ក្រុមហ៊ុនរ៉ូយយ៉ាល់គ្រុបរបស់លោកគិត ម៉េងទិញភាគហ៊ុនក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុន អ៊ិនធើ ឡូជីស្ទិក (ខេមបូឌា) ដែលជាបុត្រ សម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយយ៉ាល់ គ្រុប ​របស់លោក គិត ម៉េងបានសម្រេច ទិញភាគហ៊ុន ចំនួន​ ៤៥,០៩ % នៃភាគហ៊ុន សរុបរបស់ក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិនត ភីអិលស៊ី (ភីភីអេសភី)  ។

តាមរយៈសេក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ២១ ខែធ្នូ​ឆ្នាំ ២០២១ នេះ  លោក គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមហ៊ុន អ៊ិនធើ​ ឡូជីស្ទីក (ខេមបូឌា)​ថ្លែងថា​ ការវិនិយោគភាគហ៊ុននេះ គឺជាការបោះជំហ៊ាន មួយដ៏មានសារៈសំខាន់​សម្រាប់ការអភិវឌ្ឍន៍ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប​។

លោកបន្តថា ភីភីអេសភី   គឺជាក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសមួយ ក្នុងចំណោម ក្រុមហ៊ុនគ្រប់គ្រង​តំបន់សេដ្ឋកិច្ចពិសេសដំបូងគេ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលបានរួមចំណែក ក្នុងការអភិវឌ្ឍនប្រទេសកម្ពុជា តាមរយៈការពាំនាំយកក្រុមហ៊ុន ផលិត និងសេវាកម្មមួយចំនួនជាង ៩៥ ក្រុមហ៊ុន មកពី​១២ ប្រទេស និងការផ្តល់ការងារដល់បុគ្គលិកជាង ៣២០០០ នាក់។

បើតាម​លោក គិត ម៉េង ថា តំបន់សេដ្ឋកិច្ចពិសេស​បានផ្តល់សេវាកម្មដល់ក្រុមហ៊ុន​ដែលមកពី​ប្រទេសជប៉ុន ប្រទេសចិន សឹង្ហបុរី សហរដ្ឋអាមេរិក ម៉ាឡេស៊ី ហូឡង់ និងអូស្រ្តាលី ក្នុងវិស័យផ្សេងៗ គ្នា ដូចជាគ្រឿងន្លាស់រថយន្ត សម្លៀកបំពាក់​អាហារ និងភេសជ្ជៈ និងផលិតផលប្លាស្ទិក ផលិតផលអេឡិកត្រូនិក និងគ្រឿងអលង្ការ ។

លោកថ្លែងថា៖​«នៅក្នុងការវិនិយោគនេះទៀត សោត យើងនឹងធ្វើការយ៉ាងជិតស្និតជាមួយនឹងអ្នកគ្រប់គ្រង របស់ភីភីអេសភី ដើម្បីនាំមកនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ការគ្រប់គ្រង និងយុទ្ធសាស្ត្រ អាជីវកម្ម និងអ្នកវិនិយោគបន្ថែមទៀត ដើម្បីបន្តអភិវឌ្ឍក្រុមហ៊ុន និងរួមចំណែក ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ»។

យោងតាមសេក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា)បញ្ជាក់ ថា  ក្រុមហ៊ុន អេសប៊ីអាយ រ៉យ៉ាល់ ស៊ីឃ្យូរីធី គឺជាក្រុមហ៊ុន ដែលបានជួយរៀបចំ និជាឈ្មួញជើងសានៃប្រតិបត្តិការទិញ-លក់ភាគហ៊ុនរបស់​ក្រុមហ៊ុន​ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (ភីភីអេសភី) ដែលជាតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេ​នៅក្នុង​ប្រទេសកម្ពុជា ។

សេចក្តីប្រកាសព័ត៌មាននេះបន្តថា ក្រុមហ៊ុនភីភីអេសភី គឺជាក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសឈាន​មុខគេ នោកម្ពុជា​ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជា និងបុគ្គលិកបរទេស​ប្រមាណ​៣២.០០០ នាក់  (គិត្រឹមខែវិច្ឆិកា​ឆ្នាំ ២០២១​០​និងបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់ក្រុមហ៊ុន ដែលនៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេសនេះ ដូចជាការលើកលែងលែងពន្ធគយ ពន្ធលើប្រាក់ចំណូល និងពន្ធផ្សេងៗទៀត ជួយកាត់បន្ថយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធទឹកភ្លើង វត្ថុធាតុដើម និងធនធានផ្សេងៗទៀត ដែលបង្កើតការប្រកួតប្រជែង ក្នុងការនាំចេញ និងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជកម្មអន្តរជាតិផងដែរ។

ក្រុមហ៊ុន ភីភីអេសភី កាលថ្ងៃទី ១៩​ខែមេសា​ឆ្នាំ ២០០៦  បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល កម្ពុជា ធ្វើជាក្រុមហ៊ុន អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសៃ ដែលមានអាជីវកម្ម ចម្បងពីការអភិវឌ្ឍនដីឧស្សាហកម្មសម្រាប់លក់ និងជួល។​ លើសពីនេះទៀត ក្រុមហ៊ុន ក៏មានការផ្តល់សេវាកម្មផ្សេងៗ​ទោដល់ក្រុមហ៊ុន ដែលនៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេស ភីភីអេសភី ផងដែរ ដែលរួមមាន ដូចជាការផ្គត់ផ្គង់ និងចែកចាយ ទឹកស្អាត ការថែទាំង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ  សេវាកម្មផ្តល់ប្រឹក្សាយោបល់ ជំនួយកិច្ចការរដ្ឋបាល ប្រព្រឹត្តិកម្មទឹកកខ្វក់ និងសេវាកម្ម ដទៃទៀត។ភីភីអេភី បានក្លាយជាក្រុមហ៊ុន ចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជានៅក្នុងឆ្នាំ​២០១៦។

ប្រតិបត្តិការទិញលក់ភាគហ៊ុននេះ បានទទួលការអនុញ្ញាតយល់ព្រមពីនិយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១  តាមលិខិតលេខ ២០៥០ ៥១​ ខ.ម.ក.៕