សាកល​វិទ្យាល័យ​អន្តរ​ជាតិ​ផារ៉ាហ្គន​ចុះ MoU ជា​មួយ​​​វិទ្យា​ស្ថាន​ជាតិ​វិទ្យាសាស្រ្ត បច្ចេក​វិទ្យា និង​នវានុវត្តន៍

ភ្នំពេញៈសាកល​វិទ្យាល័យ​អន្តរ​ជាតិ​ផារ៉ាហ្គន និង វិទ្យា​ស្ថាន​ជាតិ​វិទ្យាសាស្រ្ត បច្ចេក​វិទ្យា និង​នវានុវត្តន៍ នៃ​ក្រសួង​ឧស្សាហកម្មវិទ្យា​សាស្រ្តបច្ចេក​វិទ្យា និង​នវានុវត្តន៍ បាន​ចុះ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា (MoU) ​ ក្នុង​គោល​បំណង​ដើម្បី​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ​អភិវឌ្ឍសេដ្ឋកិច្ច​ជាតិ​ឆ្នាំ​២០៣០-២០៥០ តាម​រយ:​ការ​ពង្រឹង​វិស័យ​វិទ្យា​សាស្រ្ត បច្ចេក​វិទ្យា និងនវានុវត្តន៍។

ពិធី​ចុះMoU ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​តាម​ប្រព័ន្ធ​អនឡាញ ក្រោម​អធិបតី​ភាព​លោក ចម ប្រសិទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ដោយ MoU នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​លោក គួក ហ្វីដេរ៉ូ អគ្គ​នាយក​នៃ​វិទ្យា​ស្ថានជាតិ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក ដេត សុខឧត្តម សាកល​វិទ្យា​ធិការ នៃ​សាកល​វិទ្យា​ល័យ​អន្តរជាតិ​ផារ៉ាហ្គន។

លោក ចម ប្រសិទ្ធ បាន​បង្ហាញ​ការ​សាទរ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​ចុះMoU នេះ និង​មានជំនឿ​ថា​កិច្ច​សហការណ៍​នេះ នឹង​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ការ​រៀបចំ​វេទិកា​វិទ្យា​សាស្រ្ត អភិវឌ្ឍ​សមត្ថ​ភាព​បុគ្គលិក លើក​តម្កើង​គុណ​តម្លៃ នៃ​វិទ្យា​សាស្រ្ត បច្ចេក​វិទ្យា និង​នវានុវត្តន៍ ដើម្បីធានា​បាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​ប្រទេស​កម្ពុជា។

តាម​រយៈ​ MoU នេះ ភាគី​ទាំង ២ នឹង​ធានា​កិច្ច​សហ​ប្រតិបត្តិការ​ដោយ​ឈរ​លើ​គោល​ការណ៍​អត្ថ​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​លើ​ចំណុច​អាទិភាព​រួម​គ្នា​មួយ​ចំនួនដូច​ជា ការ​ស្រាវ​ជ្រាវ​អនុវត្ត និង​ការ​អភិវឌ្ឍ, ​ការ​ជំរុញ​លើក​កម្ពស់​វិស័យ​វិទ្យាសាស្រ្ត​ បច្ចេក​វិទ្យា នវា​នុវត្តន៍ និង​ព័ត៌មាន​វិទ្យា, ការ​បណ្ដុះ​បណ្ដាល និង​ការ​សិក្សា​អំពី​វិទ្យា​សាស្រ្ត​ បច្ចេក​វិទ្យា នវានុវត្តន៍ និង​ព័ត៌មានវិទ្យា, ការ​អភិវឌ្ឍ​សមត្ថ​ភាព​ ការ​បណ្ដុះ​បណ្ដាល និង​ការ​អភិវឌ្ឍ​ជំនាញ​បុគ្គលិក, ការ​អនុវត្ត​ចំណុច​សកម្មភាព​ផ្សេងៗ​ទៀត ដែល​ទទួល​បាន​ការ​ឯកភាព​ដោយ​គូភាគី៕​