប្រាក់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ទាំង​២ មាន​តម្លៃ​សរុប ១ ១០៩,៧៧​លាន​ដុល្លារ កើន​ឡើង ៩,៥៧​ភាគ​រយ ធៀប​នឹង ១ ០១២,៨១​លាន​ដុល្លារ​កាល​ពី​ឆមាស​ទី​១ ឆ្នាំ​២០២០។​

ផលិត​ផល​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន​មាន​ដូច​ជា សម្លៀក​បំពាក់​ គ្រឿង​បង្គុំ​អគ្គិសនី ​គ្រឿង​បង្គុំ​អេឡិចត្រូ​និក​ និង​ផលិត​ផលកសិកម្ម ខណៈ​ការ​នាំ​ចូល​ពី​ជប៉ុន មាន​ដូច​ជា គ្រឿង​ម៉ាស៊ីន និង​ផលិត​ផល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើបៗ។​

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ ជប៉ុន​ ក្នុង​ឆ្នាំ​២០២០ មាន​ទឹក​ប្រាក់​សរុប ២ ១០១,៧៨​លាន​ដុល្លារ ធ្លាក់​ចុះ ៨,៣៥​ភាគ​រយ​ធៀប​ឆ្នាំ​២០១៩ ក្នុង​នោះ​ការ​នាំ​ចេញ​មាន​ទឹក​ប្រាក់ ១៦១៧,០៨លាន​ដុល្លារ ធ្លាក់​ចុះ ៦,៦​ភាគ​រយ និង​នាំ​ចូល​មាន​ទឹក​ប្រាក់ ៤៨៤,៧​០​លាន​ដុល្លារ ធ្លាក់ ១៣,៨​ភាគ​រយ​។​ នេះ​បើ​តាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​ជប៉ុន Jetro៕

Leave a Reply

Your email address will not be published. Required fields are marked *