ផលិតផលត្រីប្រាកម្ពុជានឹងធ្វើការនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនឆាប់ៗនេះ

ភ្នំពេញ៖ បន្ទាប់ពីលោក​នាយករដ្ឋ​មន្រ្តីចិន លោក លី ខឺឈាំង LiKeqiang បានយល់ព្រមទៅកាន់លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែនក្នុងការនាំចូលផលិតផលត្រីប្រាកម្ពុជាមកទីផ្សារចិន ក្រុមអ្នកជំនាញចិនបានធ្វើ​ការ​ការសិក្សានិងវិភាគហានិភ័យលើ​តាមរយៈ​វីដេអូចម្ងាយរួចរាល់ហើយកាលពីពេលថ្មីៗនេះដែល​គ្រោងនឹងនាំចេញ​ទៅកាន់ទីផ្សារចិនឆាប់ៗនេះ។

បើយោងតាមលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងក្នុងពិធីសម្ពោធផ្លូវនៅខេត្ត​ព្រៃវែ​ងកាល​ពីពេលថ្មីៗនេះថា ក្រោយពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានជួបគ្នានិងសម្រេចលើ​ការនាំ​ចូល​ត្រីប្រាពីកម្ពុជាទៅចិននោះ ក្រុមការងារជំនាញរបស់ចិនក៏បានធ្វើការសិក្សាត្រួតពិនិត្យគុណភាពតាម​រយះវីដេអូកាលពីពេលថ្មីៗនេះ។

លោក បានលើកឡើងថា៖ «ការសម្រេចនេះ គឺ ដើម្បីអនុវត្តតាមកុងសុងស៊ីសក្នុងកិច្ចប្រជុំ​តាមរយៈ​​វីឌីអូរវាង​លោក​នាយករដ្ឋ​មន្រ្តីចិន លោក លី ខឺឈាំង LiKeqiangនិងសម្តេចតេជោ កាលពី​ពេលកន្លងទៅថ្មីៗនេះ»។

លោកបានបន្ថែមថា តាមរយៈការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ(RCEP)ដែលមានការចូលរួមពីភាគីចិននិងកម្ពុជា ការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជានឹងបញ្ចេញថាមពលកាន់តែខ្លាំងក្លា។

ប្រធានសមាគមវារីវប្បកម្មកម្ពុជា លោក សុខ រ៉ាដែន សាទរចំពោះដំណឹងល្អ ដែលភាគីចិនបាន​សម្រេចចិត្តនាំចូលត្រី​ប្រា​ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាទីផ្សារដ៏ធំមួយសម្រាបើផលិតផល​កសិកម្មកម្ពុជា​ប៉ុន្តែក៏មាន​ការព្រួយបារម្ភពីបញ្ហាប្រឈមមួយចំនួនដូចជា ស្តង់ដាគុណភាព​ សុវត្ថិភាព បរិមាណ និងតម្លៃជាដើម។

លោកបានមានប្រសាសន៍ថា៖«បើសិនជាត្រីប្រាកម្ពុជា អាចនាទៅកាន់ទីផ្សារប្រទេសចិនឆាប់នេះពិតមែន នោះជាដំណឹងល្អមួយសម្រាប់កម្ពុជា ជាពិសេស​កសិករចិញ្ចឹមត្រីប្រាទាំងអស់។ទន្ទឹមនឹងដំណឹងល្អនេះដែរ លោកក៏បានលើកឡើងពីបញ្ហាប្រឈមមួយ​ចំនួន​ផងដែរ ទាក់ទងនឹងការ​ចំណាយថ្លៃដើម​ក្នុងការ​ចិញ្ចឹម»។

លោកសុវណ្ណបានមានប្រសាសន៍ថា តម្លៃត្រីប្រាចិញ្ចឹមក្នុងស្រុក បានធ្លាក់ថ្លៃពី៥០០០រៀល ​មកនៅត្រឹមជាង​៤០០០រៀល​​ក្នុង​មួយ​គីឡូក្រាម ចាប់តាំងពីផ្ទុះកូវីដ១៩មក រហូតដល់បច្ចុប្បន្ននេះ ៕