គ្រំចំពុះទាកោះកុងដាក់លក់ជាផ្លូវការនៅផ្សារម៉ាក្រូ

ភ្នំពេញៈផលិត​ផល​គ្រំ​ចំពុះ​ទា​អាហារ​សមុទ្រ​មក​ពី​សហគមន៍​ខេត្ត​កោះ​កុង​មាន​វត្ត​មាន​នៅ​ផ្សារ​ទំនើប​ម៉ាក្រូ​ក្នុង​ខណ្ឌ​សែន​សុខ​រាជ​ធានី​ភ្នំពេញ​ដែល​ជា​ផ្នែក​មួយ​ចូល​រួម​គាំទ្រ​ការ​អភិរក្ស​ដើម​កោង​កាង​ និង​បង្កើន​ចំណូល​សម្រាប់​ប្រជា​សហគមន៍​។នេះ​បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន​។​

លោក​នេត្រ ​ភក្ត្រា ​រដ្ឋ​លេខា​ធិការ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ក្នុង​ឱកាស​នៃ​ការ​ចូល​រួម​ពិធី​ផ្សព្វ​ផ្សាយ​ផលិត​ផល​គ្រុំ​ចំពុះ​ នៅ​ក្នុង​ផ្សារ​ទំនើប​ម៉ាក្រូ ​ កាល​​ពី​ថ្ងៃទី​២២ ​ខែ ​កញ្ញា ​ឆ្នាំ​២០២១​ថា​ នេះ​គឺ​ជា​ជំហាន​ថ្មី​មួយ​សម្រាប់​ពង្រីក​ទីផ្សារ​គ្រុំ​ចំពុះទា​លើ​ទីផ្សារ​ក្នុង​ស្រុក ​និង​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​អគ្គនា​យកដ្ឋាន​សហគមន៍​មូល​ដ្ឋាន​នៃ​ក្រសួង​បរិស្ថាន​ក្នុង​ការ​ជួយ​ដល់​ជីវភាព ​និង​សេដ្ឋ​កិច្ច​គ្រួសារ​របស់​សហគមន៍​តំបន់​ការពារ​ធម្ម​ជាតិ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។

លោក​ថា​៖«​គ្រំ​ចំ​ពុះ​ទា​ជា​ផលិត​ផល​ក្នុង​ស្រុក​ ដែល​សំបូរ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោប​ខេត្ត​កោះកុង ​និង​ជា​និមិត្ត​រូប​ នៃ​និរន្តរ​ភាព​ធន​ធាន​ធម្ម​ជាតិ​កើត​ចេញ​ពី​សុខ​ដុម​រមណីយ​កម្ម​រវាង​សកម្ម​ភាព​សេដ្ឋ​កិច្ច ​និង​ការ​អភិរក្ស​ ពិសេស​ការ​អភិរក្ស​ព្រៃ​កោង​កាង​ ចាប់​ផ្តើម​មាន​វត្ត​មាន​នៅ​លើ​ទីផ្សារ​ទំនើប​ម៉ាក្រូ​ដើម្បី​ចូល​រួម​ជា​ជម្រើស​មុខ​ម្ហូប​ថ្មី​មួយ​ទៀត​សម្រាប់​អ្នក​ចូល​ចិត្ត​អាហារ​សមុទ្រ​»។

ក្នុង​ឱកាស​នេះ ​លោក​បាន​ថ្លែង​អំណរ​គុណ​ដល់​ផ្សារ​ស្នា​ដៃ​ម៉ែ ​និង​ផ្សារ​ម៉ាក្រូ​ដែល​បាន​ជួយ​ចូល​រួម​សហការ​ ជាមួយ​ក្រសួង​បរិស្ថាន​នាំ​យក​នូវ​ផលិត​ផល​ក្នុង​ស្រុក​មួយ​នេះ​មក​លក់​នៅ​លើ​ទីផ្សារ​។​

លោក​​ថា​៖«​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ចូល​រួម​រក​ទីផ្សារ​ជូន​ផលិត​ផល​ក្នុង​ស្រុក ​និង​ក៏ជា​ផ្នែក​មួយ​នៃ​ការ​ចូល​រួម​អភិរក្ស​សមុទ្រ​ជាពិសេស​ចូល​រួម​ក្នុង​ការ​ការ​ពារ​ព្រៃ​កោង​កាង​នៅ​ក្នុង​តំបន់​ខេត្ត​កោះ​កុង​ដែលជា​ប្រភព​សុវត្ថិ​ភាព​ស្បៀង​អាហារ​ដ៏សំខាន់ ​របស់​ប្រជាពល​រដ្ឋ​នៅ​ក្នុង​តំបន់​នោះ​»។

ស្ថិត​ក្រោម​កិច្ច​សហការ​របស់​គម្រោង​និរន្តរភាព​ទេស​ភាព ​និង​ទេសចរណ៍​ធម្ម​ជាតិ​កម្ពុជា​(CSLEP)​​នៃ​ក្រសួង​បរិស្ថាន ​សហការ​ជាមួយ​ផ្សារ​ម៉ាក្រូ​នៅទីក្រុង​​ភ្នំពេញ ​និង​ខេត្ត​សៀមរាប ​បាន​រៀបចំ​បើក​លក់​ផលិត​ផល​គ្រំចំពុះ​ទា​កោះ​កុង​ក្នុង​តម្លៃ​ពិសេស​ចាប់​ពីថ្ងៃ​ទី​២២ ​ខែ​កញ្ញា ​ដល់​ថ្ងៃទី ​០៥​ ខែ​តុលា​ឆ្នាំ​២០២១​៕

Leave a Reply

Your email address will not be published. Required fields are marked *