រដ្ឋដាក់ឱ្យដំណើការគេហទំព័រដើម្បីសម្រួលអ្នកចូលរួមប្រជុំ ASEM13

ភ្នំពេញៈ កម្ពុជា​​​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​​អាស៊ី-អឺរ៉ុប​លើក​ទី១៣ (ASEM13)​ នឹង​រៀបចំ​«វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប លើក​ទី១(AEEBF1)» ក្រោម​អធិបតី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ខណៈ​​​វេទិកា​នេះ​ត្រូវ​​រំពឹង​ថា ​នឹង​មានការ​ចូល​រួម​យ៉ាង​ច្រើន​ពី​សំណាក់​ថ្នាក់​ដឹក​នាំ អ្នក​ស្រាវ​ជ្រាវ ​អ្នក​ជំនួញ និង​សាធារណជន​ ដើម្បី​​​ជា​ការ​ចែក​រំលែក​នូវ​​​ចំណេះ​​​ដឹង​ថ្មីៗពី​​​​ការ​ធ្វើ​ពាណិជ្ជកម្ម​​អន្តរ​ជាតិ​ប្រកប​ដោយ​និរន្តររភាព​​ក្នុង​បរិបទ​ថ្មី​នៃ​​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩ និង​បដិវត្តឧស្សាហកម្ម​ ​៤.០​។

កិច្ច​ប្រជុំ​​​កំពូល​​អាស៊ី-អឺរ៉ុប​លើក​ទី១៣ នឹង​រៀបចំ​ឡើង​​រយៈពេល​ពីរថ្ងៃ ​ចាប់ពី​ថ្ងៃទី២៥ ​ដល់ថ្ងៃទី​២៦ ខែវិច្ឆិកា ​ឆ្នាំ២០២១​ តាមប្រព័ន្ធ​អនឡាញ។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មថ្លែងថា ក្រសួង​ពាណិជ្ជកម្មនឹង​រៀបចំ «វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប លើក​ទី១ (AEEBF1)» ក្រោមមូលបទ «ការ​ផ្លាស់​ប្តូរ​ទៅ​រកគន្លងប្រក្រតីភាពថ្មី៖ ការ​ធ្វើ​អានុ​ភាវូបនីយ​កម្ម​ខ្សែ​ច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្ម ៤.០» ដែល​នឹង​ប្រព្រឹត្តទៅ​​តាម​រយៈ​ប្រព័ន្ធ​វីដេអូ​ ​នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ដើម្បី​សម្រួល​ដល់​អ្នកចង់​​ចូល​រួម​ស្តាប់​ក្នុង​វេទិកា​នេះ ក្រសួង​​បាន​ដាក់​ឱ្យ​​​​ដំណើរការ​​នូវ​គេហទំព័រ​​ចុះ​ឈ្មោះ​តាម​រយៈ​តំណរ​រ​ភ្ជាប់ https://aeebf.moc.gov.kh/ ផង​ដែរ។

​លោក សុវិជាតិ បានមានប្រសាសន៍ថាប្រធាន​បទ​សំខាន់ៗ​ ដែល​នឹងត្រូវ​​លើក​ឡើង​ក្នុង​វេទិកា​នេះមាន​ដូច​ជា ការ​គាំទ្រ​ប្រព័ន្ធ​ពហុ​និយម, ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត (AI)ដើម្បី​ជំរុញ​កំណើន​ការ​ធ្វើ​ពាណិជ្ជកម្ម, និង​ការ​ធ្វើ​​​សេដ្ឋកិច្ច​បៃតង​ ជា​ដើម​។​ វេទិកា​នេះ​​​ធ្វើ​ឡើង​​ក្រោម​កិច្ចសហការ​ពី​​​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC), សភាពាណិជ្ជកម្ម​កម្ពុជា(CCC), មូល​និធិ​​អាស៊ី-អឺរ៉ុប​(ASEF), ស្ថាប័ន Bruegel និង​ដៃគូ​សហការ​ជា​ច្រើន​ទៀត​។

តាម​ការគ្រោងទុក ក្រសួងពាណិជ្ជកម្ម នឹង​អញ្ជើញ​បណ្តា​ប្រទេស​ជា​សមាជិក ASEM ចូលរួម​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប​លើក​ទី១ រួមមាន សមាជិក​​​អាស៊ាន​ទាំង១០ ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូ​វែ​ល​សែ​ឡង់ ហុង​គ្រី បារាំង អង់គ្លេស រុស្ស៊ី បែ​ល​ហ្សិ​ក អេ​ស្តូ​នី និង​បណ្តា​ប្រទេស​ដទៃទៀត​មកពី​អាស៊ី​និង​អឺរ៉ុប ព្រមទាំង​​អ្នករៀបចំ​គោល​នយោបាយ បញ្ញាវន្ត អ្នកជំនាញការ ប្រធាន​ក្រុមហ៊ុនធំៗ ក្រុម​ធុរជន និង​វិស័យ​ឯកជនជា​ច្រើន​មក​ពី​អាស៊ី និង​អឺរ៉ុប​៕​