តំបន់ទេសចរណ៍បាតសមុទ្រខេត្តព្រះសីហនុនឹងក្លាយទៅជាផលិតផលថ្មីនៃវិស័យទេចរកម្ពុជា

ភ្នំពេញ៖ កម្ពុជាកំពុងធ្វើការរៀបចំតំបន់ តំបន់ទេសចរណ៍បាតសមុទ្រខេត្តព្រះសីហនុដែលនឹង​ក្លាយ​ទៅជា​ផលិតផលថ្មីដ៏ទាក់ទាញមួយសម្រាប់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តមុជ​ទឹក​ និង ទស្សនានូវជីវៈចម្រុះដ៏ច្រើននៅបាត សមុទ្រកម្ពុជា ក្រៅពីគោលដៅទេសចរណ៍ផ្សេងៗទៀត ។

មន្ទីរបរិស្ថានខេត្តព្រះសីហនុ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១  បានសរេសេរនៅលើហ្វេសបុកអម​ជាមួយនឹងរូបភាព ឱ្យដឹងថា  ក្រៅពីនៅលើដី កម្ពុជាក៏មានតំបន់ទេសចរណ៍បាតសមុទ្រដែលអាច ភ្ញៀវទេសចរ​អាចទស្សនាបាននូវជីវៈចម្រុះដ៏ច្រើននៅបាត សមុទ្រកម្ពុជា។

មន្ទីរបរិស្ថានខេត្តព្រះសីហនុបន្តថា  រូបភាពខាងក្រោមទាំងនេះ គឺជាសកម្មភាព​នៃការរៀប​ចំ​ដំណើរ​កម្សាន្ត​ជ្រមុជ​ទឹក​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ ដែល ខ្មែរ ដាហ្វ គ្រុប Khmer Dive Group បាន​ធ្វើ​ឡើងនៅ​តាម​ប្រជុំ​កោះតាង​ ដោយ​មាន​កម្មវិធី​ដូច​ជា​ ការ​ជ្រមុជ​ទឹក​ ការមុជទឹក​មើល​ផ្កា​ថ្ម​ បោះតង់​ អាំង​សាច់​ និង​ កម្មវិធី​វិធី​សប្បាយ​ៗ​ ជា​ច្រើន​ទៀត​។

លោក តាំង សុចិត្រក្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានមានប្រសាសន៍​ឱ្យដឹងថា  តំបន់នេះ​ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីបរិស្ថានខេត្ត និងក្រសួងបរិស្ថាន​ ដោយមានគម្រោង អភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ក្រោមសមុទ្រ ។​

លោកបន្តថា ជាមួយគ្នានេះ មន្ទីរទេសចរណ៍ ខេត្ត តែងតែចូលរួមសហការជានិច្ច ប៉ុន្តែ សម្រាប់គម្រោងអភិវឌ្ឍន៍​ជាក់លាក់ គឺខាង មន្ទីរបរិស្ថាន និងក្រសួងបរិស្ថាន ជា អ្នកអនុវត្ត លើកិច្ចការងារ នេះ  ។

ការរៀបចំឱ្យមានទេសចរណ៍ក្រោមសមុទ្រនេះ គឺជាផលិតផលតថ្មី និង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់​ប្រទេសកម្ពុជា ជាពិសេស ខេត្តព្រះសីហនុ ដែលជាខេត្តគោលដៅទេសចរណ៍ និង មានឆ្នេរសមុទ្រដ៏​ស្រស់​ស្អាត  ត្រូវតែមានផលិតផលទេសចរណ៍ សម្បូរបែប ទាំងលើកគោក  និងទាំងក្នុងទឹកជាពិសេស គឺ  ធនធានធម្មជាតិបាតសមុទ្រដែលមានសក្តានុពល ខ្ពស់  ។

លោកថ្លែងថា៖ «នៅពេលដែលយើងអភិរក្សជីវៈចម្រុះ បានល្អ យើងរៀបចំ  ឱ្យមានសេវាកម្ម ដើម្បីឱ្យភ្ញៀវ អាច ទៅ  ទស្សនា បាន នឹងធ្វើឱ្យគោលដៅនោះ កាន់តែទាក់ទាញបន្ថែមទៀត។ គេចង់ទៅទស្សនា គេចង់ទៅលម្ហែ និងស្នាក់នៅបានយូ​វានឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ​ដែលរកស៊ីក្នុងវិស័យទេសចរណ៍ នេះ បាន​ច្រើនថែម​ទៀត»។​

លោក ស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ឱ្យដឹងថា  ជុំវិញមានគម្រោង ក៏ដូចជាការផ្សព្វផ្សាយនូវផលិតផលទេសចរណ៍ក្រោមសមុទ្ររបស់រាជរដ្ឋាភិបាល គឺជាអ្វីដែលវិស័យឯកជនប្រថ្នាចង់បាន  សម្រាប់ដាក់បញ្ចូលទៅក្នុងផលិតផលកញ្ចប់ទស្សនកិច្ចសម្រាប់ទាក់ទាញភ្ញៀវទេសចរ។

លោកស្រីថ្លែងថា៖ «យើងចង់ឱ្យមានសេវាកម្មនាំភ្ញៀវឱ្យទៅដល់ក្រោមសមុទ្រ  ប៉ុន្តែ ជាមួយគ្នានោះ  ក៏គួតែគិតពីសុវត្ថិភាពជូនដល់ភ្ញៀវទេសចរផងដែរ  ពាក់ព័ន្ធនឹងការដឹកជញ្ជូននៅលើផ្ទៃទឹក ដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរ»។

ទិន្នន័យ​ដែល​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា បង្ហាញ​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០២១ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន ១៣១ ៦៧៤​នាក់ ធ្លាក់​ចុះ ៨៩,៤​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០ ដែល​មាន​ចំនួន ១ ២៤៧ ៦៨០​នាក់។ ក្នុង​នោះ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​មាន​ចំនួន ៦៣ ០៥០នាក់ ស្មើ​នឹង ៤៧,៩​ភាគ​រយ និង​​ផ្លូវ​គោក-ទឹក ចំនួន ៦៨ ៦២៤​នាក់ ស្មើនឹង ៥២,១​ភាគ​រយ​។

បើ​យោង​តាម​ទិន្នន័យ​ខាង​លើ ​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ថៃ បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​ច្រើន​ជាង​គេ ដោយមាន​ចំនួន ៦៤ ៤៥៩​នាក់ ស្មើ​នឹង ៤៩​ភាគ​រយ​នៃ​ចំនួន​សរុប ជន​ជាតិ​ចិន ៣៧ ១៩៧​នាក់, វៀតណាម ៧ ៦៤៩​នាក់, ឥណ្ឌូនេស៊ី ៤ ២១១​នាក់, កូរ៉េ ២ ៩៨៩​នាក់, អាមេរិក ២ ៩៣៤​នាក់, ចិន​តៃប៉ិក ២ ៤៣៤​នាក់, បារាំង ១ ៦២៤​នាក់, ម៉ាឡេស៊ី ១ ៣៣៦​នាក់ និង​ជប៉ុន ១ ២២០​នាក់៕