ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ហ្វីលីពីនរំពឹងថានឹងមានកំណើនច្រើនជាងមុន

ភ្នំពេញៈ កម្ពុជា-ហ្វីលីពិនបានចុះ​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នាដើម្បីជំរុញការដោះដូរពាណិជ្ជកម្ម និងបង្កើនទំហំនៃការវិនិយោគ​បន្ថែមទៀត។

កាល​ពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០២១ លោក​ គិត ម៉េង ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា និង​ លោក ​ Amb. Benedicto V. Yujuicoប្រធាន​សភា​ពាណិជ្ជកម្ម និងឧស្សាហ​កម្ម​ហ្វីលីពីនបានចុះ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា (MoU) តាម​ប្រព័ន្ធ​អនឡាញសំដៅបង្កើនទំនាក់​ទំនង​ពាណិជ្ជកម្ម និង​កិច្ច​សហ​ប្រតិបត្តិការ​អាជីវកម្ម និង​វិនិយោគ​រវាង​ ​ប្រទេស​ទាំង ២។

ការ​ចុះ​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​គណៈ​កម្មាការ​ចម្រុះ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​កម្ពុជា-​ហ្វីលីពីនលើក​ទី៣ ក្រោម​អធិបតី​ភាពលោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​លោក Honorable Teodoro L. Locsin Jr រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​ហ្វីលីពីន។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា៖« MoU នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ចូល​រួម​ជំរុញ និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋ​កិច្ច និងធុរកិច្ច​រវាង​កម្ពុជា និង សាធារណ​រដ្ឋ​ហ្វីលីពីន ក្នុង​វិស័យ​ជា​ច្រើន​ដូច​ជា បច្ចេក​វិទ្យា​ព័ត៌មាន និង​នវានុវត្តន៍ កសិកម្ម កម្មន្ត​សាលអាជីវ​កម្ម​សិទ្ធិ​ពិសេស ទេសចរណ៍ សេវា​កម្ម និង​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូចនិង​មធ្យម»។

សភា​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង ២ ក៏​បាន​សន្យា​នឹង​ចែក​រំលែក​ព័ត៌មាន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ទៀង​ទាត់ ក៏​ដូច​ជា​រៀបចំ​បេសកកម្ម​ធុកិច្ច និង​វិនិយោគ សិក្ខា​សាលា សន្និសីទ ការ​តាំង​ពិព័រណ៍ និង​ជំនួប​ជាណិជ្ជកម្ម ជា​ដើម​។

បន្ថែម​ពី​លើ​នេះ ភាគី​ទាំង ២ ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​បង្កើត​ក្រុម​ប្រឹក្សា​ធុរកិច្ច​ហ្វីលីពីន-កម្ពុជា ដែល​មាន​ទីស្នាក់​ការ​នៅ​សាធារណរដ្ឋ​ហ្វីលីពីន និង​ក្រុម​ប្រឹក្សា​ធុរ​កិច្ចកម្ពុជា- ហ្វីលីពីន ដែល​មាន​ទីស្នាក់​ការ​នៅកម្ពុជា ដើម្បី​ពិភាក្សា​រៀបចំ​ផែនការ​វិនិយោគ​នៅ​ពេល​អនាគត៕