
ភ្នំពេញ៖ ជាកិច្ចខិតខំប្រឹងប្រែងដើម្បីជម្រុញទំហំនៃការដោះដូរពាណិជ្ជកម្មទ្វេរភាគី កម្ពុជា-វៀតណាម គ្រោងនឹងចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនៅក្នុងខែធ្នូនេះ សំដៅធ្វើយ៉ាងជំរុញ និងលើកកម្ពស់ការដាំដុះ និងនាំចេញទិន្នផលកសិកម្មឱ្យមានកម្រិតខ្ពស់។
លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម បានមានប្រសាសន៍ថា គម្រោងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនេះ គឺជាសំណើរបស់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីកសិកម្មកម្ពុជា លោក វេង សាខុនកាលពីថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅ។
លោកបានបញ្ជាក់បន្ថែមថា ជាមួយនិងកិច្ចព្រមព្រៀងដែលមានស្រាប់ ប្រទេសទាំងពីរមានបំណងដើម្បីធ្វើយ៉ាងណាឱ្យកាន់តែមានភាពប្រសើរឡើងនៃទំនាក់ទំនងពាណិជ្ជកម្ម ការដោះដូរទំនិញជាពិសេសលើកសិកផលកសិកម្ម និងបច្ចេទេសដាំដុះ។
លោកបានបន្ថែមថា ៖« ចំពោះផែនការនៃការចុះកិច្ចព្រមព្រៀងនេះ គឺយើងចង់បានគឺធ្វើម៉េចឲ្យមានចំណូលរបស់កសិករមានកំណើន កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង តាមរយៈលំហូររលូននៃទីផ្សារកសិផល ។តាមពិតទៅ វាមានលក្ខណៈពិសេសដែរ ដែលប្រទេសវៀតណាម ជាប្រទេសជិតខាងរបស់យើងនេះ ដូចនេះរបស់ធ្ងន់ៗដែលយើងដឹកទៅឆ្ងាយ ហើយលក់ហ្នឹង វាមិនចំណេញដូចយើងដឹកទៅជិតទេ»។
លោកបានបន្តថា លោកត្រៀមនឹងកោះអញ្ជើញអ្នកជំនាញនៅតាមអង្គភាពពាក់ព័ន្ធ នៅក្នុងក្រសួងកសិកម្មដើម្បីពិគ្រោះយោបល់គ្នាមុននឹងឈានដល់ការចុះកិច្ចព្រមព្រៀង ជាពិសេសការស្វែងរកផលចំណេញឱ្យបានជាអតិបរមាសម្រាប់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា។
យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៧ ១៣១ ៩១៥,០៤ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស គឺមានការកើនឡើងចំនួន ៣ ៤៤៤ ២៨៨,១៨ តោនស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ៦៨៧ ៦២៦,៨៦ តោន៕