ស្ថាប័នពីរសហការគ្នាលើកស្ទួយវិស័យ SME នៅកម្ពុជា

ភ្នំពេញ៖សហគ្រិនខ្មែរ ដែលជាស្ថាប័នផ្ដល់មូលនិធិដោយ​រដ្ឋា​ភិបាល និង​សភាពាណិជ្ជ​ម្មអាមេរិក​នៅកម្ពុជា (AmCham Cambodia) បានចូលក្នុងកិច្ចព្រម​ព្រៀង​សហប្រតិបត្តិការ​ ដើម្បី​លើកកម្ពស់​ និង​បង្កើតប្រព័ន្ធប្រកបដោយ​និរន្តរភាព និងដែលអាចធ្វើការងារបានសម្រាប់​សហគ្រិន និង​សហគ្រាសធុនតូច និងមធ្យម​ (SMEs) នៅកម្ពុជា។

កិច្ចព្រមព្រៀងអនុស្សារណៈនៃការយោគយល់គ្នា (MOU) នេះ​ចុះហត្ថលេខាដោយ​លោក​បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ​ នាយកប្រតិបត្តិ​សហគ្រិនខ្មែរ និង​លោក អាន់តូនី ហ្គាលីយ៉ាណូ ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិកនៅកម្ពុជា កាលពីថ្ងៃទី​៣ខែ​កញ្ញា​នៅសណ្ឋាគារROSEWOOD PHNOM PENH។

អនុស្សរណៈយោគយល់គ្នានេះនិងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលមានការប្តេជ្ញាចិត្តទៅវិញទៅមកក្នុងការគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឆ្ពោះទៅរកភាពរស់រវើកនិងច្នៃប្រឌិតដែលជាកម្លាំងចលករមួយក្នុងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។

អនុស្សរណៈយោគយល់គ្នានេះបានភ្ចាប់មកជាមួយកិច្ចសហប្រតិបត្តិការក្នុងការរៀបចំព្រឹត្តិការណ៍រួមគ្នាការរៀបចំបណ្តុះបណ្តាលការរៀបចំសិក្ខាសាលាការផ្គូផ្គងអាជីវកម្មការផ្សព្វផ្សាយពាណិជ្ជកម្មព្រឹត្តិការណ៍ប្រកួតប្រជែងនិងការផ្សព្វផ្សាយវប្បធម៌សហគ្រិនរួមគ្នា។

ស្ថិតក្រោមMoU នេះ សភា​ពាណិជ្ជកម្ម​អាមេរិកនៅកម្ពុជា (AmCham) នឹងផ្តល់នូវការពង្រឹង​សមត្ថភាព ផ្តល់ការណែនាំ និងការចែករំលែកព័ត៌មានអំពីអាជីវកម្មអាមេរិកនៅក្នុងប្រទេសកម្ពុជា ទាំងនេះគឺជា ផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរួមគ្នា។

លោកឈៀងវណ្ណមុនិណ្ឌនាយកប្រតិបត្តិនៃសហគ្រិនខ្មែរបានឲ្យដឹង ភាពជាដៃគូទីផ្សារវាង​សហគ្រិន​ខ្មែរ​​ (Khmer Enterprise) និងសភាពាណិជ្ជកម្មអាមេរិក (AmCham) នឹងផ្ដល់ការបង្កើនល្បឿននៃបេសកកម្មរបស់យើងក្នុងការ​​​​គាំទ្រដល់ប្រព័ន្ធអេកូសហគ្រិនភាព។

លោកថ្លែងថា៖ «ជាមួយនឹងអនុស្សរណៈយោគយល់គ្នានេះសភា​ពាណិជ្ជកម្ម​អាមេរិកនៅកម្ពុជា (AmCham) ដែលជាដៃគូថ្មីនឹងរួមចំណែកយ៉ាងសំខាន់ចំពោះចក្ខុវិស័យរបស់យើងក្នុងការក្លាយជាវេទិកាជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនភាព”។

លោក Anthony Galiano បាន​​ឲ្យដឹងថា កិច្ចសហការគ្នានេះ AmChamber នឹងផ្ដល់​អ្នកជំនាញ និងធនធាន ដើម្បីជួយ​ និងគាំទ្រ​សម្រាប់​កែលម្អ​SMEs និង​ធុរកិច្ចបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជា។​

លោក​ថ្លែងថា៖ «​យើងចាប់យកឱកាសនេះប្រកបដោយការប្ដេជ្ញាចិត្ត ក្នុងការ​រួមគ្នាជាមួយ​សហគ្រិន​ខ្មែរ ក្នុងការផ្ដល់​ធនធាន អ្នកជំនាញ និងបណ្ដាញដើម្បីអភិវឌ្ឍ និង​លើកកម្ពស់​ទីផ្សារ​អាជីវកម្ម និង​សេដ្ឋកិច្ច នៅក្នុងប្រទេស​កម្ពុជា ដើម្បីគាំទ្រធុរកិច្ចបង្កើតថ្មី សហគ្រិន និង​ SMEs។ យើង​ប្ដេជ្ញាចិត្តចំពោះការចូលរួមសកម្មភាពនិងលទ្ធផលក្នុងការគាំទ្រសហគមន៍អាជីវ​កម្ម និង​ទីផ្សារ យើង​ប្រតិបត្តិការដើម្បីភាពល្អប្រសើរ​របស់សមាជិកភាព​របស់យើង និងប្រទេស​កម្ពុជា​​»៕

Leave a Reply

Your email address will not be published. Required fields are marked *