បារាំងបន្តជួយអភិវឌ្ឍវិស័យអាកាសចរស៊ីវិលនៅកម្ពុជា

ភ្នំពេញ៖ កម្ពុជា-បារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការផ្តល់ជំនួយបច្ចេកទេសសម្រាប់គម្រោង​កសាង​សមត្ថ​ភាពក្នុងវិស័យអាកាសចរស៊ីវិលសំដៅធ្វើឲ្យប្រសើឡើង និងលើកកម្ពស់ប្រព័ន្ធសុវត្ថិភាព និង​បរិស្ថាន​អាកាស​យានដ្ឋាន ក៏ដូចជាបង្កើនភាពទាក់ទាញ អ្នកទេសចរតាមផ្លូវអាកាសមក​កាន់ប្រទេសកម្ពុជា​កាន់តែ​ច្រើនបន្ថែមទៀត។  

កិច្ចព្រមព្រៀងនេះត្រូវធ្វើឡើងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) រវាងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ នៅក្នុងពិធីនោះដែរក៏​មានការចូល​រួមពី លោក Damien CAZE អគ្គនាយកនៃអាជ្ញាធរអាកាសរចរណ៍ស៊ីវិលបារាំង (DGAC)ផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានពី SSCA ដែលទទួលបានដោយភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៣ខែវិច្ឆិកា  តាមរយៈ​កិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលបារាំងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៤៥០,០០០ អឺរ៉ូ ដើម្បីអនុវត្ត​គម្រោង​កសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើឲ្យប្រសើឡើង និង​លើកកម្ពស់ប្រព័ន្ធសុវត្ថិភាព និងបរិស្ថានអាកាសយានដ្ឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា​បង្កើន​ភាពទាក់ទាញ អ្នកទេសចរតាមផ្លូវអាកាសមក កម្ពុជា តាមរយៈការជួយទៅដល់ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល អនុវត្តបទប្បញ្ញត្តិសុវត្ថិភាពអាកាសចរ និងពង្រឹងនូវលក្ខខណ្ឌសុវត្ថិភាព និងបរិស្ថាននៅក្នុងអាកាស​យានដ្ឋាន​នៃប្រទេសកម្ពុជា។

គម្រោងនេះផ្តោតលើការងារអាទិភាពចំនួន ៤ រួមមាន ពង្រឹងការគ្រប់គ្រងបរិស្ថានអាកាសយានដ្ឋាន; ផ្តល់ការ​បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពលើការថែទាំបច្ចេកទេសអាកាសយាន;ផ្តល់ការបណ្តុះបណ្តាល និង​អភិវឌ្ឍ​​សមត្ថភាព​ពេទ្យអាកាសចរ និង;ពង្រឹងសុវត្ថិភាពអាកាសយានដ្ឋាន។

លោក ម៉ៅ ហាវណ្ណាល់  យល់ឃើញថាតាមរយះកិច្ចព្រមព្រៀងនេះគឺពិតជាឆ្លើយតប នឹងសេចក្តីត្រូវការ និងការងារជាអាទិភាពនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ 

លោកបានបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖« ពិធីចុះហត្ថលេខានៅថ្ងៃនេះ ជាសក្ខីភាពមួយបង្ហាញពីទំនាក់ទំនង​ដ៏យូរអង្វែង និងជាផ្លែផ្ការវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាង អាជ្ញាធរអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ។ ជាងនេះទៀត វាបានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការវាយតម្លៃខ្ពស់របស់រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង មកលើការដឹកនាំ​ប្រកបដោយគតិបណ្ឌិត របស់ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន»៕