កម្ពុជាធ្វើការនាំចេញ-នាំចូលក្នុងទឹកប្រាក់ ២៩ពាន់លានដុល្លារក្នុងរយះពេល៩ខែ

ភ្នំពេញ៖ កម្ពុជាបានធ្វើការនាំចេញនិងនាំចូលមានទឹកប្រាក់ប្រមាណ២៩ពាន់លានដុល្លារក្នុងរយះពេល​៩ខែ​ដើមឆ្នាំ២០២១ ដោយមានការកើនឡើង២០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុដែលបានចេញផ្សាយកាលពីសប្តាហ៍មុនថា ការ​នាំ​ចេញ-​នាំ​ចូល​ទំនិញ​(ដក​មាស)​របស់​កម្ពុជា​ ​រយៈ​ពេល ៩ខែដើម​ឆ្នាំ២០២១ បាន​កើន​ឡើងជាង ២០​ភាគ​រយ ក្នុងទឹកប្រាក់ជាង​ ២៩​ពាន់​លាន​ដុល្លារ។

ចាប់​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ២០២១ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​(ដកមាស) ក្នុង​ទំហំទឹកប្រាក់ជិត ១២,៦៩ពាន់​លាន​ដុល្លារ កើន​​ ២៣​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០។ កំណើន​ នេះ គឺ​ទទួល​បាន​ពី​ការ​នាំ​ចេញផលិត​ផល​វាយនភណ្ឌ, កង់, គ្រឿង​សង្ហារឹម, ស្បែក​សត្វ​មាន​រោម, កៅស៊ូ, ក្តារកុងប្លាកេ, ផ្ទាំង​សូឡា, ខ្សែភ្លើង និង​បង្គុំខ្សែភ្លើង, គ្រឿង​អេឡិចត្រូនិក និង​ផលិត​ផលកសិកម្ម​ ជា​ដើម​។​ ចំណែក​ការ​នាំចូល​ទំនិញ​(ដកមាស)​មាន​ទឹកប្រាក់ ១៦,៥​ពាន់​លាន​ដុល្លារ​​(ស្មើនឹង ៥៧,៦​ភាគ​រយ​​នៃ​ផ.ស.ស​) កើន​ឡើង ២៦,៥​ភាគ​រយ​ ដែល​រួម​ចំណែក​សំខាន់​ពី​ការ​នាំ​ចូល​ក្រណាត់, គ្រឿង​សំណង់ និង​ប្រេង​ឥន្ទនៈ ជា​ដើម​។​

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា៖​«​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​កំណើន​វិជ្ជមាន​ក្នុង​ឆ្នាំ​​២០២១ នេះ​ ដោយសារ​ការ​ងើប​ឡើង​វិញ​នៃ​ស្ថាន​ភាព​សេដ្ឋកិច្ច​សកល, សេដ្ឋកិច្ច​ដែគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា បូករួម​ជា​មួយ​នឹង​ការ​ជំរុញ​ពី​វិស័យ​មួយ​ចំនួន ដូចជា​វិស័យ​កសិកម្ម, កម្មន្តសាលមិន​មែន​កាត់​ដេរ, ដឹក​ជញ្ជូន និង​គមនាគមន៍ និង​លទ្ធ​ភាព​នៃ​ការ​បញ្ជា​ទិញ និង​រោង​ចក្រ​កាត់ដេរ​ពី​ប្រទេស​មីយ៉ាន់ម៉ាមកកាន់​ប្រទេស​កម្ពុជា»។​

ក្នុង​ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុងតម្លៃ ១៧ ២១៥,៣៧ ​លាន​ដុល្លារ កើន ១៦,៧២​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន ១៤ ៧៤៨,៧៤ ​លាន​ដុល្លារ​។ ចំណែក​​ការនាំ​ចូល​មាន​តម្លៃ ១៨ ៥៩០,៤៨​លាន​ដុល្លារ ធ្លាក់​ចុះ ៧,៨៤​ភាគរយ​ពី ២០ ១៧១,៨១ ​លាន​ដុល្លារ​។ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជ​កម្ម​៕​