CDC អនុម័ត​គម្រោង​វិនិយោគ ៣ តម្លៃ​៨,៥​លាន​ដុល្លារ

ភ្នំពេញៈ គម្រោង​វិនិយោគ​ក្នុង​វិស័យ​វាយនភណ្ឌ​ចំនួន ៣ ដែល​មាន​ទុន​វិនិយោគ​សរុប៨,៥​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ជាង ៤ ៣០០​កន្លែង​ត្រូវ​បាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)អនុម័ត​ក្នុង​សប្តាហ៍​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​CDC ​ឱ្យ​ដឹង​ថា តប​តាម​សំណើ​សុំ​វិនិយោគក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបន​បត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ឱ្យ​ក្រុមហ៊ុនNew T&K Textile Co., Ltdលើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ មាន​ទីតាំង​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជ​ធានី​ភ្នំពេញ ក្រោម​ទុន​វិនិយោគ ២​លាន​ដុល្លារ ​អាច​បង្កើត​ការងារ​បាន ២៣០០​កន្លែង,​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែក​ជើង និង​គ្រឿង​បន្សំ​ស្បែក​ជើង របស់​ក្រុមហ៊ុន Yuan Shen Tai Co., Ltd នៅ​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល មាន​ទុន​វិនិយោគ ៣,២​លាន​ដុល្លារបង្កើត​ការងារ​បាន ៩៧៨​កន្លែង និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែក​ជើង និង​គ្រឿង​បន្សំស្បែក​ជើង របស់​ក្រុមហ៊ុន Fortune Broad Footwear Co., Ltd នៅ​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល មាន​ទុន​វិនិ​យោគ ៣,៣​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន ១០២៨កន្លែង។

កម្ពុជា​រំពឹង​ថា នឹង​អាច​ស្រូប​​​បាន​ការ​ចូល​មក​បណ្តាក់​ទុន​​វិនិយោគកាន់​តែ​ច្រើន​នៅ​ពេលច្បាប់​វិនិយោគ​ថ្មី និង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​លក្ខណៈ​​តំបន់/​ប្រទេស​ចិន ចូល​ជា​ធរមាន ខណៈ​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ​ទើប​ទទួល​បាន​ការ​អនុម័ត​ពី​រដ្ឋសភា​កាល​ពី​សប្តាហ៍​មុន។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បានអនុម័ត​គម្រោង​ចំនួន​ ៧០ ក្រោម​ទុនវិនិយោគ​សរុប ២ ៤២៨ ​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​ការគណនា​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចំពោះតែ​គម្រោង​ត្រូវបាន CDC បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ចាប់ពី​ខែមករា​ដល់​ដំណាច់​ខែ​មិថុនា ឆ្នាំ២០២១៕​

Leave a Reply

Your email address will not be published. Required fields are marked *