ការស្នើសុំឥណទានតាមប្រព័ន្ធ អនឡាញ របស់ធនាគារអេស៊ីលីដាកំពុងទទួលបានកំណើនខ្ពស់

ក្រុងបាត់ដំបង៖ ជាមួយការវិវឌ្ឍនៃប្រព័ន្ធបច្ចេកវិទ្យា ជាពិសេស​បច្ចេកវិទ្យាហិរញ្ញវត្ថុហៅកាត់ថា Fintech ធនាគារអេស៊ីលីដាបានលើកឡើងថា​ការដាក់ពាក្យស្នើសុំឥណទានតាមប្រព័ន្ធ​ជីឌីថល មានការកើនឡើង​គួរឱ្យកត់សម្គាល់ក្នុងរយះពេល២ឆ្នាំចុងក្រោយនេះដែលធនាគាររបស់លោកទទួលបានការស្នើសុំតាមប្រព័ន្ធអនឡានក្នុងរង្វង់៤០ម៉ឺននាក់គិតចាប់ពីឆ្នាំ២០២០។

លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងឱកាសចុះសួរសុខទុក្ខ និងត្រួតពិនិត្យ​ការិយាល័យ​អេស៊ីលីដាសាខាស្រុកបាណន់ខេត្តបាត់ដំបងកត់សម្គាល់ឃើញថា ចាប់ពីឆ្នាំ២០២០ ចំនួនអ្នកស្នើ​សុំឥណទានតាមបញ្ជរ ឬទីភ្នាក់ងារទូទាំងប្រទេសរបស់ អេស៊ីលីដា មិនសូវមាននោះទេ។ ការធ្លាក់ចុះនេះ គឺបន្ទាប់ពីអតិថិជនភាគច្រើនបានងាកមកប្រើប្រាស់សេវាស្នើសុំឥណទានតាមឌីជីថល ព្រោះវាមានភាព​ងាយស្រួល មិនស្មុគស្មាញ និងចំណាយពេលវេលាតិច។

លោកបានថ្លែងថា៖« គិតចាប់ពីឆ្នាំ២០២០ មកទល់បច្ចុប្បន្ន ចំនួនអ្នកស្នើសុំឥណទានតាមអេឡិចត្រូនិករបស់ អេស៊ីលីដា មានកំណើន៤០ម៉ឺននាក់ ដែលជាចំនួនមួយដ៏ខ្ពស់។ ការកើនឡើងចំនួនអ្នកស្នើសុំ​ឥណទាន​តាម​ឌីជីថល​នេះកើតឡើងក្រោយអេស៊ីដាបានខិតខំអភិវឌ្ឍន៍ផលិតផល និងសេវាកម្មឌីជីថលជាបន្តបន្ទាប់​ក្នុងការបម្រើអតិថិជន ឲ្យស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ»។

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា នៅឆ្នាំ២០២១ អេស៊ីលីដាបានទទួល​ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចចំនួន៨៥លានប្រតិបត្តិការកើនឡើង៦១% ដែលមានទំហំទឹកប្រាក់​ចំនួន​៣៤ពាន់លានដុល្លារអាមេរិកកើនឡើង៩០% បើធៀបនឹងឆ្នាំ២០២០។

លោកស្រីបានថ្លែងបន្តទៀតថា ការទូទាត់ប្រាក់តាមអេឡិចត្រូនិក​របស់អេស៊ីលីដាបានរួមចំណែកទីផ្សារ​ប្រតិបត្តិការ១២,១៩% និងទំហំប្រតិបត្តិការ១៧,១៦% នៃចំនួនប្រតិបត្តិការសរុបរបស់វិស័យធនាគារ និងហិរញ្ញវត្ថុនៅឆ្នាំ២០២១។

បើយោងតាមលោកបណ្ឌិត អ៊ិន ចាន់នីបានគូសបញ្ជាក់បន្ថែមថា ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល​របស់ធនាគារ​អេស៊ីដាបច្ចុប្បន្នមានរហូតដល់៩៤% ខណៈអ្នកប្រើប្រាស់សេវាទីភ្នាក់ងារ និងបញ្ជរមានតែ៦% តែប៉ុណ្ណោះ។ ទោះបីយ៉ាងនេះក្តីលោកបណ្ឌិត អ៊ិន ចាន់នី អះអាងថា អេស៊ីលីដានឹងបន្តពង្រីកការិយាល័យនៅតាមរាជធានី​ខេត្តឲ្យកាន់តែច្រើនបន្ថែមទៀតនៅឆ្នាំ២០២២ នេះ ដើម្បីឆ្លើយតបនឹងកំណើនរបស់អ្នកប្រើប្រាស់នាពេល​បច្ចុប្បន្ន។ លោកបណ្ឌិត បន្ថែមថា ក្នុងចំណោមប្រាក់បញ្ញើសន្សំសរុបរបស់អេស៊ីលីដាជាង៥ពាន់៤​រយលាន​ដុល្លារអាមេរិក មានការរួមចំណែក៧០% ពីអតិថិជននៅរាជធានីភ្នំពេញ រីឯទំហំឥណទានដែលមានជាង​៥ពាន់លានដុល្លារអាមេរិកដូចគ្នា៧០% ត្រូវបានក្តោបក្តាប់ដោយអតិថិជនតាមបណ្តាខេត្ត។ 

មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់កាលពីពេលថ្មីៗថា នៅឆ្នាំ២០២១គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ​បានធ្វើប្រតិបត្តិការទូទាត់ប្រាក់តាមអេឡិចត្រូនិកមានជិត៧រយលានប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់ជិត​២រយពាន់លានដុល្លារអាមេរិកស្មើនឹង៧៨៧% នៃផលិតផលសរុប៕