ក.ស.ភ. ​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ផ្លូវការ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចំណតផែ​កុងតឺន័រ LM១៧ ជំហានទី៣

ភ្នំពេញៈ កំពង់​ផែស្វយ័ត​ភ្នំពេញ(ក.ស.ភ.) បាន​ប្រកាស​​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៃ​ចំណត​ផែ​កុងតឺន័រ LM១៧ ជំហាន​ទី៣ ដំណាក់​កាលទី១ ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​កុងតឺន័រ​បាន ១០០ ០០០​ TEUs ក្នុង​១​ឆ្នាំ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​កុងតឺន័រ​ឆ្លង​កាត់​ដែល​កំពុង​កើន​ឡើង​ជា​បន្ត​បន្ទាប់ ពិសេស​បន្ទាប់​ពី​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩ មាន​ភាព​ធូរ​ស្រាល​។

ប្រធាន​អគ្គ​នាយក​កំពង់​ផែស្វយ័ត​ភ្នំពេញ លោក ហ៊ឺ បាវី បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ​នៃ​ចំណត​ផែកុងតឺន័រ LM១៧ របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ជំហានទី៣ ដំណាក់​កាល​ទី១ ថា នេះ​ជា​សមិទ្ធ​ផល​ថ្មី​មួយ​ទៀត​របស់​កំពង់​ផែស្វយ័ត​ភ្នំពេញ ដែល​បាន​ពង្រីក​សមត្ថភាព​ផ្ទុក​កុងតឺន័រ​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​កុង​តឺន័រ​ឆ្លងកាត់។ គម្រោង​នេះ​បាន​ប្រើប្រាស់​ទុនវិនិយោគ​ប្រមាណ ១៨,៤ លាន​ដុល្លារ ដែល​ជា​ថវិកា​ផ្ទាល់​របស់ ក.ស.ភ. ទាំងអស់​បាន​មក​ពី​ប្រាក់​ចំណេញ និង​ប្រាក់​សន្សំ​អភិវឌ្ឍ​សហគ្រាស។

ចំណត​ផែ​កុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ នេះមាន​ទីតាំង​នៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយ​ដែក ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល លើ​ផ្ទៃដី​ទំហំ ២,៧៥​ហិកតា។ គម្រោង​នេះ​ស្ថាបនា​ដោយ​ក្រុមហ៊ុន សៀង ហៃ​ខន​ស្ត្រាក់​សិន តាម​រយៈ​នីតិវិធី​ដេញ​ថ្លៃ​អន្តរជាតិ សាធារណៈ ដោយ​បាន​ចាប់​ផ្តើម​សាង​សង់​កាល​ពី​​ចុង​ឆ្នាំ​២០១៩ និង​បញ្ចប់​នា​​ពាក់​កណ្តាល​ឆ្នាំ​២០២១។ បើ​យោង​តាម​លោក ហ៊ឺ បាវី កំណើនកុងតឺន័រឆ្លងកាត់ ក.ស.ភ. ជា​មធ្យម​ប្រចាំ​ឆ្នាំ​មាន​ចន្លោះ​ពី ១៥-១៨%៕​

Leave a Reply

Your email address will not be published. Required fields are marked *