ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ក្នុង​ស្រុក​កើន​ឡើង​ជិត ៣០​ភាគ​រយ

ភ្នំពេញៈ ភាព​ល្អ​ប្រសើរ​នៃ​អត្រា​ចំនួន​ប្រជាជន​ចាក់​វ៉ាក់​សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ និង​ការ​ចូល​រួម​អនុវត្តន៍​បាន​ខ្ជប់​ខ្ជួន​នូវ​វិធាន​ការ​របស់​ក្រសួង​ទេសចរណ៍ និង​សុខាភិបាល បាន​ធ្វើ​ឱ្យ​ចលនា​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ស្រុក​ចាប់​ផ្តើម​មាន​សម្ទុះ​ជា​បន្ត​បន្ទាប់​ ជាក់​ស្តែង​ចំនួន​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​នា​ថ្ងៃ​ចុង​សប្តាហ៍​ទី​៤ ​ខែ​កញ្ញា ​នេះបាន​កើន​ឡើង​ជិត ៣០​ភាគ​រយ បើ​ធៀប​នឹង​ចុង​សប្តាហ៍ទី​៣។

ទិន្នន័យ​ក្រសួង​ទេសចរណ៍ បង្ហាញ​ថា រយៈ​ពេល​៣​ថ្ងៃ​ចុង​សប្តាហ៍​ទី​៤ ខែកញ្ញា (ថ្ងៃទី​២៤-២៥-២៦) ភ្ញៀវ​ទេសចរ​ផ្ទៃ​ក្នុង ដែល​ចេញ​ដើរ​ទស្សនា​កម្សាន្ត​ទូទាំង​ប្រទេស​ មាន​ចំនួន ១០២ ០៦៣​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ ១០០ ៥១២​នាក់ និង​ភ្ញៀវ​បរទេស(​ផ្ទៃក្នុង) ១ ៥៥១​នាក់។ តួលេខ​នេះ​ បាន​កើន​ឡើង​ប្រមាណ ២៩,១៦​ភាគ​រយ​បើ​ធៀប​នឹង​សប្តាហ៍​ទី​៣ ខែ​កញ្ញា​។

បើ​តាម​ក្រសួង​ទេសចរណ៍ គោលដៅ​ទេសចរណ៍ក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន ៣២ ៧៩៣​នាក់, កំពត ២៤ ៣២៩​នាក់, ​ព្រះសីហនុ ៨ ១៩៨​នាក់, ​កែប ៦ ៧៥០​នាក់, កំពង់ស្ពឺ ៥ ៦០៧​នាក់, ​តាកែវ ៤ ៥៩៨​នាក់, មណ្ឌលគិរី ៤ ២៦២​នាក់ និង​ខេត្ត​ពោធិ៍សាត់ ៣ ៦៣១​នាក់។

រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ឱ្យ​ដឹង​ថា ការ​កើន​ឡើង​នៃ​ចំនួន​ប្រជាពល​រដ្ឋ​ដើរ​កម្សាន្ត​នៅ​ពេល​នេះ គឺ​ដោយ​សារ​ប្រជាជន​មួយ​ចំនួន​បាន​យក​ចង្ហាន់ និង​គ្រឿង​ឧបភោគ​បរិភោគ ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​វត្ត រួច​បន្ត​ដំណើរ​ទៅ​ដើរ​លេង​កម្សាន្ត ។ ចលនា​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ស្រុក​កំពុង​មាន​សម្ទុះ​កើន​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​ធ្លាក់​ចុះ​យ៉ាង​គំហុក​ដោយ​សារ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩។​ លោក​បន្ត​ថា ព្រម​ជា​មួយ​គ្នា​នេះ ក្រសួង​ទេសចរណ៍ ក៏​ដូច​ជា​អាជ្ញាធរ​ពាក់​ព័ន្ធ​ក៏​បាន​នឹង​កំពុង​សហការ​គ្នា​ចុះ​ជំរុញ​ការ​អនុវត្ត​វិធាន ៣ការពារ ៣កុំ សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដា​អប្បបរមា (SOP)នៅ​តាម​មូលដ្ឋាន​អាជីវកម្ម និង​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំង​ប្រទេស​ផង​ដែរ។​

លោក​ថ្លែង​ថា៖​«​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​អនុវត្ត​កាន់តែ​សកម្ម​នូវ​វិធានការ «៣កុំ និង ៣ការពារ» ពិសេស​បាន​ពាក់​ម៉ាស់​ជាប្រចាំ និង​ការជ្រើសរើស​ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​ធម្មជាតិ សហគមន៍ និង​អេកូ​ទេសចរណ៍»។

បើ​តាម​លោក ថោង ខុន គោល​ដៅ​ទេសចរណ៍​ខេត្ត​តំបន់​ឆ្នេរសមុទ្រ និង​គោលដៅ​ទេសចរណ៍ធម្មជាតិ និង​អេកូ​ទេសចរណ៍​នៅ​ខេត្ត​កំពង់​ស្ពឺ មណ្ឌលគិរី និង​ខេត្ត​ពោធិ៍សាត់ បាន​ក្លាយ​ជា​គោលដៅ​ពេញ​និយម​សម្រាប់​ការ​ដើរ​កម្សាន្ត​នា​សប្តាហ៍​កន្លង​មក លើក​លែង​តែ​តំបន់​សៀមរាប​អង្គរ ដែល​កំពុង​បិទ​ខ្ទប់។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក្នុង​ឱកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ដល់​កុមារ​អាយុ​ចាប់​ពី ​៦-១២​​ឆ្នាំ​ កាល​​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហើប​​ថា ​កម្ពុជា​មាន​ផែនការ​នឹង​បើក​ទទួល​ភ្ញៀវ​ទេសចរអន្តរជាតិ​ចាក់​វ៉ាក់​សាំងរួច ឱ្យ​ចូល​មក​កម្សាន្ត​​​​ក្នុង​ពេល​ខាង​​ឆាប់​ៗ ដោយ​អាច​ចាប់ផ្តើម​ពី​ភ្ញៀវ​ទេសចរ​ចិន ដែល​ជា​ប្រទេស​មាន​ការ​គ្រប់​គ្រង​ជំងឺកូវីដ​១៩ បាន​ល្អ​ជាង​គេ​៕​