ធនាគារអេស៊ីលីដាទទួលបានចំណាត់ថ្នាក់ល្អសម្រាប់ឆ្នាំ២០២១ពីស្ថាប័ន​វាយ​តម្លៃឥណទាន​អន្តរជាតិ S&P

(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា បន្តរក្សាបានចំណាត់ថ្នាក់ Stand-Alone-Credit Profile (SACP) កម្រិត bb ពីភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poor’s (S&P) Global Ratings និង B+/Stable/B សម្រាប់ Credit Ratings ដែលឆ្លុះបញ្ចាំងអំពីភាពរឹងមាំ និងប្រតិបត្តិការ​ដ៏ល្អរបស់​ធនាគារ បើទោះបីការរីករាលដាលនៃជំងឺកូវីដ១៩បានអូសបន្លាយពេលជិត២ឆ្នាំក្តី។

លោកស្រី ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្តិជាន់ខ្ពស់នៃ ធនាគារអេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍ថានៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ការទទួលបានចំណាត់​ថ្នាក់នេះ​ផ្អែកលើមូលដ្ឋានគ្រឹះធំៗមួយចំនួនគឺ៖ ទី១ គឺស្ថានភាពធុរកិច្ចរឹងមាំ; ស្ថិរភាពលំហូរប្រាក់ចំណូល; និងមូលដ្ឋានប្រាក់បញ្ញើរឹងមាំ និង ទី២គឺ ការគ្រប់គ្រងគុណភាពទ្រព្យសកម្មបានល្អ។

លោកស្រីបានថ្លែងយ៉ាងដូច្នេះថា៖«កត្តាទាំងអស់នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពរឹងមាំនៃបណ្តាញធុរកិច្ចរបស់ធនាគារ តាមរយៈការរក្សាបាននូវកំណើន ជោគជ័យ ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់»។

លោកស្រីបានពន្យល់បន្តទៀតថា៖«Credit rating ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្តល់ជាគំនិត និងការសម្រេចចិត្តបានយ៉ាងឆាប់រហ័សដល់វិនិយោគិន និងអតិថិជនអំពីភាពអាចជឿជាក់បាន ទំនុក​ចិត្ត ជំនឿចិត្ត និងសុវត្ថិភាពក្នុងការវិនិយោគជាមួយធនាគារតាមរយៈការប្រើប្រាស់សេវា ការទិញ​ភាគហ៊ុន ការដាក់ប្រាក់បញ្ញើ ការផ្តល់ប្រាក់កម្ចី ការធ្វើជាដៃគូអាជីវកម្មជាដើម»៕