អេស៊ីលីដាជាធនាគារឈានមុខលើការវិនិយោគផ្នែកបច្ចេកវិទ្យានៅកម្ពុជា

ភ្នំពេញ៖ក្រោយធ្វើប្រតិបត្តិការអស់រយះពេលជិត៣០ឆ្នាំនិងបានក្លាយខ្លួនជាប្រជាធនាគារជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ និងដៃគូរអាជីវកម្មនានា ធនាគារអេស៊ីលីដាតែងតែធ្វើការអភិវឌ្ឍឥតឈប់ឈរជាពិសេសគឺការធ្វើបច្ចុប្បន្នភាពដោយបាននាំយកមកនូវប្រព័ន្ធបច្ចេកវិទ្យាទំនើបៗចុងក្រោយគេបង្អស់ដោយបានប្រែក្លាយខ្លួនពីការផ្តល់សេវាធនាគារបែបប្រពៃណីមកជាប្រព័ន្ធឌីជីថលដ៏សម្បូរបែប  រហ័ស មានសុវត្ថិភាព និងការធ្វើប្រតិបត្តិការស្វ័យសេវាធនាគារ គ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់ដែលជាការឆ្លើយតបទៅនឹងការរីកចម្រើននៃយុគ្គសម័យឌីជីថលនៅប្រទេសកម្ពុជា។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារធនាគារ អេស៊ីលីដា ភីអិលស៊ី បានមាន​ប្រសាសន៍ថា បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា បានបន្តអភិវឌ្ឍឥតឈប់ឈរក្នុងការបង្កើតឲ្យ​មានហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីបម្រើដល់អតិថិជនឲ្យកាន់តែមានភាពងាយស្រួល និងផាសុកភាព ប្រកបដោយក្តីរីករាយ សប្បាយចិត្ត។

លោកស្រីបានបន្តថា«ធនាគារ អេស៊ីលីដា កំពុងបំពាក់បំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យា​ដោយបង្កើតនូវភាពលេចធ្លោ និងទាន់សម័យសម្រាប់អតិថិជន, សាធារណៈជន និងបណ្តាដៃគូ​ពាណិជ្ជកម្ម​​របស់យើង ដែលរួមមាន ម៉ាស៊ីនដាក់ប្រាក់-ដកប្រាក់, ម៉ាស៊ីនដកប្រាក់, ម៉ាស៊ីនបើក​គណនី, ម៉ាស៊ីនបើកគណនីមានកាលកំណត់ និងម៉ាស៊ីនដាក់កាបូបប្រាក់សម្រាប់ដៃគូ ដែលមានការ​ចរាចរ​ក្រដាសប្រាក់ច្រើនប្រភេទទៀត  ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់អតិថិជនសម្រាប់ការ​ប្រើប្រាស់សាច់ប្រាក់ទៅតាមតម្រូវការ បន្ថែមពីលើការប្រើប្រាស់តាម អេស៊ីលីដាម៉ូបាល។»

លោកស្រីនាយិកាបានបន្តថា «អតិថិជនអាចអញ្ជើញទៅដក-ដាក់ប្រាក់បើកគណនីធនាគារឬធ្វើ​វិនិយោគ​​ជាមួយធនាគារដោយខ្លួនឯងផ្ទាល់បាននៅតាមទូម៉ាស៊ីន នៅទូទាំងប្រទេសដោយក្តីរីករាយ​២៤ម៉ោងលើ២៤ម៉ោងដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយពីផ្ទះឡើយដោយអាចស្វែងរកទីតាំងទូម៉ាស៊ីនណាមួយដែលនៅជិតផ្ទះបានយ៉ាងងាយស្រួលនិងមិនជួបមនុស្សច្រើនដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ ។»

ជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសចូលរួមទប់ស្កាត់ការរីករាលនៃ​ជំងឺកូវីដ​១៩​ជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ធនាគារអេស៊ីលីដាបានដាក់ពង្រាយម៉ាស៊ីន​ស្វ័យប្រវត្តិមានបច្ចេកវិទ្យាជាច្រើនទីតាំង និងតែងតែធ្វើការអភិវឌ្ឍក្នុងការផ្តល់សេវាហិរញវត្ថុ​របស់ខ្លួនប្រកបដោយបរិយាប័ណ្ណ៕