កម្ពុជាដាក់ដំណើការជាផ្លូវការគេហទំព័រKhmerSME

ភ្នំពេញៈ ក្រសួង​ឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​នវានុវត្តន៍ បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​គេហទំព័រ KhmerSME«ថ្នាល​ព័ត៌មាន​ឌីជីថលជាតិ​សម្រាប់​សហគ្រាសធុនមីក្រូ តូច និង​មធ្យម» ដែល​គេហ​ទំព័​រនេះ​នឹង​​​ជួយ​ផ្តល់​ព័ត៌​មាន​អាជីវកម្ម​យ៉ាង​ទូលំ​ទូលាយ​និង​សម្បូរបែប​ដល់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​នៅ​កម្ពុជា​។

ការ​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​​នេះ​ត្រូវ​បាន​ធ្វើ​ឡើងតាម​ប្រព័ន្ធ​អនឡាញ ដោយ​មាន​ការ​ចូល​រួម​ពី​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​តំណាង​ស្ថាន​ទូត តំណាង​ក្រសួង​ស្ថាប័នអង្គការ​អន្តរជាតិ និង​តំណាង​វិស័យឯកជន​ផង​ដែរ​។

គេហទំព័រ KhmerSMEគឺ​ជា​ថ្នាល​ព័ត៌មាន​ឌីជីថល បង្កើត​ឡើង​សម្រាប់​សហគ្រាស​ធុន​មីក្រូ តូច និងមធ្យម ក្រោម​កិច្ច​ការ​ជា​មួយ​អង្គការ GIZ។ តាម​រយៈ​KhmerSMEក្រុមហ៊ុន/សហគ្រាស នឹង​អាច​ពង្រឹង​សមត្ថ​ភាព​ខ្លួន និង​ពង្រីក​វិមាត្រ​ធុរកិច្ច​របស់​ខ្លួន​ក្នុង​ការផលិត និង​ផ្តល់​សេវាកម្ម​ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង​។

គេហទំព័រ KhmerSMEនឹង​តភ្ជាប់​ទៅ​គេហទំព័រ ASEAN Access ដែលជា​គេហទំព័រ​មួយ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​តំបន់​អាស៊ាន​ ហើយ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​​១៦ ខែមិថុនា ឆ្នាំ​​២០២១​។

បច្ចុប្បន្ន​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ប្រមាណជាង ៥២ម៉ឺន​មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើតាម​​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​៕