កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ច្រើនពីRCEP

ភ្នំពេញ ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(អាសិប-RCEP) ត្រូវ​ចូល​ជា​ធរមាន​នៅ​ដើម​ឆ្នាំ​២០២២ ខាង​មុខ ខណះដែរកម្ពុជា​រំពឹង​ថា ការ​នាំ​ចេញ ការ​វិនិយោគ និង​ផលិត​ផល​ក្នុង​ស្រុក​របស់​ខ្លួន​ នឹង​មាន​កំណើន​កាន់​តែ​ខ្ពស់​បន្ថែម​ទៀត ។

​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ឱ្យ​ដឹង​កាលពីសប្តាហ៍មុនថា កិច្ច​ព្រម​ព្រៀង​ RCEPដែល​ជាគំនិត​ផ្តួច​ផ្តើម​របស់​អាស៊ាន និង​បាន​ចាប់​ផ្តើម​ការ​ចរចា​តាំង​ពី​ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃទី១ ខែ​មករា ឆ្នាំ​២០២២ តទៅ។ RCEPគឺ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ដ៏​ធំ​បំផុត​លើ​ពិភពលោក ដែល​មាន​សមា​ជិក​ចំនួន​១៥​ប្រទេស រួម​មាន​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ និង​ប្រទេស​ដៃគូ​ពាណិជ្ជ​កម្ម​សេរី​អាស៊ាន​ចំនួន​៥ គឺ​អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង​ណូវែលហ្សេឡង់។

យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​របស់​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​បូព៌ា (ERIA) បានបង្ហាញ​ថា កម្ពុជា​អាច​នឹង​មាន​កំណើន​ប្រចាំ​ឆ្នាំ​ការ​នាំ​ចេញ​ចំនួន ៧,៣​ភាគ​រយ វិនិយោគ​ ២៣,៤​ភាគ​រយ និង​ផលិត​ផល​ក្នុង​ស្រុក​សរុប​ប្រមាណ ២​ភាគ​រយ​ លើ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ដែល​មាន​នា​ពេល​បច្ចុប្បន្ន។

បើ​តាម​ក្រសួង​ពាណិជ្ជកម្ម កម្ពុជា​នឹង​ទទួល​បាន​ភាព​អនុ​គ្រោះពន្ធ​ពី​កិច្ច​ព្រម​ព្រៀង​នេះ​លើ​ទំនិញ​សំខាន់ៗ​ជាច្រើន ដូចជា​ទំនិញ​កសិកម្ម ទំនិញ​កសិកម្ម​កែច្នៃទំនិញ​ឧស្សាហកម្ម ជា​ដើម។

បន្ថែម​លើ​ការ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​នាំ​ចេញ​នេះ កម្ពុជា ក៏​រំពឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​បន្ថែម​ពី RCEPលើ​ផ្នែក​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដូច​ជា ការ​ផ្ទេរ​បច្ចេក​វិទ្យា ចំណេះ​ដឹង ចំណេះ​ធ្វើ និង​ជំនាញ​ថ្មីៗ​ពី​ការ​វិនិយោគ​ផ្ទាល់​របស់​បរទេស ព្រម​ទាំង​បង្កើត​ការងារ​ថ្មីៗ​ ផង​ដែរ។

លិខិត​ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ថា៖​«​កិច្ច​ព្រម​ព្រៀង​នេះ​ក៏​នឹង​ជួយ​ជំរុញ​កំណើន​នៃ​ការ​នាំ​ចេញ និង​កំណើន​ផល​ទុន​សរុប​ក្នុង​ស្រុក ព្រម​ទាំង​ជួយ​ស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​ឆាប់​រហ័ស ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩​ផងដែរ»។

កិច្ច​ព្រម​ព្រៀង RCEP មាន​គោល​បំណង​បង្កើត​បរិយាកាស​ពាណិជ្ជ​កម្ម​និង​វិនិយោគ​បើក​ចំហ ដើម្បី​សម្រួល​ដល់​ការ​ពង្រីក​ពាណិជ្ជ​កម្មនិង​ការ​វិនិយោគ​ក្នុង​តំបន់ និង​រួម​ចំណែក​ដល់​កំណើន​សេដ្ឋ​កិច្ចនិង​ការ​អភិវឌ្ឍ​សកលលោក​។ RCEP នឹង​ក្លាយ​ជា​ក្រប​ខណ្ឌ​ស្នូល​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ ដើម្បី​ពង្រីក​បន្ថែម​ទៀតនូវ​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ នាំ​មក​នូវ​ឱកាស​ទីផ្សារ​និង​ការងារ សម្រាប់​អាជីវ​កម្ម​និង​ប្រជាជន​នៅ​ក្នុង​តំបន់។

បល​តាម​ក្រសួង​ពាណិជ្ជកម្ម RCEPនឹង​គ្រប​ដណ្តប់លើ​១- ប្រជាជន​ប្រមាណ២,២​ពាន់​លាន​នាក់ ឬ​៣០​ភាគ​រយ​ នៃ​ចំនួន​ប្រជាជន​ពិភព​លោក ២ ផលិត​ផល​ក្នុង​ស្រុក​សរុប​ប្រមាណ ២៦,២ ទ្រី​លាន​ដុល្លារ ឬ ៣០ភាគ​រយ នៃផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក និង ៣ ទំហំ​ពាណិជ្ជ​កម្ម​ចំនួន​ប្រមាណ ២៨​ភាគរយ​ នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភព​លោក​ទាំង​មូល៕