កម្ពុជាអះអាងថាខ្លួនជាម្ចាស់ស្របច្បាប់នៃប្រេងកាតចំនួន ២៩៥ ០០០បារ៉ែល

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា​បញ្ជាក់ថា ប្រេងឆៅចំនួន ២៩៥ ០០០បារ៉ែលដែលត្រូវបានក្រុមនាវិកនៃនាវា MT​ Strovolos ដែលត្រូវបានចាប់ខ្លួនដោយ​អាជ្ញាធរ​ឥណ្ឌូនេស៊ីនោះ គឺជាកម្មសិទ្ធស្របច្បាប់របស់​ព្រះរាជាណាចក្រកម្ពុជា ។

យោងតាមក្រសួង ម្ចាស់នាវា អ្នកគ្រប់គ្រង និងក្រុមនាវិកនៃនាវា MT Strovolos ត្រូវបានជូន​ដំណឹង​អំពីកម្មសិទ្ធិលើប្រេងកាត និងការបំពានច្បាប់កម្ពុជាតាំងពីប៉ុន្មានខែមុនមកម៉្លេះ ។ ពួកគេ មិនត្រឹមតែ​មិនបានធ្វើសកម្មភាពណាមួយក្នុងការបង្វិលសងប្រេងកាតមកព្រះរាជាណាចក្រកម្ពុជាវិញទេ ប៉ុន្តែ ពួក គេ​ថែមទាំំងធ្វើដំណើរទៅកាន់កំពង់ផែជាច្រើននៅក្នុងប្រទេសថៃ និង ប្រទេសឥណ្ឌូនេស៊ីជាដើម ដោយពួក​គេ​បានបន្តបិទប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិរបស់​នាវាក្នុងរយៈពេលយូរ ពេលដែល ពួក​គេ​ធ្វើដំណើរ រួមទាំងពេល៖ ចាកចេញពីដែនទឹកកម្ពុជាដោយគ្មានការអនុញ្ញាត ចាកចេញពីដែន​ទឹកប្រទេស​ថៃ និង​ចូលទៅកាន់ដែនទឹកប្រទេសឥណ្ឌូនេស៊ី។​

ជាមួយគ្នានេះដែរ ក្រសួងបាន​ពន្យល់ថា ពេលដែលនាវា MT Strovolos ចាកចេញពីដែន​ទឹកកម្ពុជា​ដោយខុសច្បាប់ នាវានេះត្រូវបានជួលដោយក្រុមហ៊ុន KrisEnergyដែលក្រុមហ៊ុនទទួលបានកិច្ចសន្យា​ក្នុងការអភិវឌ្ឍជម្រកប្រេងកាតកម្ពុជា ។ វិវាទរវាងម្ចាស់នាវានិងអ្នកគ្រប់គ្រងនាវា និងក្រុមហ៊ុន KrisEnergy​ពាក់ព័ន្ធនឹងការជួលនាវា ប្រហែលជាបានកើតឡើង ប៉ុន្តែបញ្ហានេះ មិនពាក់ព័ន្ធ​ដល់ព្រះរាជាណាចក្រកម្ពុជាឡើយ ។ ​

ក្រសួងបានថ្លែងថា៖« ប្រេងកាត មិនអាចក្លាយជាកម្មវត្ថុនៃការទាមទាររបស់ម្ចាស់នាវា និងអ្នកគ្រប់គ្រង នាវាMT Strovolos ឡើយ ព្រោះថាប្រេងកាតទាំងនេះ មិនមែនជាកម្ម សិទ្ធិរបស់អ្នកជួលនាវា (ក្រុមហ៊ុន គ្រីសអេនើជី) ទេ។ ដូចបញ្ជាក់កន្លងមក ប្រេងកាតជាទ្រព្យសម្បត្តិ របស់ព្រះ រាជាណាចក្រកម្ពុជា។ គ្មានការទាមទារ​ណាមួយក្រោមកិច្ចព្រមព្រៀងជួលនាវាអាចផ្តល់ ហេតុផល សមរម្យ ឬ អនុញ្ញាតឲ្យនាវាMT Strovolos ចាកចេញ​ពីដែនទឹកកម្ពុជាដោយខុសច្បាប់ ឬ អនុញ្ញាតឲ្យមានរការរំលោភបំពានកម្មសិទ្ធិប្រេងកាតរបស់កម្ពុជាឡើយ ។

ម្ចាស់នៃនាវា MT Strovolosបានថ្លែងការណ៍ថាខ្លួនយកចិត្តទុកដាក់ដល់សុខមាលភាពរបស់​ក្រុមនាវិក​នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន។ ប៉ុន្តែសេចក្តីថ្លែងការណ៍នេះ គឺផ្ទុយទៅនឹងការពិតដែល ក្រុមនាវិករបស់​ពួកគេមិនបានគោរពគោលការណ៍សុវត្ថិភាពនៅលើលំហសមុទ្រឡើយពួក គេបានបិទប្រព័ន្ធ អត្តសញ្ញាណស្វ័យប្រវត្តិរបស់នាវាក្នុងពេលពួកគេធ្វើដំណើរ ហើយផ្ទុយនឹងការណ៍​ដែលពួកគេ ចាកចេញពីដែនទឹកកម្ពុជាដោយ​គ្មានការ​អនុញ្ញាត ឬ ដោយគ្មានសិទ្ធិលើប្រេងកាត​របស់ព្រះរាជាណាចក្រកម្ពុជា» ៕