កម្ពុជានឹងអនុញ្ញាត្តឱ្យចរាចរណ៍សាច់ និងមុខទំនិញបង្កកនាំចូលពីអាចលក់លើទីផ្សារឆាប់ៗ

ភ្នំពេញៈ រដ្ឋាភិបាល​នឹង​អនុញ្ញាត​ឱ្យ​បញ្ចេញ​លក់សាច់​បង្កក និង​មុខ​ទំនិញ​បង្កក​ពី​ប្រទេស​មាន​ហានិភ័យ​ខ្ពស់​នៅ​លើ​ទីផ្សារ​កម្ពុជាឆាប់ៗនេះ​ បន្ទាប់​ពី​គណៈ​កម្មការ​ចំពោះ​កិច្ច​ទប់​ស្កាត់​ការ​រីករាល​ដាល​ជំងឺ​ឆ្លង​កូវីដ​១៩បានធ្វើតេស្តឃើញថា លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ​១៩ គឺ​មាន​កម្រិត​“វិជ្ជមាន”តិច​តួច​បំផុត ​។

ក្នុង​កិច្ច​ប្រជុំ​នៃ​គណៈ​កម្មការ​ចំពោះ​កិច្ច​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​កូវីដ​១៩ពាក់​ព័ន្ធនឹង​ការ​នាំ​ចូល​ទំនិញ​មាន​ហានិ​ភ័យ​ខ្ពស់ មាន​ប្រភព​ពី​ប្រទេស​មាន​ការ​រីក​រាល​ដាល​ខ្លាំង​នូវ​ជំងឺ​ឆ្លង​កូវីដ១៩ ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​វីដេអូ (Zoom) កាល​ពី​ថ្ងៃទី​២០ ខែ​តុលាលោក គុណ ញឹម អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​ជា​ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច បាន​លើក​ឡើង​ថាក្នុង​ចំណោម​ទំនិញ​សាច់​បង្កក​នាំ​ចូល​ចំនួន ១៥០ កុងតែន័រ ដែល​ជា​មុខ​សញ្ញា​ធ្វើ​តេស្ត​រក​វីរុស​កូវីដ១៩ កន្លង​មក គឺ​មាន​តែ ៣ កុងតឺន័រ​ប៉ុណ្ណោះ​ដែល​បាន​រក​ឃើញ​«វិជ្ជមាន» និង​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២១។

លោក​បន្ត​ថា ទន្ទឹម​នឹង​នេះ​ក្រុម​ការងារ​តាម​ដាននិង​វាយ​តម្លៃ​ពី​ស្ថាន​ភាព​នៃ​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩ នៅ​ប្រទេស​សំខាន់ៗ ដែល​នាំ​ចេញ​មុខ​ទំនិញ​សាច់​បង្កក​មក​កម្ពុជា ក៏​បាន​ធ្វើ​របាយការណ៍​ដោយ​បញ្ជាក់​ថា អត្រា​នៃ​ការ​ឆ្លង​នៅ​ប្រទេស​ទាំង​នោះ​បាន​ធ្លាក់​ចុះ​យ៉ាង​ច្រើន ដែល​ជា​កត្តា​កាត់​បន្ថយ​ហានិភ័យ​នៃ​វត្តមាន​វីរុស​កូវីដ​១៩ លើ​សាច់​បង្កក​នាំ​ចូល​មក​កម្ពុជា។

ជា​លទ្ធ​ផល​អង្គ​ប្រជុំ​បាន​ឯកភាព និង​សម្រេច​ធ្វើ​សំណើ​ស្នើ​សុំ​ការ​សម្រេច​ជា​គោលការណ៍​ពី​ថ្នាក់​ដឹកនាំ​លើ​ចំណុច​មួយ​ចំនួន​ដូច​ជា ដក​ចេញ​ការ​តម្រូវ​ឱ្យ​យក​សំណាក​សាច់​បង្កក​នាំ​ចូល​មក​ពី​ប្រទេស​ឥណ្ឌា​ទៅ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ​១៩,រក្សា​ការ​តម្រូវ​ឱ្យ​មាន​វិញ្ញាបនបត្រ​ឬ​លិខិត​បញ្ជាក់​ថា គ្មាន​វីរុស​កូវីដ​១៩ លើ​សាច់​បង្កក​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​នៃ​ប្រទេស​ឥណ្ឌា,បន្ត​អនុវត្ត​ត្រឹម​វិធាន​ការ​អនាម័យ និង​វិធានការ​សុខាភិបាល​លើ​ទំនិញ​ត្រជាក់ និងទំនិញ​បង្កក​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង ដោយ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​លើ​សំបក​វេច​ខ្ចប់ និងមធ្យោ​បាយ​ដឹក​ជញ្ជូន​ទំនិញ, និង​វិធានការ​កែ​សម្រួល​នេះ​នឹង​អនុវត្ត​ចាប់​ពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ២០២១ តទៅ។

កិច្ច​ប្រជុំ​ក៏​បាន​សម្រេច​ទៀត​ថា ក្នុង​ករណី​ស្ថាន​ភាព​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩ នៅប្រទេស​នាំ​ចេញ​កាន់​តែ​ធូរ​ស្រាល វិធានការ​ខាង​លើ​នេះ​នឹង​អាច​ដក​ចេញ​ទាំង​ស្រុង​ចាប់​ពី​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០២២ តទៅ ។

ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២១ បាន​សម្រេច​ផ្អាក​ការ​នាំ​ចូល​សាច់​គោ​និងទំនិញ​ដែល​បង្ក​ទុក​បាន​យូរ​ពី​ប្រទេស​ឥណ្ឌា។ បម្រាម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​រក​ឃើញ​​ប្រភេទ​សាច់​បង្កក និង​ទំនិញ​បង្កក​មួយ​ចំនួន​តូច​មាន​វត្ត​មាន​​វីរុស​កូវីដ១៩ ពេល​ដឹក​មក​ដល់​ប្រទេស​កម្ពុជា គ្រា​ដែល​ប្រទេស​ឥណ្ឌា​កំពុង​ផ្ទុះ​រាល​ដាល​កូវីដ​១៩ធ្ងន់ធ្ងរ។

ទោះ​យ៉ាង​ណា លិខិត​មួយ​របស់​អគ្គ​នាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​កាល​ពី​ថ្ងៃទី​ ១៩ ខែមិថុនា បាន​សរសេរ​ថា យោង​តាម​ស្ថានភាព​ធូរ​ស្រាល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ នៅ​ប្រទេស​ឥណ្ឌា និង​លទ្ធផល​អវិជ្ជមាន​នៃ​ការ​ធ្វើ​តេស្ត​លើ​សាច់​បង្កក​កន្លង​មក រដ្ឋាភិបាល​សម្រេច​លើក​លែង​បម្រាម​លើ​ការ​នាំ​ចូល​សាច់​បង្កក និង​មុខ​ទំនិញ​បង្កក ដែល​អាច​មាន​ហានិភ័យ​ផ្សេង​ទៀត​មាន​ប្រភព​មកពី​ឥណ្ឌា ដោយ​ដាក់​មក​ជំនួស​វិញ​នូវ​វិធានការ​បណ្តោះអាសន្ន​មួយចំនួន។

កម្ពុជា​បាន​នាំចូល​សាច់​ក្របី​តម្លៃ ១៧,៧ ​លាន​ដុល្លារ ពី​ឥណ្ឌា​កាលពី​ឆ្នាំ​ ២០២០ កើនឡើង ១៧០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩៕