កម្ពុជាទទួលចំណូលបានជាង១ពាន់លានដុល្លារពីការនាំចេញស្រូវអង្ករ

ភ្នំពេញៈ កម្ពុជា​បាន​នាំ​ចេញ​ស្រូវ-អង្ករ ​ក្នុង​បរិមាណសរុប​ជាង ៣,៦​លាន​តោន ​នា​រយៈ​ពេល ​១១​ខែ​ឆ្នាំ​២០២១ ដោយ​មាន​តម្លៃ​សរុប​ ១ ០០១​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​របាយការណ៍​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កម្ពុជា​​​នាំ​ចេញ​អង្ករ​ក្នុង​បរិមាណ​សរុប ៥៣២ ១៧៩តោន ថយ​ចុះ​ ១១,៤៦ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល ១១​ខែ​ឆ្នាំ​២០២០ ដែល​មាន​ចំនួន ៦០១ ០៤៥​តោន។ ​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​នាំ​ចេញ​អង្ករ​មាន​ចំនួន ៤៥៤ ៤៨០ ៨៦៦ដុល្លារ។ ចំណែក​​ការ​នាំ​ចេញ​ស្រូវ ក្នុង​រយៈ​ពេល​ខាង​លើ​​សម្រេច​បាន​ ៣ ១២៣ ២៤២​តោន​(ទៅ​កាន់​ប្រទេស​វៀតណាម) កើន​ឡើង ៧៥,៧៥​ភាគ​រយ​​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២០។ ទឹក​ប្រាក់​ទទួល​បាន​ពី​ការ​នាំ​​ចេញ​ស្រូវ​ មាន​ចំនួន​ ៥៤៦ ៥៦៧ ៣៥០ដុល្លារ

សម្រាប់​ទីផ្សារ​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា រួម​មាន ​សហភាព​អឺរ៉ុប​(​២២​ប្រទេស) ១៣៤ ៤៣៨​តោន ថយ​ចុះ ២៨,៦៦​ភាគ​រយ, ប្រទេស​ចិន ២៦៥ ២៤៤​តោន កើន​ឡើង ១២,៩០​ភាគ​រយ​, តំបន់​អាស៊ាន​(៧​ប្រទេស) ៥៤ ៣៥០​តោន​ ថយ​ចុះ ៣០,៥១​ភាគ​រយ និង​ទិសដៅ​ដទៃ​ទៀត​(២៤​ប្រទេស)​មាន​បរិមាណ ៧៨ ១៤៧​តោន ថយ​ចុះ ២១,៤៣​ភាគ​រយ​។​ ​អង្ករ​នាំ​ចេញ រួម​មាន ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ ៣៨៩ ៩១២តោន ស្មើ​នឹង​៧៣,២៧​ភាគ​រយ អង្ករ​ស​គ្រប់​ប្រភេទ ១៣២ ៦៧៥​តោន ស្មើ​នឹង ២៤,៩៣​ភាគ​រយ​ និង​អង្ករ​ចំហុយ ៩ ៥៩២​តោន ស្មើ​នឹង ១,៨០​ភាគ​រយ។​

កាល​ពី​ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប ៦៩០ ៨២៩ តោន ដោយមាន​តម្លៃ​ជិត ៥៣៩ លាន​ដុល្លារ កើន​ឡើង ១១,៤០ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៩។ នេះ​បើតាម​ទិន្នន័យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ៕