សេដ្ឋកិច្ចកម្ពុជាមានកំណើនរង្វង់ ៣ភាគរយក្នុងឆ្នាំ២០២១កន្លងមកនេះ

ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានថ្លែងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៣ ខែមករា ថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា សម្រេចបានក្នុងរង្វង់ ៣% នៅឆ្នាំ២០២១ ធៀបនឹង -៣,១% ឆ្នាំ២០២០ ជាមួយអត្រាអតិផរណា ២,៩% ដែលជាកម្រិតទាប អាចគ្រប់គ្រងបាន។

លោកបានថ្លែងយ៉ាងដូច្នេះកាលពីថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី១៣ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា ក្នុងពិធី​សន្និបាត​បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងទិសដៅការងារឆ្នាំ២០២២ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ ។

លោកថ្លែងបញ្ជាក់ថា​ សេដ្ឋកិច្ច​កម្ពុជានៅឆ្នាំ២០២១ មានភាពល្អជាងឆ្នាំ២០២០ ដែលគាំទ្រ​ដោយការ​ងើបឡើង​នៃសេដ្ឋកិច្ចពិភព​លោក​​ដែលបានជួយជំរុញការនាំចេញ គួបផ្សំនិងការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាពរបស់​រាជ​រដ្ឋាភិបាល​នូវវិធានការគាំទ្រសេដ្ឋកិច្ច វិធានការគ្រប់គ្រងការឆ្លងរាលដាលនៅក្នុងសហគមន៍ និងការសម្រេច​ចាក់វ៉ាក់សាំង​ដល់​ប្រជាជនបានប្រមាណ ៩០% នៃប្រជាជនសរុប ដែលបានបើកឱ្យសកម្មភាព​សេដ្ឋកិច្ចដំណើរ​ការឡើងវិញជាលំដាប់។

លោកបានថ្លែងបន្ទទៀតថា លោកថា៖«ធនាគារជាតិនៃកម្ពុជាបានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ តាមរយៈ​ការលក់ប្រាក់ដុល្លារអាមេរិកជាង ៥០០ លាន ដើម្បីស្រូបយកប្រាក់រៀលពីសេដ្ឋកិច្ច និងរក្សាអត្រាប្តូរប្រាក់​ទីផ្សារឱ្យមានស្ថិរភាពក្នុងរង្វង់ ៤.០៩៩ រៀលក្នុងមួយដុល្លារអាមេរិក»។

ធនាគារជាតិនៃកម្ពុជាបានបន្តដាក់ចេញវិធានការបុរេសកម្មនានា ជាពិសេស ការបន្តការបន្ធូរបន្ថយបទប្បញ្ញត្តិ និងការអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម ដែលផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសាច់ប្រាក់​គ្រប់គ្រាន់ សម្រាប់ពង្រឹងស្ថានភាពដើមទុន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងហានិភ័យប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំងបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះរៀបចំឥណទានឡើងវិញ សរុបចំនួន ៣៧០.៧៨៥ គណនី ស្មើនឹង ២២,៤ ទ្រីលានរៀល (៥,៥ ប៊ីលានដុល្លារអាមេរិក) ដែលបានសម្រាលបន្ទុករបស់ប្រជាពលរដ្ឋនិងអាជីវកម្មបានមួយកម្រិត។

បើយោងតាមលោក ជា ចាន់តូ ស្របតាមដំណើរការសេដ្ឋកិច្ចនិងការរស់នៅតាមគន្លងថ្មី ធនាគារជាតិនៃកម្ពុជា​បានអភិវឌ្ឍនិងអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិកត្រូនិក ដែលបានសម្រួលដល់ការ​ទូទាត់និង​ការផ្ទេរប្រាក់ ក្នុងប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទាំងក្នុងនិងក្រៅប្រទេស។

លោកថា អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានពង្រឹងជាប្រចាំនូវការអនុវត្ត ច្បាប់ បទប្បញ្ញត្តិ និងកាតព្វ​កិច្ចនានាពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មរបស់បុគ្គលរាយការណ៍។

ជាមួយគ្នានេះដែរ នៅឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានទទួលពានរង្វាន់ជាបន្តបន្ទាប់ ពីទស្សនាវដ្តីអន្តរជាតិ The Banker, ពីភ្នាក់ងារប្រឹក្សាយោបល់និងវាយតម្លៃក្នុងវិស័យហិរញ្ញវត្ថុ The Asian Banker និងថ្មីៗនេះពី​ទស្សនាវដ្តីជប៉ុន Nikkei លើសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាសម្រេចបាន ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ ប្រព័ន្ធទូទាត់ និងសេដ្ឋកិច្ចជាតិ៕