សមាគមចំនួន៣ ចុះ MoU ដើម្បី​លើកកម្ពស់​ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ភ្នំពេញៈសមាគម​ធនាគារ​នៅ​កម្ពុជា​(ABC) សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​(CMA) និង​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​(YEAC) បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្សារណៈ (MoU) នៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ ក្នុង​ការ​ចូល​រួម​ចំណែក​លើក​កម្ពស់ និង​បញ្រ្ជាប​ការ​យល់​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ និង​បរិយា​បន្ន​ហិរញ្ញ​វត្ថុ​ក្នុងចំណោម​សហ​គ្រិន​វ័យ​ក្មេង ​ក៏​ដូចជា​សហ​គ្រាស​ធុន​តូចនិង​មធ្យម​នៅ​កម្ពុជា។

ពិធី​ចុះ​ហត្ថ​លេខា​នេះ​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​អនឡាញ (Zoom)កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​មាន​ការ​ចូល​រួម​ពី​បណ្តា​សហ​គ្រាស​ធុន​តូចនិង​មធ្យម​ គ្រឹះ​ស្ថាន​ធនាគារនិង​ហិរញ្ញវត្ថុ​ជា​ច្រើន​។

អនុស្សារណៈ​នេះមាន​គោល​បំណង​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ទាក់​ទង​នឹង​ការ​បណ្តុះ​បណ្តាល ការ​រៀបចំ​ព្រឹត្តិការណ៍ និង​ការ​រៀបចំ​សិក្ខា​សាលា​រួម​គ្នា ដើម្បី​លើក​កម្ពស់​ចំណេះ​ដឹង​ផ្នែកហិរញ្ញ​វត្ថុ បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ (Fin-Tech) សេវា​ឥណទាន​ប្រកប​ដោយ​បរិយា​បន្ន និង​ការ​កសាង​បណ្តាញ​ទំនាក់​ទំនង​ក្នុង​ចំណោម​សហ​គ្រិន​វ័យ​ក្មេង​កម្ពុជា និង​សហ​គ្រាស​ធុន​តូច​និង មធ្យម​នៅ​កម្ពុជា ។

ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​នេះ ក៏​មាន​អមផង​ដែរ​នូវ​វេទិកា​ពិភាក្សា​ពិសេស ស្តី​ពី​«មគ្គទេសក៍ស្តារ​អាជីវ​កម្ម​ក្នុង​បរិបទ​កូវីដ-១៩»។ កិច្ច​ពិភាក្សា​នេះ​បាន​ផ្តោត​លើ​វិធីសាស្ត្រ និង​ឥរិយាបថ ដែលគ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​ប្រតិបត្តិ ដើម្បី​ឆ្លើយ​តប​និង​ជួយ​គាំទ្រ​ដល់​សហ​គ្រាស​មីក្រ សហគ្រាសធុន​តូច​និង​មធ្យម ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូវីដ​១៩។

ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា លោក អ៊ិន ចាន់នី បានឱ្យ​ដឹង​ថា កិច្ច​សហ​ប្រតិបត្តិការ​រវាងសមាគម​ទាំង​បី បាន​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយាបន្ន​ហិរញ្ញ​វត្ថុ​ឆ្នាំ​២០១៩-២០២៥ ក្នុងគោល​បំណង​លើក​កម្ពស់​ការ​យល់​ដឹង និង​ បញ្រ្ជៀប​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​ទៅ​កាន់​សហ​គ្រិន អាជីវកម្ម​ខ្នាត​តូច និង​មធ្យម កសិករ និង សហគ្រិ នវ័យក្មេង។ វា​ក៏​នឹង​ក្លាយ​ជាវេទិកា​ដើម្បី​ឱ្យ​អ្នក​ជំនាញខាង​វិស័យ​ធនាគារនិង​ហិរញ្ញវត្ថុ និង​សហគ្រិន​ក៏​ដូចជា​ម្ចាស់​សហគ្រាស​ធុន​តូចនិងមធ្យម បាន​ជួបពិភាក្សា​គ្នា​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ ឈ្នះ​ៗ​ទាំង​អស់​គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *