The Taste of Angkor ត្រូវបានជ្រើសរើសជាសៀវភៅមុខម្ហូបអាស៊ីដ៏ល្អផ្តាច់គេ

ភ្នំពេញ៖ សៀវភៅកេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ (The Taste of Angkor)ត្រូវបានជ្រើសរើស​ជា​«សៀវភៅមុខ​ម្ហូបអាស៊ីដ៏ល្អផ្តាច់គេ» (The Best Asian Cookbook) ក្នុងកម្មវិធីតាំង​ពិព័រណ៍Gourmand World Cookbook Award 2021 ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ២០២១។

សៀវភៅកេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ ត្រូវបានរៀបចំឡើងដោយក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនស្រប​តាមយុទ្ធសាស្រ្ត​ការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ​២០២១។ សៀវភៅនេះបានជ្រើសរើសសម្រិតសម្រាំង​យក​មុខម្ហូប និងបង្អែមខ្មែរចំនួន៣៨មុខ ដោយ​ណែនាំ​ពីវិធីចម្អិនងាយៗ និងបានបង្ហាញពីគន្លឹះនៃការជំនួសគ្រឿងផ្សំរបស់ខ្មែរ​មួយចំនួន​ដែល​ងាយស្រួល​រកនៅ​បរទេសព្រមទាំងបានរំលេច និងផ្សព្វផ្សាយពីផលិតផលកម្ពុជា ​ដូចជា ម្រេចកំពត អង្ករផ្កាម្លិះ និងស្ករត្នោត។  នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ការបរទេស និង​សហប្រតិបត្តិ​ការអន្តរជាតិ។

ក្រសួងបានថ្លែងថា៖«ការទទួលបានពានរង្វាន់«សៀវភៅមុខម្ហូបអាស៊ីដ៏ល្អផ្តាច់គេ»នាពេលនេះគឺជា​​មោទន​ភាព​​ជាតិនិងជាសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជាដែល​បានឆ្លុះ​បញ្ចាំង​អំពី​កិច្ចខិតខំ​​ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យការទូតម្ហូបអាហារសំដៅ​ផ្សព្វផ្សាយឱ្យ​ពិភពលោក​បានស្គាល់កាន់តែច្បាស់ពីកេរ្ដិ៍ដំណែលនិងប្រណីតភាពនៃសិល្បៈម្ហូបខែ្មរដែលជាអត្តសញ្ញាណនៃអរិយធម៌ដ៏វិសេសវិសាលរបស់កម្ពុជា»។

ការលើកតម្កើងវិស័យការទូតម្ហូបអាហារនេះ ជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្ត​ការទូតសេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣ ដែលមានគោលដៅលើកស្ទួយកិត្យានុភាពជាតិ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល​ក្នុង​ការឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

កម្មវិធី Gourmand World Cookbook Awardត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយ​លោកEdouard Cointreau ក្នុងគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយវប្បធម៌​​​ម្ហូបអាហារ​ទូទាំង​សកលលោក។ នៅក្នុងឆ្នាំ២០២១នេះ មានការចូលរួមពីប្រទេសចំនួន១៩៨ដោយមាន​សៀវភៅ​សរុប​ចំនួន ៤០០០ក្បាល ដែលត្រូវបានជ្រើសរើសមកប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍នេះ។ គួរបញ្ជាក់ថា ពានរង្វាន់ហ្គ័រម៉ង់ នេះត្រូវបានគេទទួលស្គាល់ថាជា ពានរង្វាន់អូស្ការ សម្រាប់វិស័យ​ម្ហូបអាហារ។

សៀវភៅមុខម្ហូបកេរ្ដិ៍ដំណែល​ស្នាដៃ​ម្ហូបខ្មែររួមជាមួយផលិតផល និងម្ហូបខ្មែរជាច្រើនមុខផ្សេងទៀតក៏ត្រូវ​បានដាក់បង្ហាញនិងដាក់ជាគំរូជូនអ្នកទស្សនាភ្លក់រសជាតិ នៅតាមបណ្ដាប្រទេសនានា​ទូទាំង​ពិភពលោក​ដោយស្ថានតំណាងកម្ពុជានៅបរទេស ក្នុងនោះរួមមាន ប្រទេសចិន ប្រទេសម៉ាឡេស៊ី ប្រទេសស៊ុយអែត ប្រទេសកូរ៉េ ជាដើម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង៕