ប្រទេស​កម្ពុជា​អាច​នឹង​​បើក​ទ្វារ​ឡើង​វិញក្នុង​ពេល​ឆាប់ៗ

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​បានថ្លែងថា ប្រទេស​កម្ពុជា​អាច​នឹង​​បើក​ទ្វារ​ឡើង​វិញក្នុង​ពេល​ឆាប់ៗ ​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរអន្តរ​ជាតិ​​​ដែល​ចាក់​វ៉ាក់​សាំងប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​រួច​រាល់ ដោយ​ចាប់​ផ្តើម​ពី​ភ្ញៀវ​ជនជាតិចិន ខណៈ​​ស្ថាន​ភាព​នៃ​ការ​ឆ្លងរាល​ដាល​​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​ចិន​បានធ្លាក់​ចុះ​យ៉ាង​ច្រើន​បើ​ធៀប​​នឹង​ប្រទេស​ជា​ច្រើន​​លើ​ពិភព​លោក។

នៅ​ក្នុង​ឱកាស​ប្រកាសបើកយុទ្ធនាការនៃ​ការ​​ចាក់វ៉ាក់សាំង​បង្ការ​​ជំងឺកូវីដ១៩ ជូនដល់កុមារ​អាយុចាប់ពី ៦ឆ្នាំ​ដល់ ១២ឆ្នាំ ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព នាព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​នេះ លោក ហ៊ុន សែន ​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​​​សម្រេច​បាន​លទ្ធ​ផល​ល្អ​ជា​បន្ត​បន្ទាប់​ពី​យុទ្ធនាការ​នៃ​ការ​ចាក់​វ៉ាកសាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ កម្ពុជា​បាន​នឹង​កំពុង​ចាប់​ផ្តើម​បើក​ដំណើរ​ការ​វិស័យ​សំខាន់ៗរបស់​ខ្លួន​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ ដោយ​​ផ្តើម​ដំបូងវិស័យអប់រំ ហើយ​បន្ទាប់​មក​គឺ​​វិស័យសេវាកម្ម​(ទេសចរណ៍) ដែលសេវាកម្ម​នេះ​ត្រូវធ្វើ ២ជំហាន គឺ​ទី១ ជាការ​បើកដំណើរ​ការ​វិស័យ​ទេសចរណ៍ក្នុងស្រុក និង​ទី២ គឺទេសចរណ៍អន្តរជាតិ​ដែល​​​ចាក់​វ៉ាក់សាំងរួច​រាល់​។

លោក​បន្ត​ថា នៅ​ពេលខាងមុខ​អ្នកចាក់វ៉ាក់សាំងគ្រប់ដូស អាចមកកម្ពុជាបាន ប៉ុន្តែអាច​ធ្វើចត្តាឡី​ស័ក​នៅក្របខណ្ឌមូលដ្ឋានខេត្តនោះ រយៈ​ពេល ៧ថ្ងៃ ដោយមិនឱ្យឆ្លង​ទៅ​ខេត្តដទៃឡើយ។ ដោយសារ​កម្ពុជា និង​ប្រទេស​ចិន​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្នា ហើយ​អត្រា​ឆ្លង​ថ្មី​នៅ​ប្រទេស​នេះ​មាន​កម្រិត​ទាប​ខ្លាំង​នោះ ហេតុ​នេះ​កម្ពុជា​អាច​នឹងចាប់​ផ្តើប​បើក​ទទួល​ភ្ញៀវ​ទេសចរចិន​មុន​គេ​។​

លោក​​​ថ្លែង​ថា៖​«​ថ្ងៃ​មុន​វា​ជា​ការ​ភ្លេច​ភ្លាំង​មួយ​របស់​ខ្ញុំ​ដែល​ចង់​ពិភាក្សា​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេសរបស់​ចិន ថាយើងគួរ​​សហការ​គ្នា​ធ្វើ​។ បាន​សេចក្តី​ថា ធ្វើ​ចត្តាឡីស័ក ៧​ថ្ងៃ ប៉ុន្តែ​អ្នក​ឯង​មាន​សិទ្ធិ(ភ្ញៀវ​ទេសចរ)ដើរ​នៅ​ក្នុង​ក្រុង ដែល​អ្នក​ឯក​ធ្វើ​ចត្តាឡីស័ក គឺ​មិន​មែន​ធ្វើ​ចត្តាឡីស័ក​ក្នុង​បន្ទាប់​នោះ​ទេ ហើយ​បន្ទាប់​ពី​ហ្នឹង​ទៅ​អ្នក​ឯង​ផុត ៧​ថ្ងៃ គឺអ្នក​ឯង​​អាច​ចេញ​ទៅ​ខេត្ត​ដទៃ»។ លោក​បន្ត​ថា៖​«​ឥឡូវ​សូម​ជួយ​គិត​គ្នា​ ដើម្បី​ឈាន​ទៅ​រក​ការ​បើក​ទេសចរណ៍​(អន្តរជាតិ​)​ឡើង​វិញ ព្រោះ​កុំ​ភ្លេចឱ្យ​សោះ​​ថា សេដ្ឋកិច្ច​ប្រទេស​ដែល​ជឿនលឿន គឺមាន​ផ្នែក​សេវាកម្ម​នាំ​មុខ​ទាំង​អស់​»។

លោក​បញ្ជាក់​ថា សេវាកម្ម​ គឺ​ជា​វិស័យ​មួយ​ដែល​អាច​រក​ប្រាក់​ចំណូល​ច្រើន​ជាង​គេ​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​រីក​ចម្រើន គឺ​ច្រើន​ជាតិ​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម​ទៀត​ផង​។​

លោក​អះអាង​ទៀត​ថា ការខិត​ខំរបស់​រដ្ឋាភិបាល​ក្នុង​​ស្វែង​រក​​​​វ៉ាក់សាំងមក​ចាក់​ឱ្យ​​​ប្រជាពល​រដ្ឋ​គឺ​មិន​ត្រឹម​តែ​ដើម្បី​​សុខភាព​សាធារណៈ​ និង​អាយុ​ជីវិត​របស់​ប្រជាជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំងសម្រាប់​​សេដ្ឋកិច្ច​ប្រទេស​ជាតិ និង​ការ​បើក​ដំណើរ​ការ​អាជីវកម្ម​គ្រប់​យ៉ាង​ផង​ដែរ​។​ លោក​បញ្ជាក់​ថា៖​«យើង​សុខចិត្ត​ចំណាយ​រាប់​រយ​លាន​ដុល្លារ​រក​វ៉ាក់សាំង​យក​មក​ចាក់ ដើម្បី​ទាញ​យក​មក​វិញ​រាប់​ពាន់​​លាន​ដុល្លារសម្រាប់​សេដ្ឋកិច្ច​កម្ពុជា​»។​​​

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ធ្លាប់​បាន​លើក​ឡើង​ថា កម្ពុជា​មាន​ផែនការ​នឹង​បើក​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​​ចាក់​វ៉ាក់​សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩គ្រប់​ដូស​ចាប់​ពី​​​ត្រីមាស​ទី​៤ ឆ្នាំ​២០២១ នេះ​​តទៅ​៕​

Leave a Reply

Your email address will not be published. Required fields are marked *