កិច្ចព្រមព្រៀងពាណិជ្ជ​កម្ម និង​ការ​វិនិយោគកម្ពុជា-កូរ៉េនឹងក្លាយជាចលករជំរុញកំណើន

ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម បានថ្លែងអះអាថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-កូរ៉េ (CKFTA) នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​លំហូរ​ពាណិជ្ជ​កម្ម និង​ការ​វិនិយោគ​រវាង​ភាគី​ទាំង​ពីរ ដោយ​នឹង​ផ្តល់​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

ការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ ធ្វើឡើង​ក្នុង​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ ជា​មួយ​គណៈ​កម្មការ​ទី៩ នៃ​រដ្ឋ​សភា ក្នុង​អំឡុង​ពេល​ការ​ពារ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​រវាង​រដ្ឋាភិ​បាល​កម្ពុជា និង​រដ្ឋាភិ​បាល​នៃ​សាធារណ​រដ្ឋ​កូរ៉េ​ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២១។​

លោកថា នៅ​ពេល​កិច្ច​ព្រម​ព្រៀង​នេះ​ចូល​ជា​ធរមាន​វា​នឹង​ផ្តល់​ផល​ប្រយោជន៍សេដ្ឋកិច្ច​ជា​ច្រើន​ដល់​ប្រទេស​ទាំង ២ ក្នុង​នោះ​សម្រាប់​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​ភាព​វិជ្ជមាន​មួយ​ចំនួន​ដូច​ជា ការ​ទទួល​បាន​ទីផ្សារ​នាំ​ចេញ​ផលិត​ផល​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ ការផ្ទេរ​បច្ចេក​វិទ្យា ចំណេះ​ដឹង និង​ជំនាញ​ថ្មីៗ​ពី​ការ​វិនិយោគ​ផ្ទាល់​របស់​ក្រុម​ហ៊ុន​មក​ពី​ប្រទេសកូរ៉េ និង​បរទេស ព្រម​ទាំង​ការ​បង្កើត​ការងារថ្មីៗ​ជា​ដើម។

លោក​ សូរស័ក្តិ បាន​អះអាង​ថា៖​«​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​រវាង​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ នឹង​ក្លាយ​ជា​កម្លាំង​ចលក​រ​ដ៏សំខាន់​ក្នុង​ការ​ជំរុញ​លំហូរ​ពាណិជ្ជ​កម្ម និង​ការ​វិនិ​យោគ​រវាង​ភាគី​ទាំង​ពីរ ដែល​នឹង​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​សេដ្ឋកិច្ច ការ​អភិវឌ្ឍ សុខុមាល​ភាព​ប្រជាជន និង​ការ​ផ្សារ​ភ្ជាប់​ធុរកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​បន្ថែមទៀត»។

​បើយោងតាមទិន្នន័យ​ពី​សមាគម​ពាណិជ្ជ​កម្ម​អន្តរជាតិ​កូរ៉េ ចាប់​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ការ​នាំ​ទំនិញ​ចេញ-ចូល​រវាង​ប្រទេស​កម្ពុជា និង​កូរ៉េ​ខាង​ត្បូង មាន​ទឹក​ប្រាក់​សរុប ៨៦៩,៧៣​លាន​ដុល្លារ កើនឡើង​ ៨,៨​ភាគ​រយបើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០៕